រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថាក្រសួងព័ត៌មានបានបញ្ជូនសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ទៅនាយករដ្ឋមន្រ្តីរួចរាល់ហើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងប្រាប់អ្នកសាព័ត៌មាន មន្រ្តីអង្គការសង្គមស៊ីវិល តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកកាលពីថ្ងៃម្សិល មិញនេះ ថាក្រសួងព័ត៌មានបានបញ្ជូនលិខិតទៅកាន់នាយរដ្ឋមន្រ្តីស្នើសុំបង្កើតក្រុមការងារអន្តរក្រសួងដើម្បីពិភាក្សាគ្នា មុនបញ្ជូនទៅកាន់គណរដ្ឋមន្រ្តី។
លោកបញ្ជាក់ថា៖«កន្លងមកខ្ញុំបានធ្វើលិខិតទៅនាយរដ្ឋមន្រ្តីហើយ ដើម្បីរៀបសុំបង្កើតជាគណៈកម្មការអន្តរក្រសួង។ ដល់ពេលគណៈកម្មការអន្តរក្រសួងជជែកចប់ យើងនឹងបញ្ជូនច្បាប់នេះទៅក្រុមប្រឹក្សារដ្ឋមន្រ្តី។»
ក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាននិងភាគីពាក់ព័ន្ធបាន ឯកភាពគ្នាបញ្ចប់សេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាននេះ កាលពីថ្ងៃទី២៦ខែមករាកន្លងទៅ។
មន្រ្តីកម្មវិធីជាន់ខ្ពស់វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ លោកផាន ភ័ព្វបារមី មានប្រសាសន៍ថាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបក៏ដូចជាស្ថាប័ននានា ព្រោះមនុស្ស ម្នាក់ៗតែងតែចង់បានព័ត៌មានជាក់លាក់។ លោក បញ្ជាក់ថាព័ត៌មានជាឆ្នាំងបាយ របស់ប្រជាពលរដ្ឋទូទៅព្រោះពួកគាត់ត្រួវការព័ត៌មានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។
លោកបន្តថាកាលណាច្បាប់នេះ ចូលជាធរមានវានឹងធ្វើឲ្យកាន់តែងាយស្រួលថែមទៀតដល់អ្នកដែលចង់បានព័ត៌មានពីស្ថាប័ននានា។ លោកបញ្ជាក់បន្ថែមថា៖«យើងធ្វើច្បាប់ដើម្បីធានាឲ្យសិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹង សិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងណា គឺមិនមែនតែប្រជាលរដ្ឋនេះទេ គឺទាំងមន្រ្តីរាជការទាំងអីក៏ដោយ គឺទាំងអស់គ្នាហ្នឹងទទួលគឺថា ធានាបានការអនុវត្តសិទ្ធិហ្នឹងសមស្របបានពេញលេញ។ ប៉ុន្តែតែបច្ចុប្បន្នដោយសារតែអត់មានច្បាប់ហ្នឹង ការដែលផ្ដល់ឲ្យ (ព័ត៌មាន) គាត់ចង់ផ្ដល់ឲ្យឬមិនផ្ដល់ឲ្យ វាអត់មានច្បាប់ណាដែលដាក់ទោសទណ្ឌដាក់អី។ អញ្ចឹងអានេះហើយដែលវាធ្វើឲ្យមានភាពអសកម្មនៅក្នុងរបស់សង្គមយើង។»
ក្រសួងព័ត៌មានចាប់ផ្ដើមធ្វើសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅឆ្នាំ២០១៥ ដោយមានការគាំទ្រពីរដ្ឋាភិបាលស៊ុយអ៊ែត និងអង្គការយូណេស្កូ(UNESCO)៕