អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា នៅថ្ងៃនេះ ស្នើទៅតុលាការកំពូលឲ្យពន្យារសវនាការរហូតដល់បោះឆ្នោតរួចសិន ទាក់ទិននឹងសំណុំរឿងបរិហាកេរិ៍្តដែលប្ដឹងដោយមន្ត្រីតុលាការខេត្តសៀមរាប។
កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ បានសម្រេចឲ្យលោក នី ចរិយា ជាប់ពន្ធនាគារចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ ពាក់ព័ន្ធនឹងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។ ដោយមិនសុខចិត្តការសម្រេចនេះលោក នី ចរិយាបានប្ដឹងសារទុក្ខមកតុលាការកំពូល។
នៅថ្ងៃនេះតុលាការកំពូលបានបើកសវនាការ ប៉ុន្តែផ្អាកវិញក្រោយមានការស្នើពីមេធាវីការពារក្តីឲ្យលោក នី ចរិយា។
មេធាវីការពារក្ដីឲ្យលោក នី ចរិយា លោក សំ សុខគង់ ប្រាប់អ្នកសារព័ត៌ថា ការសុំពន្យារពេលសវនាការនៅថ្ងៃនេះ ដោយសារកូនក្ដីរបស់លោកទើបទទួលបានដីកាពីតុលាការកាលពីម្សិលមិញ។
លោក សំ សុខគង់ មេធាវីការពារក្ដីឲ្យលោក នី ចរិយា
អ្នកនាំពាក្យតុលាការកំពូល លោកអ៊ុក គឹមសិទ្ធិ ថ្លែងថា ក្រោយការទទួលសំណើ និងមានការពិភាក្សារួច តុលាការសម្រេចយល់ព្រម។
អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ លោកថា៖«មេធាវីគាត់ស្នើសុំឲ្យពន្យាពេលបោះឆ្នោតហើយ! ហើយតុលាការបានឯកភាពលើករឿងនេះទៅបោះឆ្នោតហើយបានន័យថា លើកពេលរឿងហ្នឹងត្រូវយកមកជម្រះពេលបោះឆ្នោតហើយ »។
លោក នី ចរិយា ត្រូវបានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនិងចៅក្រមស៊ើបអង្កេតលោក គី រិទ្ធី ប្ដឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីលោកធ្វើសន្និសីទសារព័ត៌មានបង្ហាញទំនាស់ដីធ្លីមួយកន្លែងរវាងប្រជាពលរដ្ឋ និងសហគមន៍តាខ្មៅ ក្នុងខេត្តសៀមរាបដោយនៅក្នុងឆ្នាំ២០១២ សហគមន៍បានស្នើដី ៤១៩ហិកតា ពីសាលាខេត្តសៀមរាប ដើម្បីអភិវឌ្ឍកសិកម្ម។