នាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចេញសារលិខិតជូនពរឆ្នាំថ្មី ភ្ជាប់ទៅនឹងការរំឭកពីជ័យជម្នះដែលអាជ្ញាធរបង្ក្រាបបក្សប្រឆាំង និងប្តេជ្ញាធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
សារលិខិតចុះថ្ងៃទី៣ ខែមេសា លោក ហ៊ុន សែន ក្រៅពីបួងសួងសុំទេវតាឆ្នាំថ្មីឲ្យជួយថែររក្សាដល់ជនរួមជាតិ លោកបានរំឭកថា៖ «ក្នុងឆ្នាំកន្លងទៅ ទោះបីកម្ពុជាបានប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាង ទាំងក្នុង និងក្រៅប្រទេសក៏ដោយ ក៏ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិ ត្រូវបានពង្រឹងយ៉ាងរឹងមាំ ធានាកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិទាំងមូល ពិសេសឧបាយកលបដិវត្តពណ៌របស់គណបក្សប្រឆាំង ដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក៏ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ហើយក៏ជាឆ្នាំដែលបដិវត្តន៍ពណ៌ត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាផងដែរ»។
ប៉ុន្តែ អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី ប្រាប់VOD កាលពីសប្តាហ៍មុនថា បើអ្នកនយោបាយនៅតែបោះដុំភ្លើងដាក់គ្នាដូចបច្ចុប្បន្ន លោកថា ប្រទេសជាតិប្រឈមនឹងការបែកបាក់។
ទោះជាយ៉ាងណា ក្នុងសារលិខិតបានសរសេរថា សម្រាប់ឆ្នាំថ្មី លោក ហ៊ុន សែន ប្ដេជ្ញាថា រាជរដ្ឋាភិបាលនឹងខិតខំពុះពារដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្លាប់ ធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅតាមអភិក្រម«ឆ្លុះកញ្ចក់ ងូតទឹក ដុះក្លែល ព្យាបាល និងវះកាត់»ពង្រឹងអភិបាលកិច្ចល្អ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស កែលំអប្រព័ន្ធអប់រំ គុណភាពសេវាសុខាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម និងសេវាកម្មដឹកជញ្ជូន ឲ្យកាន់តែរីកចម្រើនថែមទៀត៕