អ្នកតាមដានថា ការបើកបរគ្មានសណ្តាប់ធ្នាប់អាចមកពីសីលធម៌ធ្លាក់ចុះ

លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវប្រឹក្សាយោបល់ឯករាជ្យ (ហួត វុទ្ធី)

អ្នកតាមដានមួយចំនួន បង្ហាញការយល់ឃើញថា ការបើកបរគ្មានសណ្តាប់ធ្នាប់ បង្កឲ្យកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នៅ​លើ​ដងផ្លូវសាធារណៈ អាចមកពីសីលធម៌អ្នកបើកបរធ្លាក់ចុះ និងការអនុវត្តច្បាប់របស់មន្ត្រីជំនាញនៅមានកម្រិត។

អ្នកស្រាវជ្រាវផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត ប៉ា ចន្ទរឿន លើកឡើងថា ដើមចមនៃបញ្ហាទំាំងនោះ អាចកើ​ត​ចេ​​ញពី​កត្តាម​នុ​ស្ស​​​ ផ្លូវ និងការអនុវត្តច្បាប់ដោយមិន​ស្មើភាព។

លោកថា៖ «ប្រជាជនយើងមួយចំនួន គាត់មានលទ្ធភាពនៅក្នុងការទិញរថយន្តថ្លៃៗ ប៉ុន្តែ គាត់អត់យល់អំពីការបើកបរ គាត់ខ្វះ​ការ​ឲ្យតម្លៃខ្លួនឯងក្នុងនាមពលរដ្ឋដែលមានជីវភាពធូធា ធ្វើឲ្យខ្លួនក្លាយជាជនម្នាក់មានសេចក្តីថ្លៃថ្នូរ ដែលគោរពច្បាប់ចរាចរណ៍ ដែលមា​​សីលធម៌ ឬក៏យើងហៅជាភាសាសាមញ្ញញថា ជាពលរដ្ឋស៊ីវិល័យម្នាក់ហ្នឹង គឺនៅខ្វះខាតច្រើនណាស់»

លោក ប៉ា ចន្ទរឿន ពន្យល់ទៀតថា ប្រទេសមួយ ទោះមានច្បាប់ល្អ​យ៉ាងណាក៏ដោយ បើពលរដ្ឋមិនយល់ពីច្បាប់ ឬ​អ្នកប្រើ​ប្រា​ស់​​​ផ្លូវភាគច្រើន​ខ្វះសីលធម៌អប់រំ ខ្វះការពិចារណា​ប្រកបដោយការយោគយល់គ្នា​ទេ លោកថា កា​រធ្វើចរាចរ​ណ៍តាម​ដងផ្លូ​​វ នឹ​ង​​​​​​​ប្រ​​ឈមនឹងបញ្ហាកកស្ទះ និងគ្រោះថ្នាក់គ្រប់ពេល។

លោកថា៖ «ពិសេ​​សយើងគួរចាប់ផ្ដើម​អប់រំពីក្មេងៗទៅ ហើយមនុស្សចាស់ហ្នឹង ឬអ្នកកាន់អំណាចគួរតែធ្វើជាគំរូល្អ នៅពេលបើកបរអីហ្នឹង ត្រូវតែប្រកា​​ន់ច្បាប់ឲ្យបានតឹងរឹងដើម្បីធ្វើជាគំរូ ពីព្រោះសង្គមយើងជាសង្គមដែលចូលចិត្តមើលលើ មានន័យថា ចូលចិត្តធ្វើត្រាប់ តាមអ្នកនៅខាងលើ»

រដ្ឋា​ភិបាលបានចេញរបាយការណ៍បង្ហាញថា អំឡុង​ពិធីបុណ្យចូលឆ្នាំថ្មី​រយៈ​ពេល ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ នៅឆ្នាំនេះ មាន​គ្រោះ​​​​​​ច​រា​ចរណ៍បានកើតឡើងចំនួន ៩១លើក បង្កឲ្យមនុស្សយ៉ាង ៤៧នាក់បានស្លាប់។ ចំនួននេះបានថយចុះតិចតួច ឬត្រឹ​មតែ​ ៧​នា​​ក់ ​​បើ​ធៀ​បនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។

នាយករងវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ លើកឡើងប្រហាក់ប្រហែលដែរថា ផលលំបាកដែ​លកើតឡើ​ងពីកា​រ​ក​កស្ទះ ពិតជាអាចកើតចេញពី​កត្តាផ្លូវ សីលធម៌របស់អ្នកបើកបរ និងការយល់ដឹងពីច្បាប់បើកបរផងដែរ។

ប៉ុន្តែ លោក គង់ រតនៈ ពន្យល់ថា អ្វីដែលរដ្ឋាភិបាលអាចធ្វើបាន​ដើម្បីកាត់បន្ថយ​ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែ​ល​បានសម្លាប់​មនុស្ស​ដល់​ខ្ទង់​ពាន់​​​នាក់​ក្នុង​មួ​​យឆ្នាំៗនោះ គឺត្រូវជំរុញមន្ត្រីជំនាញ​ឲ្យបង្កើតការផ្សព្វផ្សាយដល់ពលរដ្ឋឲ្យយល់ពីច្បាប់​ច​រាចរណ៍ ពន្យល់អ្នកប្រើប្រាស់ផ្លូវ ឲ្យចេះ​បារម្ភពីសុ​វត្ថិភាពផ្ទា​ល់ខ្លួនផង និងសុវត្ថិភាព​អ្នកដទៃនៅជុំវិញខ្លួនផងដែរ។

លោកថា៖ «តែអ្វីដែលរដ្ឋាភិបាលគួរចាត់វិធានការឲ្យតឹងរឹង​ហ្នឹង គឺបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរឹង។ យើងបានឃើញស្រាប់ហើយឥរិយាបទរបស់ពួកគាត់ ពេលខ្លះហ្នឹង ផ្លូវតែមួយ តែគាត់ទៅបិទផ្លូវម្ខាងទៀតក៏មានដែរ។ នេះវាជាសញ្ញាគ្រោះថ្នាក់មួយដែរ ហើយបន្ទាប់មកទៀត យើងសុំឲ្យការអនុវត្តច្បាប់ធ្វើឡើងឲ្យបានស្មើៗគ្នា កុំឲ្យលើកលែង។ ប្រសិនបើគុណភាពការអនុវត្តច្បាប់ហ្នឹងបានល្អ ទើបបានរួមចំណែកមួយផ្នែកធំដែរ។ អញ្ចឹង យើងយល់ថា សង្គមយើងត្រូវការវិន័យមួ​​យដែលមានលក្ខណៈត្រឹមត្រូវ ហើយស្មើភាពគ្នា»

របា​យការណ៍គ្រោះថ្នាក់​របស់នគបាលជាតិ បាន​ឲ្យដឹងដែរថា នៅឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បាន​សម្លាប់មនុស្សអស់ ១​៧៨០​នាក់ ​និង​បណ្ដាល​ឲ្យ​មនុស្ស ៥៥៣៩​នាក់​ទៀត​រង​របួស ដោយ​តួលេខ​អ្នកស្លាប់កើនឡើង ៦៣នាក់​បន្ថែម​ទៀត បើធៀបនឹងឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ