ប្រទេសវេណេហ្ស៊ុអេឡាបានរៀបចំការបោះឆ្នោតប្រធាធិបតីទី៦៤ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ប្រធានាធិបតី ដែលកំពុងកាន់អំណាចបច្ចុប្បន្ន Nicolas Maduro ត្រូវបានប្រជាជនជ្រើសរើសជាធ្វើជាប្រធានាធិបតីម្តងទៀត ក្នុងអាណត្តិរយៈប្រាំមួយឆ្នាំ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNBC បក្សប្រឆាំងនិងសហគមអន្តរជាតិ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនេះទេ ដោយសារតែបក្សកាន់អំណាចបានទិញទឹកចិត្តអ្នកបោះឆ្នោតដែលជាប្រជាជនក្រីក្រ តាមរយៈការផ្ដល់ជាចំណីនិងវេប្រាក់ឲ្យពួកគេ។ ម្យ៉ាងវិញទៀតគណបក្សសហភាពសង្គមនិយមវេណេហ្ស៊ុអេឡារបស់ប្រធានាធិបតី Nicolas Maduro បានប្រើដោយសេរីនូវធនធានរដ្ឋនៅអំឡុងពេលឃោសនាបោះ ឆ្នោត។ ជ័យជំនះរបស់លោក Nicolas Maduro កើតឡើងផងដែរដោយសារតែបក្សប្រឆាំងធំៗទាំងបី រួមមានគណបក្ស Justice First គណបក្ស Popular Will និងគណបក្ស Democratic Action បានធ្វើពលិការ មិនចូលរួមការបោះឆ្នោត ដោយសារតែពួកគេយល់ថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតលំអៀងទៅខាង គណបក្សសហភាពសង្គមនិយមវេណេហ្ស៊ុអេឡារបសប្រធានាធិបតី Nicolas Maduro ។
យោងតាមការចុះផ្សាយរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រទេសអ្នកបានចេញទៅបោះឆ្នោតមានប្រហែលតែ៤៦ភាគរយប៉ុណ្ណោះ។
មូលហេតុទាំងនេះហើយដែលគណបក្សប្រឆាំងប្រទេសនេះ ក៏ដូចជាសហគមអន្តរជាតិមួយចំនួនប្រកាសមិន ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមកនេះ ហើយស្នើឲ្យមានការបោះឆ្នោតឡើង វិញ។ ប៉ុន្តែទោះជាមានរិះគន់យ៉ាងណាក៏ដោយក៏ប្រធានាធិបតីឆ្វេងនិយមNicolas Maduro ហាក់មិនអើពើលើ រឿងនេះទេ ដោយថាជ័យជំនះរបស់គាត់ជាជ័យជំនះលើចក្រពត្តិនិយម។
ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលរបស់លោក Nicolas Maduro នឹងជៀសមិនរួចឡើយពីបញ្ហាមួយចំនួនដែលកើតចេញការបោះឆ្នោតដ៏ចម្រួងចម្រាសនេះ។ បញ្ហាពីរធំៗដែលរដ្ឋាភិបាលរបស់ប្រធាធិបតី Nicolas Maduro នឹងត្រូវប្រឈមមុខក្រោយការបោះឆ្នោតនេះរួមមានទាំងទំនាក់ទំនងអន្តរជាតិ និងបញ្ហាសេដ្ឋកិច្ច។
ក្រោយការបោះឆ្នោតប្រទេសប្រជាធិបតេយ្យ នៅបច្ចឹមប្រទេស និងអាមេរិកឡាទីនមួយចំនួនបានបដិសេធភ្លាមៗនូវលទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅដោយបានរិះគន់ធ្ងន់ៗទៅលើដំណើរការនៃការបោះឆ្នោតនេះ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Independent របស់អង់គ្លេសថាការបោះឆ្នោតនៅវេណេហ្ស៊ុអេឡាជាការបោះឆ្នោតមួយដ៏អាម៉ាស់ ព្រោះតែវាជាការបោះឆ្នោតមួយដែលក្លែងក្លាយហើយវាបានបក់បោកចេញនូវប្រពៃណីលទ្ធិប្រជាធិបតេយ្យដ៏ល្អ ដែលវេណេហ្ស៊ុអេឡាធ្លាប់ មានពីមុន។
លោក អនុប្រធានាធិបតីសហរដ្ឋអា មេរិក Mike Pence ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានBBCថាសហរដ្ឋអាមេរិករួមនឹងបណ្ដាប្រទេសដទៃផ្សេងទៀតនឹងចាត់វិធានការផ្នែកការទូតនិងសេដ្ឋកិច្ចឲ្យបានលឿនបំផុតដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះឡើងវិញ។
សហរដ្ឋអាមេរិកបានបង្ហាញជំហរតាំងពីមុខការបោះឆ្នោតមកម្ល៉េះថាប្រទេសនេះនឹងមិនទទួលស្គាលលទ្ធផលនៃការបោះឆ្នោតនេះទេ ប្រសិនបើវេណេហ្ស៊ុអេឡាមិនបញ្ឈប់ការគាបសង្កត់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាជនមិន ដោះលែងអ្នកនយោបាយប្រឆាំងដែលកំពុងជាប់ឃុំ និងមិនរៀបចំឲ្យមានប្រព័ន្ធបោះឆ្នោតដោយសេរីនិង យុត្តិធម៌នោះទេ។
តាមការចុះផ្សាយរបស់ការសែត New York Times ដែលចេញផ្សាយកាលពីថ្ងៃទី២១ខែឧសភា ជាវិធាន ការភ្លាមៗសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចមួយដោយហាមមិនឲ្យក្រុមហ៊ុនអាមេរិកនិងប្រជាជន អាមេរិកទិញហ៊ុនបំណុលរបស់ក្រុមហ៊ុនប្រេង Petróleos de Venezuela ដែលជាក្រុមហ៊ុនរដ្ឋាភិបាលវេណេហ្ស៊ុ អេឡា។ ការដាក់ទណ្ឌកម្មមានគោលបំណងដើម្បីបិទផ្លូវការប្រព្រឹត្តិអំពើពុករលួយរបស់លោក Nicolas Maduro និងបក្សពួកខ្លួនដែលប្រើក្រុមហ៊ុននេះដើម្បីជាការមានបានផ្ទាល់ខ្លួន។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវេណេហ្ស៊ុអេឡាចាប់ផ្ដើមល្អក់កករនឹងគ្នាចាប់តាំងពីជំនាន់លោកអតីត ប្រធានាធិបតី Hugo Chavez ឡើងកាន់អំណាចនៅឆ្នាំ១៩៩៩មកម្ល៉េះ។ ទាំងអតីតប្រធានាធិបតី Hugo Chavez និងប្រធានាធិបតី Nicolas Maduro សុទ្ធតែជាអ្នកសង្គមនិយមដែលតែងតែរិះគន់ពីគោលនោយោបាយនិង ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសនៅអាមេរិកឡាទីន។ ជារួមការបោះឆ្នោតនេះកាន់តែធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរនេះកាន់តែមានភាពល្អក់កករថែមទៀត។
ក្រៅពីសហរដ្ឋអាមេរិក ក៏មានបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបមានដូចជាអាឡឺម៉ង់ និងអេស្ប៉ាញជាដើម ក៏មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះដែរ។
ប្រមុខការទូតអាឡឺម៉ង់ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Havana Times លោក Heiko Maas បានរិះគន់ធ្ងន់ៗទៅលើការបោះឆ្នោតនេះ ថាជាការបោះឆ្នោតមួយដែលមិនសេរីនិងយុត្តិធម៌ដែលប្រជាជន វេណេហ្ស៊ុអេឡាសមនឹងទទួលបាន។
មិនខុសគ្នាប៉ុន្មានពីប្រមុខការទូតអាឡឺម៉ង់ លោកនាយករដ្ឋមន្រ្តីប្រទេសអេស្ប៉ាញបានសរសេរនៅលើ បណ្ដាញTwitter របស់លោកថាការបោះឆ្នោតនេះមិនគោរពស្ដង់ប្រជាធិបតេយ្យបន្តិចណាសោះឡើយ។ លោកថាអេស្ប៉ាញនឹងមានវិធានការសមស្របណាមួយដើម្បីជួយប្រជាជនដែល កំពុងរងគ្រោះនៅប្រទេស នេះ។
ក្រុមបណ្ដាប្រទេសLima Group ដែលមាន១៤ប្រទេសរួមមានប្រទេសកាណាដា ប្រេស៊ីល និងមិកស៊ីកូជាដើមបានកោះហៅឯករាជទូត និង រដ្ឋទូតរបស់ប្រទេសខ្លួនត្រលប់មកប្រទេសខ្លួនវិញរៀងៗខ្លួនដើម្បីពិភាក្សាគ្នាជុំវិញបញ្ហានៃការបោះឆ្នោតនេះ។ រដ្ឋាភិបាលប្រទេសទាំងនេះក៏បានគំរាមផងដែរពីកិច្ចសហប្រតិបត្តិជាមួយ វេណេហ្ស៊ុអេឡាលើបញ្ហាហិរញ្ញវត្ថុ ជំនួញនិង យោធាជាដើម។
ទោះជាយ៉ាងណាក៏ដោយក៏មានបណ្ដាប្រទេសមួយចំនួនផ្សេងទៀតផងដែរដែលអបអរសាទរជ័យជំនះរបស់លោកNicolas Maduro ។ ប្រទេសទាំងនោះភាគច្រើនជាបណ្ដាប្រទេសសង្គមនិយមមានដូចជាចិន គុយបា នីហ្គារ៉ាហ្គ័ ប៊ុលីវៀ និងរុស្ស៊ីជាដើម។ ប្រទេសទាំងនេះថាពួកគោរពនិងយល់ស្របតាមការសម្រេចរបស់ប្រជាជនវេណេហ្ស៊ុអេឡា។
វេណេហ្ស៊ុអេឡា ជាប្រទេសមួយដែលនៅទ្វីបអាមេរិកឡាទីនដែលកាលពីមុនពេលជួបវិបត្តិសេដ្ឋកិច្ច ជា ប្រទេសអ្នកមានក្នុងតំបន់អាមេរិកឡាទីនដោយសារតែប្រទេសនេះជាប្រទេសដែលនាំចេញប្រេងដ៏ ធំមួយ នៅលើពិភពលោក។ ប៉ុន្តែក្រោយមរណៈភាពរបស់អអតីតប្រធានាធិបតី Hugo Chavez នៅឆ្នាំ២០១៣ សេដ្ឋកិច្ចប្រទេសនេះបានដាំក្បាលចុះដោយសារតម្លៃប្រេងធ្លាក់ចុះ និងការប្រព្រឹត្តិអំពើពុករលួយរបស់ក្រុមប្រធានាធិបតីNicolas Maduro ។ ប្រជាជនជួបវិបត្តិកង្វះខាតចំណីអាហារ ថ្នាំសង្កូវហើយប្រជាជនជាច្រើន លាននាក់បានចាកចេញពីប្រទេស។ អតិផរណាទំនិញប្រចាំឆ្នាំបានឡើងដល់រហូត១៤០០០ភាគរយ។