សហជីពនិងសមាគមខកចិត្តចំពោះអាជ្ញាធរមិនអនុញ្ញាតហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិ

រូបភាពកាលពីឆ្នាំ២០១៦

ក្រុមមេដឹកនាំសហជីព ដែលធ្វើការលើវិស័យការងារ បង្ហាញ​ការសោកស្ដាយនិងខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិនអនុញ្ញាតឲ្យពួកគេធ្វើការហែក្បួន នៅថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភា ស្អែកនេះ ដោយ​ចាត់​ទុក​ការ​​មិនអនុញត្តិនេះថា ជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានបដិសេធសំណើររបស់ក្រុមសហជីពនិងសមាគម ដែលបាន​ស្នើសុំហែក្បួនឆ្លងកាត់ទីក្រុង ដើម្បីបា្ររព្ធទិវាពលកម្មអន្តរជាតិ១ឧសភានៅថ្ងៃស្អែកនេះ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ បង្ហាញការសោកស្ដាយចំពោះអាជ្ញាធរ​ដែលមិន​អនុញ្ញាតឲ្យ​ពួកគាត់​ធ្វើការហែក្បួន បើទោះជាពួកគាត់អះអាងថា មិនបង្កឲ្យមានការកកស្ទះចរាចរណ៍ឡើយ។

លោកបន្តថា កាលពីឆ្នាំមុនៗពួកគាត់បានជំទាស់ទៅនឹងបម្រាមរបស់សាលារាជធានីភ្នំពេញ ដោយនៅ​តែ​នាំគ្នា​​ធ្វើការហែក្បួន ប៉ុន្តែឆ្នាំនេះ ពួកគាត់បានសម្រេចចិត្តថា នឹងមិនធ្វើការហែក្បួននោះទេ ដោយសារ ស្ថានការ​នយោបាយបច្ចុប្បន្ននេះកំពុងតានតឹង។

លោកថា៖ «ការដែលគាត់បារម្ភពេក​ រហូតដល់ហាមឃាត់​បិទសេរីភាពកម្មករនិងពលរដ្ឋហើយ ពីព្រោះច្បាប់បានសរសេរប្រជាពលរដ្ឋមានសិទ្ធិសេរីភាពច្រើនជាងនេះ ប៉ុន្តែឆ្នាំនេះ និងឆ្នាំមុនវាខុសគ្នា ដោយសារ ឆ្នាំមុនយើងស្នើហែគេមិនឲ្យហែយើងនៅតែហែ គេមិនឲ្យធ្វើយើងនៅតែធ្វើ ហើយបន្ទាប់មកយើង ក៏ទៅជួបជុំគ្នានៅកន្លែសួនច្បារនៅមុខស្ថានទូតរ៉ូស្ស៉ីទៅ ប៉ុន្តែឆ្នាំនេះ ដោយសារយើងមានការជជែកគ្នាទៅ ដោយសារ យើងគិតថា ស្ថានភាពនយោបាយ មួយទៀតយើងអត់ចង់ប្រឈមមុនពេលបោះឆ្នោត​ផង»។​

បើតាមលោក អាត់ ធន់ នៅស្អែកនេះ ពួកគាត់នឹងរៀបចំកម្មវិធីខួបលើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភានេះ នៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលនឹងមាន​អ្នក​ចូល​រួម​ជាង​២០០០នាក់។

លោកបន្តថា សារសំខាន់ ដែលពួកគាត់គ្រោងនឹងដាក់រដ្ឋាភិបាល ដើម្បីស្នើឲ្យរដ្ឋាភិបាល​ធ្វើការដោះ​ស្រាយ​ឲ្យកម្មករនយោជិក និងសហជីពនោះ គឺមាន១៨ចំណុច ហើយចំណុចសំខាន់ៗ គឺទាមទារ​ឲ្យ​តម្លើង​ប្រាក់ខែកម្មករ និងពិនិត្យឡើងវិញលើច្បាប់សហជីព។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា ក៏បង្ហា​​ញការខកចិត្តផង​ដែរ​នៅ​ពេលអាជ្ញាធរបានបដិសេធមិនឲ្យ ពួកគាត់​ធ្វើការ​ហែក្បួន​ដើម្បី​បា្ររព្ធ​ទិវាពល​កម្មអន្តរ​ជាតិ១​ឧសភា​ស្អែក​នេះ។ លោកចាត់ទុកការមិនអនុញ្ញាតនេះថា ការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។

លោកថា៖ «អាជ្ញាធរគួរតែអាចធានាសិទ្ធិសម្ដែងមតិ សិទ្ធិនៅក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ របស់ក​ម្មករ កម្មាការិនី ហើយយកហេតុផលស្ទះចរាចរណ៍ យកហេតុផលសណ្ដាប់ធ្នាប់ផ្សេងៗវាជាការបង្ហាញពីការអសត្ថភាពរបស់អាជ្ញាធរទៅវិញទេ មិនមែនជាហេតុផលទេ»។

លោក ម៉ូរ៉ា បន្តថា ទោះបីជាពួកគាត់មិនបានធ្វើការហែក្បួនក៏ដោយ ប៉ុន្តែក្រោយពីបញ្ចប់ការបា្ររព្ធពិធីនេះ ពួក​គាត់នឹងញត្តិទៅដាក់រដ្ឋាភិបាល ដើម្បីស្នើឲ្យរដ្ឋាភិបាលធ្វើការកែប្រែច្បាប់សហជីព ដោយថា  ច្បាប់នេះ បានបន្ថយចំនួនសហជីពនៅកម្ពុជា ជាហេតុនាំឲ្យពួកគេ ពិបាកក្នុងការជួយ​ដល់កម្មករ​និយោជិត​ទាក់ទិនបញ្ហាផ្លូវច្បាប់ និងការយល់ដឹងពីសិទ្ធិរបស់ពួកគេ។​

បើតាមក្រុមសហជីព សាលារាជធានី បានបដិសេធមិនអនុញ្ញាឲ្យពួកគាត់ធ្វើការហែក្បួន ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ពួក​គាត់ជួបគ្នានៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅជិតវត្ត ដោយ​សាលា​រាជធានី​លើក​ហេតុ​ផល​ថាដើម្បីរក្សាសណ្ដាប់សាធារណៈ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់វីអូឌីនៅថ្ងៃនេះថា ការមិន​អនុញ្ញាត​មិនឲ្យ​ធ្វើកា​រហែក្បួន ដើម្បីកុំមានការកកស្ទះចរាចរណ៍តែប៉ុណ្ណោះ។

លោកថា៖ «យើងអនុញ្ញាតឲ្យធ្វើពិធីនៅទីតាំងដែលស្នើសុំ ប៉ុន្តែពុំមានការដង្ហែរក្បួន ដើម្បីដាក់ញាត្តិទេ​ តែដើម្បីដាក់បានយក នឹងសម្របសម្រួលស្នើសុំទៅសភា ដើម្បីចាត់តំណាងសភា​មកទទួលញ្ញាត្តិ​នៅទីតាំង​បា្ររព្ធ​ពិធីតែម្ដង»។

មាត្រា៣៧ និង៤១ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋគ្រប់រូបសិទ្ធិ​សេរីភាពក្នុងការជួបជុំ បញ្ចេញមតិ និងធ្វើ​កូដកម្ម​ ​បាតុកម្ម​ ដោយ​សន្តិវិធី ដែលមានការធានាដោយច្បាប់។

ជារៀងរាល់ឆ្នាំ ក្រុមសហជីពនិងសមាគម តែងតែនាំគ្នារៀបចំបា្ររព្ធទិវាពលកម្មអន្តរជាតិ១ឧសភា ដោយ​ជួបជុំគ្នានៅទីកន្លែងសំខាន់ៗ ដូចជានៅរាជធានីភ្នំពេញ ដើម្បីសម្តែងមតិ កង្វល់ និងលើកឡើងពីសំណើរ​មួយចំនួន​ដើម្បីស្នើសុំឲ្យកែលម្អលក្ខខណ្ឌការងារនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ