អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុង ផាត់ ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺចោទ មន្រ្តីទាហានម្នាក់ ឈ្មោះ ប៊ូ សុខគីម និងមន្រ្តីអាជ្ញាធរស្រុកបានឃុបឃិតគ្នាក្លែងបន្លំលិខិតលួចលក់ដីសហគមន៍ទៅឲ្យក្រុមហ៊ុន។
ពលរដ្ឋប្រមាណ១០០នាក់មកពីឃុំសង្កែសាទបក្នុងស្រុកឱរ៉ាល នៅថ្ងៃនេះបានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដី ដើម្បីសុំទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ ខណៈវិវាទបានអូសបន្លាយរយៈពេល១៣ឆ្នាំហើយនោះ។
ពលរដ្ឋម្នាក់លោក ទេព ដាវុធ ប្រាប់វីអូឌីកន្លែងតវ៉ាថា ដីសហគមន៍ដែលមន្រ្តីទាហាន និងអាជ្ញាធរឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុង ផាត់ នោះមានទំហំ៣៧៣៩ហិកតា ហើយពលរដ្ឋដែលអាស្រ័យផលពីដីនោះមានប្រហែល៤៧០គ្រួសារ។
លោក ទេព ដាវុធ ពលរដ្ឋម្នាក់ដែលមានទំនាស់ដីធ្លី
លោក ម៉ម សុវណ្ណ ដែលអះអាងថា ជាតំណាងពលរដ្ឋមានប្រសាសន៍ថា កាលផ្ទុះជម្លោះកាលឆ្នាំ២០០៥ អាជ្ញាធរស្រុក និងនាយរងសេនាធិការភូមិភាគ៣ លោក ប៊ូ សុខគីម បានប្រើប្រាស់កម្លាំងទាហានទៅបណ្តាញពលរដ្ឋចេញពីដីមានជម្លោះទាំងបង្ខំ និងបានប្រើប្រាស់ម៉ាស៊ីនត្រង់ឌឺន័រ កាត់ផ្តួលរំលំផ្ទះពលរដ្ឋចោលជាច្រើនខ្នងទៀតផង។
លោកបន្តថា កាលនោះតំណាងពលរដ្ឋមួយចំនួនក៏ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនមួយរយៈផងដែរ ប៉ុន្តែបានដោះលែងវិញ ក្រោយអ្នកភូមិរកកិច្ចអន្តរាគមន៍ពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកបន្ថែមថា«កាលណោះ គេដេញវាយ ដល់អញ្ចឹងខាងខ្ញុំជាប្រជាពលរដ្ឋដែលឃើញមក មិននាំគ្នារត់! ព្រោះគេសុទ្ធតែកាំភ្លើង ហើយខ្លះគេយកត្រង់ឌឺន័រមកកាត់ផ្តួលរំលំផ្ទះប្រជាពលរដ្ឋ ហើយមេសហគមន៍ប៉ុន្មាននាក់ ដែលឡើងទៅលើនោះក៏គេចាប់ឃុំ ហើយប៉ុន្មាននាក់ទៀតបានស្លាប់អស់ហើយដោយសារជំងឺមិនបានតតាំងក្តីទេ»។
វិអូឌីមិនអាចសុំឆ្លើយតបពីអាជ្ញាធរស្រុកឱរ៉ាល និងមន្រ្តីទាហាន លោក ប៊ូ សុខគីម បានទេជុំវិញការចោទប្រកាន់របស់ក្រុមពលរដ្ឋនេះ។ ចំណែកមន្រ្តីក្រសួងរៀបចំដែនដីបានប្រាប់ឲ្យពលរដ្ឋរងចាំដោយសន្យាពិនិត្យឯកសារ និងចុះស្រាវជ្រាវដើម្បីដោះស្រាយ ប៉ុន្តែមិនកំណត់រយៈពេលច្បាស់លាស់នោះទេ។ នេះបើតាមតំណាងពលរដ្ឋ លោក ម៉ម សុវណ្ណ។
ក្រុមពលរដ្ឋអះអាងថា ការដោះស្រាយដែលអ្នកភូមិចង់បាននោះ គឺសុំទៅរដ្ឋាភិបាលកាត់ឆ្វៀលដីមកឲ្យពលរដ្ឋវិញ និងបំលែងដីនោះទៅជាដីសង្គមកិច្ចវាស់វែងចែកជូនពលរដ្ឋទាំង៤៧០គ្រួសារ ធ្វើជាកម្មសិទ្ធដើម្បីបានបង្កបង្កើនផល៕