តុលាការ បានសម្រេចច្រានចោលសំណើបស់អតីតតំណាងរាស្ត្របក្សប្រឆាំង ដែលបានស្នើសុំចូលសួរសុខទុក្ខមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ នៅក្នុងសំណុំរឿងដែលរដ្ឋាភិបាលចោទថា «ក្បត់ជាតិ»។
លោក កង គឹមហាក់ អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមមកពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុននោះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានដាក់លិខិតទៅតុលាការរាជធានីភ្នំពេញ ដើម្បីស្នើចូលសួរសុខទុក្ខមេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
ប៉ុន្តែ ក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចមិនអនុញ្ញាតឲ្យលោក កង គឹមហាក់ ចូលសួរសុខទុក្ខលោក កឹម សុខា នោះឡើយ។
លោក គី ឫទ្ធី បានសម្រេចបែបនេះ ដោយលើកហេតុផលថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្រោមការស៊ើបអង្កេត និងស្រាវជ្រាវពីសំណាក់តុលាការនៅឡើយ។
ផ្ទុយទៅវិញ ចៅក្រមរូបនេះបានបញ្ជាក់ថា មានតែមេធាវី និងក្រុមគ្រួសារលោក កឹម សុខា តែប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខ។
ក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតជាបន្តបន្ទាប់ទៅតុលាការ ដើម្បីស្នើសុំចូលសួរសុខទុក្ខមេដឹកនាំរបស់ពួកគេ ប៉ុន្តែ សំណើរបស់ពួកគេ ត្រូវបានតុលាការបដិសេធជាបន្តបន្ទាប់។
មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជាង ៦ខែមកហើយ ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញាឆ្នាំមុន ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» និង «ឃុបឃិត» ជាមួយបរទេស ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានបដិសេធចំពោះការចោទប្រកាន់នេះ៕