វៀតណាមស្នើកម្ពុជាឲ្យទប់ស្កាត់ព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី

លោក ហ៊ុន សែន (ស្តាំ) និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបប្រជុំទ្វេភាគីនៃកិច្ចប្រជុំ CLV កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៦ នៅខេត្តសៀមរាប (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

មេដឹកនាំវៀតណាម បានស្នើទៅមេដឹកនាំកម្ពុជា ឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីបញ្ចៀសព័ត៌មានមិនពិត ដោយថា ព័ត៌មានទាំងនោះ បានជះឥទ្ធិពលដល់ទំនាក់ទំនងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក កាលពីថ្ងៃម្សិលមិញនេះ នៅក្រៅកិច្ចប្រជុំកំពូលលើកទី៣ នៃគណៈកម្មការទន្លេមេគង្គ នៅឯខេត្តសៀមរាប។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា អំឡុងជំនួបទ្វេភាគីនោះ មេដឹកនាំវៀតណាម លោក ង្វៀន សួនហ៊្វុក បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការផ្លាស់ប្ដូរព័ត៌មាននឹងគ្នា ដើម្បីបញ្ចៀសព័ត៌មានមិនពិត។

បើតាម Fresh News សំណើរបស់មេដឹកនាំវៀតណាម ត្រូវបានលោក ហ៊ុន សែន ក៏បានទទួលយកហើយ បន្ទាប់ពីមេដឹកនាំវៀតណាម បានលើកឡើងថា ព័ត៌មានមិនពិតនោះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មេដឹកនាំវៀតណាមបានស្នើមកមេដឹកនាំកម្ពុជាបែបនេះ តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មាន Asia Times បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «លោក ហ៊ុន សែន កំពុងប្រឈមមុខនឹងការបាត់បង់សម្ព័ន្ធមិត្តចាស់»។

សារព័ត៌មានអនឡាញមួយនេះ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនោះ បានចុះផ្សាយបែបនេះ ដោយបានអះអាងថា ខ្លួនបានដកស្រង់សម្ដីប្រភពមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម ដែលមន្ត្រីអនាមិកបានលើកឡើងថា វៀតណាមមិនពេញចិត្តនឹងនយោបាយរបស់លោក ហ៊ុន សែន ហើយថែមទាំងប្រាប់ទៅមេដឹកនាំកម្ពុជារូបនេះ ឲ្យចុះចេញពីតំណែង ក្រោយការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ បានទទួលស្គាល់ថា ព័ត៌មានមិនពិត ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ប៉ុន្តែ លោកថា ភាគច្រើននៃព័ត៌មានទាំងនោះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម ដោយពុំមានប្រភពច្បាស់លាស់នោះឡើយ។

លោកបន្តថា បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៅពេលដែលអ្នកសារព័ត៌មានសរសេរខុសដោយអចេតនាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសជិតខាងនោះ ពួកគេអាចសុំកែតម្រូវបាន ដោយមិនមានការដាក់ទោសទណ្ឌ ឬត្រូវជាប់ពន្ធនាគារដោយសារការបញ្ចេញមតិខុសនោះទេ។

លោកថា៖ «អ្នកសារព័ត៌មានចាំបាច់ត្រូវពិនិត្យឡើងវិញកាតព្វកិច្ចនៃការគោរពក្រមសីលធម៌របស់យើង ក៏ដូចពិនិត្យមាត្រានានា ដែលបានចែងនៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មានរបស់ប្រទេសកម្ពុជាយើង ដើម្បីយើងអាចជួយផ្ដល់ព័ត៌មានដល់សង្គម ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ក៏ដូចជាជូនទៅដល់រដ្ឋាភិបាល ដើម្បីឲ្យយើងអាចធ្វើការអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជា សង្គមគ្រួសារកាន់តែរីកចម្រើនទៀត»។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលនៅតែអះអាងពីទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងកម្ពុជា និងវៀតណាមដដែល បើទោះបីជាកម្ពុជាមានទំនាក់ទំនងកាន់តែល្អជាមួយប្រទេសមហាអំណាចចិនក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ