មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានបង្ហាញរបាយការណ៍អង្កេតមួយរកឃើញថា សិទ្ធិជាមូលដ្ឋានរបស់ជនជាប់ចោទមួយក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ មិនទទួលបានការគោរព។
តាមរបាយការណ៍ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាដែលCCHR បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៦ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ចេញផ្សាយកាលពីម្សិលមិញបញ្ជាក់ថា ជនជាប់ចោទ៤០នាក់បានថ្លែងចំពោះមុខចៅក្រមថាចម្លើយសារភាពដែលនាំឲ្យមានទោសនោះគឺដោយសារការប្រើអំពើហិង្សាឬ បង្ខំ ប៉ុន្តែមិនមានការយកចិត្តទុកចំពោះការលើកឡើងនោះទេ។
របាយការណ៍លើកឡើងទៀតថា ក្នុងចំណោមករណីដែលបានសង្កេតគឺ៦៥% ចៅក្រមមិនបានបញ្ជាក់ប្រាប់ជនជាប់ចោទពីសិទ្ធិនៃការរក្សាភាពស្ងៀមស្ងាត់មិនឆ្លើយ ចំណែក២១%មិនមានមេធាវីការពារពេលជំនុំជម្រះ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ សុំមិនធ្វើការអត្ថាធិប្បាយ ដោយសារ មិនទាន់បានមើលឃើញរបាយការណ៍នេះ។