ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី អះអាងថា រដ្ឋាភិបាលដាណឺម៉ាកបានជួយអន្ដរាគមន៍ ករណីដែលអាជ្ញាធរថៃឃាត់ខ្លួនលោក នៅពេលកំពុងបន្ដទិដ្ឋាការស្នាក់នៅក្នុងប្រទេសនេះ ខណៈ រូបលោកក៏កំពុងរងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ថាមានបំណងដាក់គ្រាប់បែកបំផ្ទុះនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
កាលពីដើមខែមេសានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយក្រុមគ្រោងបន្ទុះគ្រាប់បែកចំនួន២កន្លែង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ គឺនៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ករណីនេះ លោក ហ៊ុន សែន បានចោទថា មានជាប់ពាក់ព័ន្ធនឹងចលនារណសិរ្សរំដោះជាតិខ្មែរ របស់លោក សម សេរី។
លោក សម សេរី ប្រាប់វិទ្យុអាស៊ីសេរី កាលពីល្ងាចម្សិលមិញថា លោកនឹងត្រឡប់ទៅប្រទេសដាណឺម៉ាកវិញ បន្ទាប់ពីអាជ្ញាធរថៃ ឃាត់ខ្លួន កាលពីថ្ងៃទី២៥មេសា ពាក់ព័ន្ធនឹងបញ្ហាទិដ្ឋាការស្នាក់នៅរបស់លោក។ លោកពន្យល់ថា ការដែលអាជ្ញាធរថៃសម្រេចដោះលែងវិញនេះ គឺបន្ទាប់ពីមានអន្ដរាគមន៍ពីស្ថានទូតដាណឺម៉ាកប្រចាំនៅទីក្រុងបាងកក និងអង្គការសហប្រជាជាតិ។
វីអូឌី នៅថ្ងៃនេះ បានព្យាយាមទាក់ទងលោក សម សេរី ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ប៉ុន្តែនៅមិនអាចទាក់ទងបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋាភិបាលថៃ ឲ្យចាប់បញ្ជូនខ្លួនលោក សម សេរី ត្រឡប់ប្រទេសកម្ពុជាវិញ ប៉ុន្ដែ ក្រោយលេចឮព័ត៌មានបែបនេះ ដោយលោកថា ការសម្រេចយ៉ាងណានោះ គឺស្ថិតលើរដ្ឋាភិបាលថៃតែប៉ុណ្ណោះ។
លោកថា៖ «លឺថា ខាងដាណឺម៉ាកគេសុំ យើងមិនដឹងធ្វើម៉េចដែរ អាស្រ័យទៅសេចក្ដីសម្រេចរបស់ភាគីមិត្តថៃទេ ស្នើទៅ បើគេមិនឲ្យ មិនដឹងធ្វើម៉េច»។
អ្នកវិភាគបញ្ហានយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលដាណឺម៉ាកមានសិទ្ធិ អាចនាំលោក សម សេរី ទៅប្រទេសរបស់ខ្លួនបាន ស្របតាមគោលការណ៍សញ្ជាតិ ខណៈប្រទេសនេះបានស្នើសុំមុន បើទោះបីជាថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយគ្នាក៏ដោយ។
លោកថា៖ «កិច្ចព្រមព្រៀងកន្លងមក កម្ពុជា ថៃ មានចុះកិច្ចព្រមព្រៀងបត្យាប័នក្នុងការផ្លាស់ប្ដូរអ្នកទោស ក្នុងករណីលោក សម សេរី គាត់នៅថៃ នៅពេលដែលមានការស្នើសុំពីភាគីកម្ពុជា ភាគីថៃ ត្រូវតែបញ្ជូនមកភាគីកម្ពុជា។ ប៉ុន្ដែ ក្នុងករណីដែលលិខិតស្នើសុំទៅមិនទាន់ដល់ថៃ ហើយថៃបញ្ជូនទៅឲ្យប្រទេសមួយទៀត ព្រោះគាត់សញ្ជាតិពីរ សញ្ជាតិដាណឺម៉ាកមួយទៀត បើសិនជាអន្ដរាគមន៍ពីរដ្ឋាភិបាលដាណឺម៉ាក អញ្ចឹងគាត់អាចបញ្ជូនទៅមុន»។
កាលពីថ្ងៃទី១០មេសាកន្លងទៅ លោក ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរ ឲ្យតាមចាប់ខ្លួនក្រុមមេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក លោក សម សេរី ដោយចោទថា ក្រុមនេះគ្រោងរៀបផែនការបង្កអសន្ដិសុខនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងចង់ផ្ដួលរំលំរដ្ឋាភិបាល។
លោក សម សេរី ក៏ធ្លាប់ត្រូវបានចោទប្រកាន់បែបនេះម្ដងរួចមកហើយ ដែលកាលពីឆ្នាំ២០១៤ មានបុរស ១២នាក់ និងស្ត្រីម្នាក់ ត្រូវបានតុលាការកម្ពុជាចោទថា មានទោសពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ពីចន្លោះ៥ឆ្នាំដល់៩ឆ្នាំ៕