សារព័ត៌មានវៀតណាមបានចុះផ្សាយថា រដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យលក្ខខណ្ឌនានា ដើម្បីសម្រួលឯកសារដល់ពលរដ្ឋខ្លួនជាង១៧ម៉ឺននាក់ បានរស់នៅដោយស្របច្បាប់នៅកម្ពុជា ដែលនេះ គឺជាការឆ្លើយតបនឹងសំណើរបស់រដ្ឋាភិបាលវៀតណាម។
សារព័ត៌មាន Viet Nam News បានចុះផ្សាយថា ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៣ខែមេសា នៅរាជធានីភ្នំពេញ តំណាងមកពីក្រសួងសន្ដិសុខសាធារណៈ និងគណៈកម្មាធិការជាតិសម្រាប់កិច្ចការបរទេសវៀតណាម បានជួបប្រជុំជាមួយតំណាងកម្ពុជាមកពីក្រសួងការបរទេស និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីដោះស្រាយបញ្ហាជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News ភាគីកម្ពុជា-វៀតណាម បានលើកឡើងថា កត្ដាប្រវត្ដិសាស្ដ្រ បានរារាំងដល់ការចេញឯកសាររដ្ឋបាលបញ្ជាក់ការស្នាក់នៅស្របច្បាប់ ដល់ពលរដ្ឋវៀតណាមរស់នៅកម្ពុជា និងបង្កជាភាពចម្រូងចម្រាស់នឹងច្បាប់កម្ពុជាបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំនោះ វៀតណាមអះអាងថា ភាគីកម្ពុជាបានឯកភាព និងពិនិត្យលើលក្ខខណ្ឌច្បាប់ ដើម្បីសម្រួលឯកសារបញ្ជាក់ការស្នាក់នៅ ដល់ពលរដ្ឋកម្ពុជាដើមកំណើតវៀតណាមប្រមាណជាង១៧ម៉ឺននាក់ និងថា ពាក់កណ្ដាលនៃចំនួននេះ បានបញ្ចប់នីតិវិធីច្បាប់រួចរាល់ហើយ ដើម្បីទទួលបានប័ណ្ណស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា។
តាមប្រភពដដែលនេះ ភាគីវៀតណាម ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយដោះស្រាយបញ្ហាអន្ដោប្រវេសន៍ជូនពលរដ្ឋវៀតណាម និងថា ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។
VOD បានទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប៉ុន្ដែ លោកថា មិនបានទទួលព័ត៌មាននេះនោះទេ។ ចំណែក អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក កែវ វណ្ណថន និយាយថា លោកកំពុងជាប់ប្រជុំ។
យ៉ាងណាក៏ដោយ លោក កែវ វណ្ណថន បានប្រាប់ VOD កាលពីចុងខែមករាថា បន្ទាប់ពីទទួលបានសំណើពីសមភាគីវៀតណាម រដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិនិត្យផ្លូវច្បាប់ដែលមានស្រាប់ ដើម្បីដោះស្រាយតាមសំណើនេះ។
លោកថា៖ «បើសិនជាគាត់គោរពតាមច្បាប់ យើងចេញប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន ហើយដល់ ៧ឆ្នាំក្រោយ គាត់កាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានន័យថា គាត់ស្នាក់នៅស្របច្បាប់ហើយ គាត់អាចសុំចូលសញ្ជាតិ ហើយអាស្រ័យទៅលើសមត្ថកិច្ចកម្ពុជាដែរ បើសិនជាគាត់មានប្រព្រឹត្តិអីល្មើសនឹងច្បាប់ ក៏គេមិនឲ្យចូលសញ្ជាតិដែរ។ ខ្ញុំសូមបញ្ជាក់ជូនពីភាពស្របច្បាប់ និងមិនស្របច្បាប់។ មិនស្របច្បាប់យ៉ាងម៉េច ចង់និយាយថា ចូលមកកម្ពុជាស្នាក់នៅលើសទិដ្ឋាការ ចូលមកកម្ពុជាគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ អ្នកបម្រើការងារគ្មានប័ណ្ណការងារ អត់បានពន្យាទិដ្ឋាការ អាហ្នឹង គឺថា ខុសច្បាប់ យើងអនុវត្តច្បាប់ហើយ គឺយើងចាប់បណ្ដេញចេញ»។
ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា កំណើនជនអន្ដោប្រវេសន៍វៀតណាមហូរចូលមកប្រទេសកម្ពុជានេះ បានបង្កផលប៉ះពាល់ជាច្រើន ដូចជា បះពាល់ដល់សេដ្ឋកិច្ចជាតិ អសន្ដិសុខ វប្បធម៌ និងនយោបាយ។ មួយវិញទៀត លោករំលឹកថា រដ្ឋាភិបាលមិនគួរភ្លេចពីប្រវត្ដិសាស្ដ្រ ដែលវៀតណាមធ្លាប់មានគំនិតចង់ឈ្លានពានទឹកដីកម្ពុជានោះទេ។
លោកថា៖ «ទោះបីជាខុសច្បាប់ ឬត្រូវច្បាប់ក៏ដោយ ប៉ុន្ដែ បើសិនរដ្ឋាភិបាល គាត់មិនគ្រប់គ្រងឲ្យបានច្បាស់លាស់ អត់មានផែនការ ហើយ៧ទៅ៨ម៉ឺននាក់ ដែលត្រូវអនុញ្ញាតឲ្យចូលមកនៅលើទឹកដីកម្ពុជានេះ វាគឺជាហានិភ័យមួយធំណាស់។ ទី២ វាទាក់ទងដល់រឿងសេដ្ឋកិច្ចទៀត វៀតណាមមករស់នៅកម្ពុជា គេបានដណ្ដើមពីយើងច្រើនណាស់ ដោយសារជនជាតិវៀតណាម គាត់មានចំណេះជំនាញច្រើនជាងខ្មែរយើង។ ចំណុចទី៤មួយទៀត ដែលវាប៉ះពាល់ខ្លាំងហើយប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិតែម្ដង គឺយើងនឹងក្លាយជាជនជាតិដើមភាគតិច ហើយឪកាសនៃការបាត់ដី គឺស្រួលបំផុត»។
បើតាមរបាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅដើមឆ្នាំ២០១៨នេះ បង្ហាញថា ជនបរទេសរស់នៅកម្ពុជាមានប្រមាណជាង ១៧ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេដល់ទៅជាង ៩៩ភាគរយ ខណៈជនជាតិវៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួនជាង ៧ម៉ឺន៦ពាន់នាក់ ហើយជនជាតិវៀតណាមជាង ១ម៉ឺន៤ពាន់នាក់ទៀត កំពុងរស់នៅដោយគ្មានឯកសារស្របច្បាប់៕