អ្នកការសែតកូរ៉េខាងត្បូងពីរនាក់ត្រូវបានអាជ្ញាធរសឹង្ហបុរីចាប់ខ្លួនកាលពីថ្ងៃទី៧ខែមិថុនាកន្លងមកនេះ ដោយសារតែពួកគេបានចូលផ្ទះអគ្គរដ្ឋទូតកូរ៉េជើងដោយគ្មានការអនុញ្ញាត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានស្រ្តេតថាមរបស់សឹង្ហបុរី អ្នកការសែតជនជាតិកូរ៉េខាងត្បូងដែលលួចចូលផ្ទះអគ្គរដ្ឋទូតកូរ៉េជើងនោះជាបុគ្គលិកបម្រើការក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកូរ៉េដែលហៅកាត់ថា (KBS)។ តាមប្រភពដដែល ក្រៅពីអ្នកការសែតទាំងពីររូបនេះ អាជ្ញាធរសឹង្ហបុរីក៏បានឃាត់ខ្លួនជនជាតិកូរ៉េពីរនាក់ទៀតមកសាកសួរផងដែរ។
តាមប៉ូលីសសឹង្ហបុរី បើអ្នកការសែតទាំងពីរនេះត្រូវបានគេរកឃើញថាបានប្រព្រឹត្តដូចការចោទប្រកាន់មែនពួកគេប្រឈមនឹងការបង់ពិន័យជាប្រាក់ប្រហែលជា១១០០ដុល្លាអាមេរិក និងអាចជាប់ពន្ធនាគារចំនួន៣ខែទៀតផង។
សឹង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកអាមេរិកលោកដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននៅថ្ងៃទី១២ខែមិថុនាខាងមុខនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia អ្នកការសែតបរទេសជាង៣០០០នាក់នឹងមកសឹង្ហបុរីដើម្បីយកព័ត៌មានក្នុងជំនួបនេះ។