ភ្នំពេញប៉ុស្ដិ៍សុំពន្យារពេលអនុវត្តសាលដីកាក្រោយតុលាការព្រមានរឹបអូសទ្រព្យសម្បត្ដិ

នារីម្នាក់កំពុងតែអានកាសែតភ្នំពេញប៉ុស្តិ៍

កាសែតភ្នំពេញប៉ុស្ដិ៍ស្នើសុំរយៈពេល២០ថ្ងៃបន្ថែមទៀត ដើម្បីតតាំងក្ដីនៅតុលាការកំពូល បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្តសាលដីកា កាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធនឹងវិវាទការងារ រវាងអតីតអគ្គនាយក និងម្ចាស់ស្ថាប័នកាសែតបរទេសមួយនេះ។

កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ដ្រីតុលាការដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូង​រាជធានីភ្នំពេញ លោក ខាំ សុផារី បានចុះទៅអនុវត្តសាលដីកាដោយផ្ទាល់ នៅស្នាក់ការកណ្ដាលស្ថាប័នកាសែតភ្នំពេញប៉ុស្ដិ៍ ដែលសម្រេច​ឲ្យ​អតីត​អគ្គ​នាយក លោក Chris Dawe ឈ្នះ​ក្ដី​ជុំ​វិញ​បណ្ដឹង​របស់​​លោកនៅក្នុងវិវាទ​ការងារ។

បើតាមមន្ដ្រីដែលចុះទៅអនុវត្តសាលដីកាកាលពីម្សិលមិញបានឲ្យដឹងថា ស្ថាប័នព័ត៌មានភ្នំពេញប៉ុស្ដិ៍ មានរយៈពេល១៥ថ្ងៃ ដើម្បីទូទាត់សំណងទឹកប្រាក់២៦ម៉ឺនដុល្លារ ឲ្យទៅលោក Chris Dawe។ ប៉ុន្ដែ បើផុតរយៈពេលនេះ ហើយគ្មានការទូទាត់សំណង តុលាការនឹងរឹបអូសយកទ្រព្យសម្បត្តិរបស់ស្ថាប័នកាសែតមួយនេះ សងទៅដើមបណ្ដឹង។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ អគ្គនាយកបច្ចុប្បន្នរបស់កាសែតភ្នំពេញប៉ុស្ដិ៍ លោក Marcus Holmes បកស្រាយថា លោកបានស្នើសុំពន្យារពេលបន្ថែម២០ថ្ងៃ ដើម្បីប្ដឹងជំទាស់និងសាលាដីកាសាលាឧទ្ធរណ៍ ទៅកាន់តុលាការកំពូល។

លោក Marcus Holmes បញ្ជាក់ថា ស្ថាប័នព័ត៌មានមួយនេះ មិនបានរំលោភសិទ្ធិបុគ្គលិកនោះទេ ដោយថា លោក Chris Dawe បានក្លែងបន្លំឯកសារ ដើម្បីផលប្រយោជន៍ខ្លួនឯង និងថា នេះគឺជាការប្រព្រឹត្តខុសធ្ងន់ធ្ងរ ពុំអាចលើកលែងបាន។ ជារួម លោកថា ការបណ្ដេញអតីតអគ្គនាយកចេញពីការងារ គឺជារឿងត្រឹមត្រូវ និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

VOD មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា​បានទេនៅថ្ងៃនេះ។ ប៉ុន្ដែ លោកបានប្រាប់ VOD កាលពីម្សិលមិញថា នេះគឺជាវិធានការចាប់បង្ខំក្នុងសំណុំរឿងរដ្ឋប្បវេណី និងមិនជាប់ពាក់ព័ន្ធរឿងព្រហ្មទណ្ឌឡើយ។

កាសែតភ្នំពេញប៉ុស្តិ៍គឺជាសារព័ត៌មានដែលផ្សាយព័ត៌មានទូទៅ រួមទាំងព័ត៌មានពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល​ដូចជា អំពើពុករលួយ កាប់បំផ្លាញព្រៃឈើ  និងភាពអយុត្តិធម៌ជាដើម​។ កាសែតនេះ ក៏ទទួលរងប្រតិកម្មតបពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាបន្តបន្ទាប់ដែរ។​

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ សង្ស័យថា ចំណាត់ការប្រឆាំងកាសែតភ្នំពេញប៉ុស្ដិ៍ ហាក់មានភាពមិនប្រក្រតីមួយចំនួន  ឬអាចលាយឡំនឹងមូលហេតុនយោបាយ​។ លោករិះគន់ថា ស្ថាប័នព័ត៌មានណា ដែលហ៊ានផ្សាយការពិតរិះគន់រដ្ឋាភិបាលនោះ ពួកគេតែងតែទទួលរងការគំរាមកំហែង និងផ្អាកដំណើរការ ដូចជា កាសែត ខេមបូឌា ដេលី ជាដើម។

លោកថា៖ «ចំពោះខ្ញុំផ្ទាល់ ខ្ញុំកំពុងតែមានការសង្ស័យថា រឿងនេះ មិនមែនត្រឹមតែទាក់ទង​រឿងបុគ្គលទេ អាចនឹងទាក់ទងនឹងរឿងនយោបាយ ឬដាក់សម្ពាធមួយទៀត។​ យើងឃើញថា កាសែតណាក៏ដោយ បើមាននិន្នាការប្រឆាំង ឬនិយាយការពិត​ ច្រើនតែរដ្ឋាភិបាល ឬអ្នកមានអំណាច គាត់តែងតែរករឿងដើម្បី​បិទ នេះជាការកត់សម្គាល់»។

អតីត​អគ្គ​នាយកកាសែតភ្នំពេញប៉ុស្ដិ៍ លោក Chris Dawe បានចូលកាន់តំណែងនេះនៅខែមីនាឆ្នាំ២០១២ ហើយលោកត្រូវបានបណ្ដេញចេញវិញនៅឆ្នាំ២០១៥។

សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ត្រូវ​បាន​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយកាលពីពេល​ថ្មីៗ​​ថា កំពុង​ស្ថិត​​ក្រោម​ការ​ស៊ើប​អង្កេត​ពន្ធពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និង​ប្រឈម​មុខ​និងការតម្រូវឲ្យបង់​​ប្រាក់ ៣,៩​លាន​ដុល្លារ ជុំ​វិញ​ការ​ខក​ខាន​មិន​បាន​រាយការណ៍​អំពី​ការ​ផ្ទេរ​ប្រាក់ ២,៥​លាន​ដុល្លារ​ពី​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន ចាក់​បញ្ចូល​ក្នុង​គណនី​សារព័ត៌មាន​មួយ​នេះ។

ទោះជាយ៉ាងណា អគ្គ​នាយក​បច្ចុប្បន្ន​របស់​កាសែត​នេះ លោក Marcus Holmes បាន​ច្រាន​​ចោល​នូវ​ព័ត៌មាន​បែប​នេះ ដោយ​បញ្ជាក់​ថា ការ​ជជែក​អំពី​បញ្ហា​ពន្ធ មិន​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរការ​របស់​សារព័ត៌មាន​មួយ​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ