សង្គម​ស៊ី​វិល​បារម្ភថា​ សេរីភាព​បញ្ចេ​ញ​មតិ​លើ​បណ្តាញ​សង្គមកំពុងរួម​តូច​នៅ​មុន​ការ​បោះ​ឆ្នោត

លោក ស៊ឹង សែនករុណា (ខាងឆ្វេង) លោក សុក សំអឿន (កណ្ដាល) និងលោក កន សាវាង្ស (ខាងស្ដាំ)

ក្រុម​សង្គម​​ស៊ីវិ​​ល ​​និ​​ង​អ្ន​ក​ច្បា​ប់​មួយ​ចំនួន បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ថា ការបញ្ចេញមតិតាមបណ្តាញសង្គម កំពុង​រងការគំរាមកំហែ​ង នៅ​មុនការបោះ​ឆ្នោត​មក​​​ដល់ ខណៈ​រដ្ឋា​​​​​ភិបា​ល​ប្រ​​​​កា​សចាត់វិធានការ​អ្នកដែលផ្ញើសារអំពាវនាវ​កុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត​នៅថ្ងៃ​ទី២​៩ខែ​ក​ក្ក​​​ដា​​​​​ឆ្នាំ២​០​១៨​។

កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធចាត់​វិធានការ​ទៅលើ​បុគ្គល​ទាំ​ង​​​​​​ឡាយ​ណាដែលផ្ញើសារតាមបណ្តាញសង្គម អំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ដោយលោកថា ការអំពាវនាវនោះ បា​​​នរំ​លោ​ភច្បាប់ និង​រារាំងដល់ដំណើរការបោះឆ្នោត។

ការប្រកាសវិធានការ​របស់រដ្ឋាភិបាលនេះ ក៏ចំពេលអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងអ្នកគាំទ្រមួ​យចំនួន បាន​ប្រើ​បណ្តា​ញ​សង្គម អំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត បើគ្មា​នវត្តមានបក្ស​ប្រឆាំង ដោយចោទថា បក្សកាន់អំណាចកំពុង​រៀ​ប​​​ចំ​កា​របោះ​ឆ្នោតក្លែងក្លាយ ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ និងអ្នកខ្លះទៀតសរសេរថា «នៅផ្ទះឈ្នះឯង»។

ប៉ុ​ន្តែ ​មេដឹ​កនាំបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីផងនោះ លោក ហ៊ុន សែន ធ្លាប់ព្រមានថា ការអំពាវនាវ​របស់លោក សម រង្ស៊ី នឹង​បរា​ជ័យ។

ឆ្អឹងខ្នងរបស់អ្នកត្រូវវាយបំបាក់ កប់ទៅជាខ្មោចហើយ។ អ្នកទៅនៅក្រៅប្រទេស អ្នកមិនអាចធ្វើរឿងនេះបា​នទេ។ ​អ្នកត្រូ​​វ​​ចាំ​​​មេ​​​បញ្ជា​ការទ័ព គេនៅក្បែរទ័ព ទើបបញ្ហាការប្រយុទ្ធទៅរួច។ អ្នកទៅតាមអាហ្វេសប៊ុកហ្នឹងទៅ វាមិនរួចទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វែ្រល លោក កន សាវាង្ស យល់ថា ការដែលរដ្ឋាភិបាលចាត់វិធានការ​អ្នក​រារាំ​ង​ដំណើរការបោះឆ្នោតជាការអនុវត្តច្បាប់ ប៉ុ​ន្តែ លោកថា ការអំពា​វនាវលើបណ្តាញសង្គ​ម ជាសេរីភា​ពបញ្ចេញ​មតិ ​ ​​ធា​​​​នា​​​​​​ដោ​យ​រដ្ឋធម្មនុញ្ញ មិនរំលោភច្បាប់ទេ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះ យល់ថា បើចំណាត់ការ​របស់អាជ្ញាធររដ្ឋ អនុវត្តផ្ទុយពីស្មារតីរដ្ឋ​ធ​ម្មនុ​​ញ្ញ លោកថា វានឹង​បង្ហា​ញ​​ថា​ សេរីភា​ព​បញ្ចេញមតិ ត្រូវបានគំរាមកំហែងមុនការបោះឆ្នោតមកដល់។

បើគ្រាន់តែប្រើពាក្យទៅមិនទៅអី មានការចាប់ខ្លួន ដូច គ.ជ.ប. បកស្រាយអីជាដើម វាបង្ហាញពីភាពធ្លាក់​ចុះនៃល​ទ្ធិប្រ​ជា​​​​ធិ​បតេយ្យរួមទាំងការសម្តែងមតិហ្នឹង​ថែមទៀត ហើយមិនតែប៉ុណ្ណឹងទេ វាថែមទាំងធ្វើឲ្យសហគមន៍ជាតិ និងអន្តរ​ជាតិ គេមើ​ល​ឃើ​ញពីស្ថានភាពមិនល្អហ្នឹងកាន់តែខ្លាំងឡើងថែមទៀត។ វាអត់មានផលចំណេញទេ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វែ្រល លោក កន សាវាង្ស

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ប្រហាក់ប្រហែលដែរថា បើពិនិត្យទៅ​​លើ​ស្មារតី​រដ្ឋ​ធ​​ម្មនុញ្ញ​ ការអំពាវនាវនោះ ជាសេរីភា​ពបញ្ចេ​ញមតិ ប៉ុន្តែ លោកថា ការសម្រេចឲ្យជនសង្ស័យណាម្នាក់មានទោស ឬអត់ទោស ស្ថិ​ត​​​នៅ​​​លើចៅ​ក្រម។

ព្រោះកន្លងមក ​ពេល​ដែល​យើងធ្វើច្បាប់ យើងគិតថា ខ្លាចប្រើកម្លាំងទ័ពកម្លាំងអីរារាំងការបោះឆ្នោតទេ មិនសំដោះ​ទៅ​​​លើ​​​អ្ន​កអំ​ពាវនាវអញ្ចឹងទេ ប៉ុន្តែ បើ​មា​ន​ពាក្យប្តឹងផ្តល់អីទៅ មិនដឹងតុលាការគេកា​ត់បែបម៉េច? បើយើ​ងមើលរដ្ឋធ​ម្មនុ​ញ្ញ ​​វាជា​សេ​​រី​ភាព​​បញ្ចេញមតិទេ ពីព្រោះ កា​រមិន​ទៅ​បោះឆ្នោតមិនមែនជាបទល្មើសទេ។

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា អះអាងថា​ ការអំពាវនា​វដោយមិនបង្ក​ប់នូវកា​រ​ញុះ​ញង់​​​ឲ្យ​មានអំពើហិង្សា លោកថា ជាសេរីភាពបញ្ចេញមតិ ធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស។

ការលើកឡើងរបស់ក្រសួងមហាផ្ទៃ វាជាការព្រួយបារម្ភទៅលើ​ដំណើរការបោះឆ្នោត ហើយការបោះឆ្នោត​ហ្នឹង​ទៀត​សោ​ត ភា​​គីពាក់ព័ន្ធនឹងការបោះឆ្នោត រួមទាំង​គណៈកម្មាធិ​ការជាតិរៀបចំការ​បោះឆ្នោតហ្នឹង ហាក់ដូច​ជាព្រួយបារម្ភតែរឿ​ងអ្នកដែ​ល​​​គា​​ត់​បានទៅ ឬមិនទៅបោះឆ្នោតទៅវិញ។ ប៉ុន្តែ អ្វីដែលជាទស្សនៈរបស់ខ្ញុំ ខ្ញុំឲ្យគិតថា តើការចូលរួម ឬដំណើរការហ្នឹង វាសេរី ត្រឹ​ម​​ត្រូ​វ និងយុត្តិធម៌ហើយឬនៅ?

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

ទោះជាយ៉ាងណា អ្នកតាមដាន និងអ្នកច្បាប់ ទទូចឲ្យស្ថាប័នពាក់ព័ន្ធ គួរបង្កើនការផ្សព្វផ្សាយ​ឲ្យពលរដ្ឋដែលជាម្ចាស់ឆ្នោត យ​ល់​​ដឹ​​​ងពីសារ​សំខា​ន់​នៃ​ការ​ប្រើ​​ប្រា​ស់​សិទ្ធិ​ ទៅ ឬមិនទៅបោះឆ្នោត​តាមយន្តការប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់​ជម្លោះន​យោបា​យ​ក្រោ​​យ​​​​បោះ​ឆ្នោត ប្រ​សើ​រជាងប្រើមធ្យោបាយ​គំរាមកំហែង៕

ទិដ្ឋភាពប្រជាពលរដ្ឋទៅបោះឆ្នោត កាលពីឆ្នាំកន្លងទៅ (រូបភាព៖ VOA)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ