នៅពេលទំនេរ ពេលជួបជុំគ្នាក្នុងកម្មវិធីនានា និងនៅរដូវបុណ្យទានផ្សេងៗ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនតែងតែនាំគ្នាផឹកគ្រឿងស្រវឹងដែលពួកគេយល់ថា ដើម្បីបង្កើតបរិយាកាសឲ្យសប្បាយៗ បើទោះបីជាពួកគេមួយចំនួនបានដឹងថាការសេពគ្រឿងស្រវឹងនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាចមានគ្រោះថ្នាក់ផ្សេងៗក៏ដោយ។
កំពុងអង្គុយផឹកស្រាបៀរជុំគ្នាជាមួយមិត្តភ័ក្រក្នុងកន្លែងកំសាន្តកោះពេជ្រយុវជន ជាន ណារ៉ា ប្រាប់វីអូឌីពេលចុះធ្វើបទសម្ភាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរនេះ រូបលោកមានគម្រោងជួបជុំគ្នាផឹកស៊ីជាមួយបងប្អូនដើម្បីបង្កើតបរិយាកាសសប្បាយៗសម្រាប់ការជួបជុំគ្នាថ្ងៃបុណ្យចូលឆ្នាំ។
យុវជន ជាន ណារ៉ា
យុវជនមានដើមកំណើតនៅស្រុកស្អាងខេត្តកណ្តាលរូបនេះបន្តថា ការជ្រើសរើសយកការសេពគ្រឿងស្រវឹងសម្រាប់ការជួបជុំគ្នា នេះដោយសារលោកយល់ថា ការជួបជុំគ្នាលក្ខណៈបែបនោះទើបបង្កបរិយាកាសសប្បាយនិងថា វាពេញនិយមទៅហើយសម្រាប់ពលរដ្ឋខែ្មរនាពេលបច្ចុប្បន្ន ដែលអ្នកណាៗក៏ធ្វើបែបនេះ។
យុវជន ជាន ណារ៉ា
កំពុងអង្គុយផឹកស្រាបៀរជុំគ្នាក្បែរនោះដែរ យុវជនម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកំពង់ធំ លោក ជ័យ សុដា ឲ្យដឹងថា រូបគេក៏មានគម្រោងរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងពេលចូលឆ្នាំខាងមុខនេះដោយមានគ្រឿងស្រវឹង។
យុវជនម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកំពង់ធំ លោក ជ័យ សុដា
ដោយមើលឃើញថា ការប្រើប្រាស់គ្រឿងស្រវឹងមានការកើនឡើង និងបង្ករឲ្យមានបញ្ហាច្រើន ជាពិសេសនៅរដូវបុណ្យទានផ្សេងៗ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានធ្វើយុទ្ធនាការមួយតាមបណ្តាញសង្គម តាមរយៈការផ្ញើសាររទៅ ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនកុំឲ្យសេពគ្រឿងស្រវឹង និងប្រឆាំងប្រើប្រាស់គ្រឿងស្រវឹង។ នេះបើតាមលោក ហេង គឹមហុង មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។
លោក ហេង គឹមហុង មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
មន្រ្តីរូបនេះឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រឿងស្រវឹងនេះ គឺក្រុមយុវជនគំរូបានផ្ញើតាមរយៈវីដេអូឃ្លិបលើបណ្តាញសង្គមហ្វេសប៊ុកដោយកុំឲ្យមានប្រើប្រាស់គ្រឿងស្រវឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
យុវជន សារឿន ចាន់នី
លោក ហេង គឹមហុង ឲ្យដឹងថា ក្នុងឆ្នាំ២០១៦មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១៧០០នាក់ ក្នុងនោះ២៥០នាក់បើកបរមានសារធាតុស្រវឹង។ លោកអំពាវនាវឲ្យសាធារណជន ស្វែងរកការសប្បាយតាមរូបភាពផ្សេងក្រៅពីគ្រឿងស្រវឹង។
លោក ហេង គឹមហុង មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
របាយការណ៍អគ្គស្នងការនគរបាលជាតិឆ្នាំ២០១៧បង្ហាញថា ចូលឆ្នាំរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន៩៥ករណីទូរទាំងប្រទេស និងបណ្តាលឲ្យមនុស្សស្លាប់៤៣នាក់ ខណៈរងរបួសធ្ងន់ស្រាល១០២នាក់ក្នុងនោះកើតឡើងដោយសារបើកបរមានសារធាតុស្រវឹងច្រើនជាងគេ។
មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក ហេង គឹមហុង មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង គឺមានយន្តការពីរសំខាន់ៗ ទី១ការចូលទប់ស្កាត់របស់សហគមន៍ ដោយកំណត់មិនឲ្យប្រើប្រាស់គ្រឿងស្រវឹងតែម្តង និងទី២គឺការអនុម័តច្បាប់ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឆាប់។
មន្រ្តីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក ហេង គឹមហុង
អ្នកស្រាវជ្រាវ និងប្រឹក្សាយោបល់ឯករាជ្យ លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា តាមការសិក្សារស្រាវជ្រាវរបស់លោកគឺ ប្រទេសអភិវឌ្ឍន៍ជឿនលឿនមួយចំនួនទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងមានប្រសិទ្ធិភាព ដោយសារប្រទេសទាំងនោះមានច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហើយពលរដ្ឋរបស់គេគោរពច្បាប់ និងប្រទេសទាំងនោះមិនមានការផ្សព្វផ្សាយផលិត ផលគ្រឿងស្រវឹងគគ្រឹកគគ្រៀងដូចប្រទេសកម្ពុជានោះទេ៕