គ.ជ.ប និងរដ្ឋាភិបាលរួមគ្នាទប់ស្កាត់អ្នករារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត

លោក គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការដឹកនាំការអនុវត្តការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូល ត្រីមាសទី១ ឆ្នាំ២០១៨នៅព្រឹកថ្ងៃទី៧ ខែមិថុនា (រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានប្រកាសរួមគ្នាទប់ស្កាត់អ្នកដែលរងការចោទថា រារាំងមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោត។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។

បើតាមប្រភពខាងលើ លោក គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលមួយ នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD បន្ថែមថា ការរារាំងពលរដ្ឋមិនឲ្យចេញទៅបោះឆ្នោត គឺរាប់បញ្ចូលទាំងពាក្យសម្ដី ការអំពាវនាវ ឬការប្រាប់ឲ្យអ្នកដទៃ មិនចេញទៅបោះឆ្នោតដូចខ្លួនដែរ។

និយាយថា មិនឲ្យទៅបោះឆ្នោត  ហ្នឹងរារាំងហើយ មិនចាំបាច់តែយករបស់ ឬសម្ភារៈទៅទប់ស្កាត់ទេ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា វិធានការទប់ស្កាត់អ្នករារាំងមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោតនេះ នឹងចាប់អនុវត្តពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតមកដល់។

យ៉ាងណាក៏ដោយ លោកថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិបញ្ចេញមតិជុំវិញការបោះឆ្នោត ប៉ុន្ដែ មិនត្រូវមានចេតនាញុះញង់ឲ្យអ្នកដទៃ មិនចេញទៅបោះឆ្នោតដូចខ្លួននោះឡើយ។

លោកបន្ដថា៖ «ការបញ្ចេញមតិបង្កប់នូវបំណងអាក្រក់ណាមួយរារាំងដល់ការបោះឆ្នោត ក្នុងនាមសមត្ថកិច្ចត្រូវចាត់វិធានការ ដើម្បីដោះស្រាយភាពអសណ្ដាប់ធ្នាប់សង្គមបែបនេះ។ បើមានបំណងឲ្យអ្នកដទៃមិនទៅបោះឆ្នោតដូចខ្លួន មានន័យថា ខ្លួនឯងកំពុងញុះញង់សង្គមហើយ»។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី យល់ថា គ.ជ.ប ត្រូវមានវិធានការផងដែរ ចំពោះអ្នកបង្ខិតបង្ខំ ឬផ្ញើសារនយោបាយគំរាមកំហែងពលរដ្ឋឲ្យចេញទៅបោះឆ្នោត ដូចជា  អ្នកដើរបង្ខំពលរដ្ឋ ការទិញសន្លឹកឆ្នោត ឬការគំរាមកំហែងណាមួយនៅអំឡុងពេលបោះឆ្នោតជាដើម។

មានលក្ខខណ្ឌមួយពេលដែលមានអ្នកណាម្នាក់ដើរបង្ខំគេ ឧទាហរណ៍ថា មុនថ្ងៃបោះឆ្នោត ដូចយើងឃើញពីរដូវឆ្កែព្រុសមុនៗ ទៅបង្ខំគេ ទៅទិញសន្លឹកឆ្នោត ទិញទឹកចិត្ត យកលុយទៅទិញ ឬដើរប្រាប់គេថា បើមិនទៅបោះឆ្នោតស្អែកទេ អ្នកដែលនឹងមានផលវិបាក អាហ្នឹងខុសច្បាប់ មិនថា មកពីគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងឡើយ

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី

ទាក់ទិននឹងការបោះឆ្នោតនៅអាណត្តិទី៦នេះ អតីតក្រុមមេដឹកនាំបក្សប្រឆាំង និងប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវទៅប្រជាពលរដ្ឋ កុំឲ្យចេញទៅបោះឆ្នោត ដោយថា ការបោះឆ្នោតខាងមុខនេះ គឺជា «ការបោះឆ្នោតក្លែងក្លាយ» និងមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋ។

ប៉ុន្ដែ ក្នុងពិធីជួបជាមួយកម្មករ នៅថ្ងៃទី៦ខែមិថុនា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងជាមេដឹកនាំគណបក្សកាន់អំណាច បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកអំពាវនាវបែបនេះ ដោយលោកចោទថា ប្រឆាំងនឹងរាជសារព្រះមហាក្សត្រ។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិលើកទី៦របស់ខ្លួន នៅថ្ងៃទី២៩កក្កដាខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។ ប៉ុន្ដែ ប្រទេសលោកសេរីមួយចំនួនបានចាត់ទុកការបោះឆ្នោតនេះ ថា មិនមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌ទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរំលាយចោល ហើយអាសនៈរបស់អតីតបក្សប្រឆាំង ត្រូវបានបែងចែកឲ្យទៅគណបក្សផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ