អាជ្ញាធរជាតិអប្សរា គ្រោងនឹងរៀបចំធ្វើកំណាយស្រះទឹកខាងជើង និងខាងត្បូងក្នុងប្រាសាទអង្គរវត្ត ដើម្បីពិនិត្យមើលរចនាសម្ព័នស្រះទឹក មុននឹងឲ្យអ្នកជំនាញធ្វើការជួសជុល។
បើតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសាឲ្យដឹងថា ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកឲ្យជំនាញធ្វើការជួសជុល ស្របទៅតាមលំនាំចាស់ និងជៀសវាងផលប៉ះពាល់ណាមួយ។
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក លី វណ្ណា ឲ្យដឹងថា គម្រោងជួសជុល និងស្ដារឡើងវិញនេះ ដើម្បីរក្សាទឹកក្នុងស្រះឲ្យនៅបានយូរជាមុន។ លោកបន្តថា ក្រៅពីនោះ រក្សាទឹកក្នុងស្រះឲ្យនៅបានយូរនេះ ក៏ជាផ្នែកមួយនៃទាក់ទាញភ្ញៀវទេសចរ ដែលចូលចិត្តផ្ដិតទិដ្ឋភាពកំពូលប្រាសាទអង្គរ ដែលបានឆ្លុះជាមួយនឹងទឹកស្រះផងដែរ។
លោកបន្តថា គម្រោងធ្វើកំណាយស្រាវជ្រាវនៅស្រះអង្គរវត្តនេះ គ្រោងនឹងរៀបចំធ្វើក្រោយពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរួច ដែលប្រើរយៈពេលចន្លោះពី ១ខែកន្លះ ទៅ២ខែ។