អ្នក​​តាម​​ដាន​​ថា​​បើ​​​អឺ​រ៉ុប​​មិន​ជឿ​លើ​ការ​បោះឆ្នោត​នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​​បា​ត់​ប​ង់​​

កំពង់ផែខេត្តព្រះសីហនុ ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ក្រុមអ្នកតាមដានបង្ហាញការយល់ឃើញថា កម្ពុជាអាចនឹងបាត់បង់ទឹកប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗពីប្រព័ន្ធអនុ​គ្រោះ​ពន្ធ ​របស់សហភា​ពអឺរ៉ុប បើការបោះឆ្នោ​ត​ខាងមុខ មិនធានា​ដល់យន្តកា​រ​ប្រ​ជាធិបតេយ្យ។

ការបង្ហាញក្តីបារម្ភរបស់អ្នកតាមដាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល កាលពីសប្តាហ៍មុន បានបញ្ជូនក្រុមការងារ មួយក្រុមទៅ ស​​ហភាពអឺរ៉ុប ​ដើម្បី​បញ្ចុះ​បញ្ចូល កុំឲ្យសភាពអឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​ប្រទេ​សកម្ពុជា ក្រោយពីតុលាការកំពូលរំលា​យ​ប​ក្ស​ប្រ​ឆាំ​​ងមុនកា​​របោះ​ឆ្នោតមកដល់ បិទ​ប្រព័ន្ធផ្សព្វផ្សាយឯករជ្យ និងបានសង្ស័យថាអង្គការសង្គមស៊ីវិលមួយចំនួនថា ជាក្រុ​ម​បដិវ​ត្ត​ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលជាដើម។

សភាអឺរ៉ុបនៅខែមុននេះ បានព្រមានជាថ្មីទៀតថា នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធ ដល់កម្ពុជា បើខ្លួនរកឃើញថា រដ្ឋា​ភិបាលកម្ពុជា ពិតជាមិនបានធ្វើឲ្យប្រសើរឡើងវិញ ពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពិសេសដំណើរការ​បោះឆ្នោ​តខា​ង​មុខ ទាំ​ងគ្មានគណបក្សប្រឆាំងចូលរួមនោះ។

អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា ផលិតផលកាត់ដេរ និងកសិកម្មប្រមាណជា ៦០ភាគរយ បាននាំទៅ​លក់នៅទី​ផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ជំរុញដល់អត្រាកំណើតសេដ្ឋកិច្ចដល់ទៅ៤០ភាគរយ។ លោកថា បើ​​សភា​អឺរ៉ុប ឈប់​ផ្តល់​ប្រ​ព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាមែន លោកថា វិស័​យកា​ត់​ដេ​​​រ​នឹងរង​​គ្រោះ​​ធ្ងន់ធ្ងរជាងគេ ដោយបាត់បង់លទ្ធភាព ប្រកួតប្រ​ជែង​​ជា​​មួយប្រទេសជិតខាង ដោយសារតែ​ទំនិញទាំ​​​ងអស់ដែលនាំចូលទៅទីផ្សារអឺរ៉ុបត្រូវបង់ពន្ធឡើងវិញ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ពន្យល់ថា អ្វីដែលកម្ពុជាអាចរក្សាបានប្រព័ន្ធអនុគ្រោះពន្ធនេះ លុះណាតែកម្ពុជា​ទទួលយក​លក្ខខ​ណ្ឌ​នា​​នា របស់សភាអឺរ៉ុបប ដែលចង់ឃើញកម្ពុជា គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយជាដើម។

ចង់បញ្ជាក់ឲ្យច្បាស់ថាក្រៅពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកហ្នឹង ផលិតផលកា​ត់ដេរ កុំរំពឹងថាទៅប្រទេសណា​ទៀត ​ទោះបីជាមានក៏មានតិចតួចបំផុត មិនអាចមានទំហំធំដូចបច្ចុប្បន្ននេះទេ។​ បន្ទាប់មកស្រូវអង្ក​រហ្នឹងមិនធ្ងន់ធ្ងរដូចកា​ត់ដេ​រពេក​ក៏​យើ​ងមានការព្រួយបារម្ភដែរ ពីព្រោះយើងលក់បានចំណេ​ញច្រើនដោយសាតែយើ​ងមានប្រព័ន្ធអ​នុគ្រោះព​ន្ធហ្នឹ​ងទៅ​ស​ហគមន៍អឺរ៉ុបដែរ

អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ

របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅបង្ហាញថា ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​៥ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​ភា​គច្រើ​ន​គឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើង ថា ជំនួយនានាបូក​រួមទាំងប្រព័​ន្ធអ​នុ​គ្រោះ​ពន្ធ របស់សភាអឺរ៉ុប បានភ្ជាប់ទៅនឹងល​ក្ខ​ខ​​​​ណ្ឌ​​​​នៃ​ការគោរពសិទ្ធិមនុស្ស លោកថា បើរដ្ឋាភិបាល នៅតែធ្វើឲ្យប្រ​​ជាធិ​​បតេយ្យនៅកម្ពុជា ស្ថិតក្នុងភាពផុយស្រួយ ការបញ្ជូនមន្ត្រីទៅទប់ស្កាត់ កុំឲ្យសហ​ភាពអឺ​រ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ ទំ​ន​​ងជាពិបាកទទួលបានជោគជ័យ។

ប្រតិកម្មរបស់អន្តរជាតិកន្លងមកគឺរឿងការបោះឆ្នោតនៅពេលខាងមុខនេះ ថាតើកម្ពុជាត្រូវបង្ហាញទៅប្រទេ​សជាហត្ថ​លេខី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងផង និងប្រទេសដែលយើងទទួលនូវលក្ខ​ខណ្ឌដែលជាទីផ្សារដែលយើងនាំចេញ​ហ្នឹង​ផង​ថា​តើ​ការបោះឆ្នោតខា​ងមុខនេះធានាបាននូវភាពត្រឹមត្រូវសេរី យុត្តិធម៌ដែរអត់ ហើយប្រព័ន្ធបោះឆ្នោតហ្នឹងវាធានានូវ​ការគោ​រពសិ​ទ្ធិម​នុស្ស ប្រជាធិបតេយ្យដែរអត់

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាចាប់ពីចុងឆ្នាំ២០១៧មកអឺរ៉ុប តែងតែវាយតម្លៃថា ប្រជាធិបតេយ្យ​នៅ​ក​ម្ពុ​​ជា​​បានធ្លាក់ចុះ និងបង្ហាញជំហរជាញឹកញាប់ឲ្យរដ្ឋាភិបាលវិលទៅស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈបើកលំ​ហប្រជា​ធិ​ប​តេយ្យ និងបើកផ្លូវឲ្យអតីតបក្សប្រឆាំងដែលបានរំលា​យទៅហើយនោះបានចូ​លរួមបោះឆ្នោតឡើងវិញ ដោយគ្មានកា​រគំ​រាម​កំ​ហែ​ង ដើម្បីធានាពីយន្តការប្រជាធិបតេយ្យ ប៉ុន្តែលោកថាច្រើនខែមកនេះ បញ្ហានយោបាយហាក់នៅទ្រឹងដដែល។

អ្នកវិភាគនយោបាយរូបនេះ វិភាគថា កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ បើសភាពអឺរ៉ុបនិងប្រ​ទេសលោកសេរីផ្សេ​ងទៀ​ត នៅតែយល់ថា ដំណើរការបោះឆ្នោតពេលនេះបានដើរចេញពីគន្លងប្រជាធិបតេយ្យមែននោះ។

លោកថា៖«ប្រសិនបើយើងធ្វើឲ្យគេទទួលស្គាល់ គេឲ្យតម្លៃថាយន្តការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមអាមេរិក និងអឺរ៉ុបចង់បាន ប្រហែលជាគេមិនផ្តាច់ទេ ប៉ុន្តែបើខុសគោលការណ៍ហ្នឹង ខ្ញុំគិតថាប្រហែលជាគេមានវិធានការហើយ»

ពា​ក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធនេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រា​ប់​នា​យករដ្ឋ​មន្ត្រីថា នៅឆ្នាំ២០១៦កម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ រ​បស់សហភាព​អឺរ៉ុបនេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered