តំណាងសហគមន៍ឡពាង អ្នកស្រី កែវ វណ្ណ ប្រាប់វីអូឌីតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធនេះថា ពួកគាត់ជួបជុំគ្នាដោយមានផែនការយកញត្តិទៅដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ត្រូវជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប៉ុន្តែត្រូវបានអាជ្ញាធរារាំង។
តំណាងសហគមន៍ឡពាង អ្នកស្រី កែវ វណ្ណ
ពលរដ្ឋម្នាក់ទៀត លោក ស្ងួន ញៀន លើកឡើងថា ពួកគាត់ចង់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ដើម្បីស្នើសុំឲ្យលោកកាត់ដីចំនួន២១.២២ហិកតា ដែលមានជម្លោះជាមួយ ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឲ្យពួកគាត់៥៣គ្រួសារវិញ។
លោកថា៖«ខ្ញុំទៅជួបសម្ដេចថ្ងៃនេះ គឺចង់ឲ្យសម្ដេចធ្វើយ៉ាងម៉េច ជួយដោះស្រាយវិវាទដីធ្លីដ៏រុំរ៉ៃមួយហ្នឹង គឺប្រគល់ដីឲ្យពួកខ្ញុំវិញ ហើយសុំឲ្យក្រុមហ៊ុនសងការខូចខាតដែលក្រុមហ៊ុនឈូសឆាយផ្ទះកាលពីឆ្នាំ២០០៨ហ្នឹង»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីមេប៉ុស្តិ៍ឃុំតាជេស លោក ចាន់ តារា និងអធិការស្រុកកំពង់ត្រឡាចបានទេនៅព្រឹកថ្ងៃពុធនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកករណីនេះ ជាការគំរាមកំហែង និងបំបិទសិទ្ធិប្រជាពលរដ្ឋក្នុងការតវ៉ា។ លោកបន្តថា ប្រសិនបើអាជ្ញាធរមិនចង់ឲ្យពួកគាត់ទៅជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ទេ អាជ្ញាធរនៅក្នុងមូលដ្ឋានគួរតែទទួលញត្តិនេះពីប្រជាពលរដ្ឋរួចយកទៅដាក់ជូនរាជរដ្ឋាភិបាល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិអាដហុក លោក ស៊ឹង សែនករុណា
ជម្លោះដីធ្លីរវាងពលរដ្ឋឃុំតាជេស និងក្រុមហ៊ុន ខេ.ឌី.ស៊ី បានអូសបន្លាយរយៈពេលជាង១០ឆ្នាំមកហើយ ហើយជម្លោះនេះបានឈានដល់ការចាប់ខ្លួនពលរដ្ឋដាក់គុក និងប្រើហិង្សាបណ្ដាលឲ្យរបួសជាច្រើននាក់។ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ក្រុមអ្នកភូមិ និងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន បានប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្ម បណ្ដាលឲ្យរបួសទាំងសងខាងជាង២០នាក់។ ក្រោយមក តុលាការខេត្តកំពង់ឆ្នាំង បានចេញដីកាតាមចាប់ខ្លួនពលរដ្ឋជាច្រើននាក់ដាក់គុក តាមបណ្ដឹងរបស់ភាគីកម្មករក្រុមហ៊ុន៕