លោក​ ហ៊ុន សែន​ ចោទ​​សហជីព​​មួយ​​ចំនួន​​ថា​ ហែរ​​ក្បួន​​ថ្ងៃ​​១​​ឧសភា​​ដើម្បី​​ផ្គាប់​​ចិត្ត​​ម្ចាស់​​ជំនួយ​

លោក ហ៊ុន សែន ជួបសំណេះសំណាលសួរសុខទុក្ខកម្មករកម្មការិនីសរុបប្រមាណ ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល (រូបភាព៖ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ទៅ​មេដឹកនាំ​សហជីពមួយ​ចំនួន​ថា បាន​ដឹកនាំ​ហែរ​ក្បួន​ទាមទារ​លក្ខខណ្ឌ​ការងារ ដើម្បី​តម្រូវ​ចិត្ត​ម្ចាស់​ជំនួយ ដោយ​ថា ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​មិន​ចាំ​បាច់​ដើរ​ហែរ​ក្បួន​នោះ​ឡើយ។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ-កម្មការិនី​នៅ​ឯ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា មេដឹកនាំ​សហជីព​មួយ​ចំនួន តែង​តែ​ស្នើ​សុំ​ដឹកនាំ​កម្មករ-កម្មការិនី ដើរ​ហែរ​ក្បួន​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ចំ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា។ លោក​បាន​ហៅ​សកម្មភាព​បែប​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​តម្រូវ​ចិត្ត​ម្ចាស់​ជំនួយ ជា​ថ្នូរ​នឹង​លុយ​ជំនួយ​សម្រាប់​ស្ថាប័ន​តែ​ប៉ុណ្ណោះ។

បើសិនជាមិនហែរក្បួនទេ ម្ចាស់លុយ​នៅក្រៅប្រទេស គេមិនឲ្យលុយទេ ប៉ុន្តែ ខ្ញុំក៏សុំផ្តាំទៅទាំងម្ចាស់លុយ សុំយល់ថា មិនមែនទាល់តែហែរក្បួនទើបហៅថា សេរីភាពកម្មករទេ ហើយក៏សុំផ្តាំទៅអ្នកដែលទទួលលុយពីបរទេស​ដែលមកធ្វើសហជីព មិនមែនទាល់តែហែរក្បួនបានហៅថា សេរី ហើយគេឲ្យលុយនោះទ​ ត្រូវ​គិតទៅដល់សុខទុក្ខកម្មកររបស់យើង​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បើទោះ​បី​ជាលោក ហ៊ុន សែន ពុំ​បាន​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​សហជីព​ណា​មួយ​ជាក់​លាក់​ក៏ដោយ ប៉ុន្តែ លោក​ហាក់​សំដៅ​ដល់​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​ត្រូវ​បាន​ដឹង​ថា លោក​បាន​ស្នើ​សុំអាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​​ ដង្ហែរ​ក្បួន​ទៅ​កាន់​វិមាន​​រដ្ឋ​សភា នៅ​ចំ​ទិវា​ពលកម្ម​អន្តរជាតិ ១​ ឧសភា។

ទោះជាយ៉ាងណា មេដឹកនាំ​សហជីព​រូប​នេះ បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ថា សំណើ​សុំ​ដង្ហែរ​ក្បួន​នា​ពេល​កន្លង​មក មាន​បំណង​ទាមទារ​លក្ខខណ្ឌ​ការងារ​តែ​ប៉ុណ្ណោះ។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់
CLC [សហភាព​ការងារ​កម្ពុជា] ធ្វើរាល់ឆ្នាំ ព្រោះថ្ងៃ ១ឧសភា យើង​យក​ឱកាស ដើម្បីរំលឹកអនុស្សាវរីយ៍ថ្ងៃ ១ ឧសភា ក៏ដូចជាដាក់ញត្តិ សំណើរផ្សេងៗទៅរដ្ឋាភិបាល ព្រោះយើងមិនងាយបានដាក់ញត្តិ ដាក់សំណើរអ្វីផ្សេងៗទេ។ ចំពោះយើងមិនមានអ្វី​ដែលថា ទៅបំពេញ​ទៅម្ចាស់ជំនួយ​ដែលយើង​បានធ្វើទេ​

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចធ្វើឲ្យសហគមន៍អន្តរជាតិវាយតម្លៃថា រដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់ដល់កម្មករ ឲ្យ​ពួកគេ​ទទួលបានសិទ្ធិ​ស្រប​តាមច្បាប់ជាតិ និងអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ការលើកឡើងរបស់សម្តេច​ វាអាច​ធ្វើឲ្យសហគមន៍អន្តរជាតិ សង្គមជាតិមួយចំនួន តំបន់មួយចំនួន គេគិតថា ប្រទេសកម្ពុជាមិនមានឆន្ទៈនៅក្នុង​ការ​លើកកម្ពស់​សិទ្ធិកម្មករ ដូចអ្វីដែលខ្លួនបានផ្តល់សញ្ចាប័ន អ្វីដែលខ្លួនបានរៀប​ចំជាច្បាប់ការងារ​ អ្វីដែលខ្លួនបានរៀប​ចំជាយន្តការដោះស្រាយ​វិវាទ ឬក៏ការទប់ស្កាត់នូវ​ការជួញដូរ ការកេងប្រវ័ញកំលាំងពលកម្ម​ទេ​»។

ជារៀងរាល់ឆ្នាំ ក្រុមសហជីព និងសមាគម តែងតែនាំគ្នារៀបចំបា្ររព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយ​ជួបជុំគ្នានៅទីកន្លែងសំខាន់ៗ ដូចជានៅរាជធានីភ្នំពេញ ដើម្បីសម្តែងមតិ កង្វល់ និងស្នើសុំឲ្យកែលម្អលក្ខខណ្ឌការងារសម្រាប់​កម្មករ​-កម្មការិនី​កម្ពុជា៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ