អ្នកជំនាញអង្គការសហប្រជាជាតិក្រើនរំឮកជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហូរប្រជាធិបតេយ្យឡើងវិញ និងព្រមានពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតថ្នាក់ជាតិខាងមុខ បើអតីតគណបក្សប្រឆាំងដ៏ធំ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងបោះឆ្នោត។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្ដើមរៀបចំចុះឈ្មោះគណបក្សនយោបាយ នៅថ្ងៃនេះ ខណៈវាសនាអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកតាមដានបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ ពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស នៅថ្ងៃនេះ ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែធានាដំណើរប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
លោកស្រី រ៉ូណា ស្មីត យល់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន មិនឆ្លុះបញ្ចាំងពីគោលការណ៍បោះឆ្នោតដោយសេរី និងត្រឹមត្រូវនោះទេ ប្រសិនបើរដ្ឋាភិបាល មិនដោះលែងប្រធានអតីតបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់ លុបចោលបំរាមហាមឃាត់សិទ្ធិធ្វើនយោបាយរបស់អតីតមន្ដ្រីបក្សប្រឆាំង១១៨រូប អនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត បញ្ឈប់ការរិតត្បិតលើអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាននៅមុនការបោះឆ្នោត។
ក្នុងសេចក្ដីថ្លែងការណ៍ លោកស្រី រ៉ូណា ស្មីត ថ្លែងថា៖ «ការបោះឆ្នោតមួយ មិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដឡើយ បើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានគេរារាំងមិនឲ្យចូលរួម […]ដើម្បីធានាឲ្យមានប្រជាធិបតេយ្យពហុបក្សពិតប្រាកដនៅកម្ពុជា ដែលគោរពសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រូវតែដោះលែងមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំជាបន្ទាន់ និងលុបចោលការហាមឃាត់សមាជិកគណបក្សប្រឆាំង ក្នុងការចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៩ខែកក្កដា»។
កាលពីថ្ងៃទី២៣មីនាឆ្នាំ២០១៨ ប្រទេសចំនួន៤៥នៃក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបញ្ហានយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយថា រដ្ឋាភិបាល កំពុងអនុវត្តផ្ទុយពីគន្លងប្រជាធិបតេយ្យ និងស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស។ ប៉ុន្តែ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់នេះ ហើយថាសេចក្តីថ្លែងការណ៍នោះ មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា៕