សហជីពមួយ បានជំរុញទៅរដ្ឋាភិបាលឲ្យចាត់វិធានការទៅលើក្រុមហ៊ុនម៉ៅការសំណង់មួយ បន្ទាប់ពីកម្មករ ២នាក់ បានស្លាប់ និងកម្មករ ៥នាក់ទៀត បានរងរបួស ក្រោយពីសំណង់ខុនដូមេគង្គវីយូ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា បានបាក់កាលពីចុងសប្ដាហ៍កន្លងមកនេះ។
កម្មករសំណង់ ២នាក់ ត្រូវបានរកឃើញថា ស្លាប់ ហើយ ៥នាក់ទៀតបានរងរបួស ក្រោមគំនរបាក់បែកស្ថិតនៅលើជាន់ទី២៣ នៃសំណង់ខុនដូរមេគង្គវីយូ ទីតាំងទី៦ កាលពីថ្ងៃទី០១ ខែកក្កដានេះ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែកក្តដា សហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានស្នើទៅរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋជួយដោះស្រាយ និងចាត់វិធានការទៅក្រុមហ៊ុនសំណង់ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់សំណងជូនក្រុមគ្រួសារជាជនរងគ្រោះឲ្យបានសមរម្យ។
ប្រធានសហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក សុខ គីន បានបន្ថែមលើសេចក្តីថ្លែងការណ៍ថា ករណីកម្មករជួបគ្រោះថ្នាក់ដោយសារបាក់ប្លង់សេសំណង់ខុនដូនោះ ហាក់មានការលាក់បាំង ដោយថា ពេលក្រុមការងាររបស់លោកចុះស្រាវជ្រាវ និងសួរនាំជុំវិញហេតុការណ៍នេះ មិនត្រូវបានកម្មករ និងមេការសំណង់នៅទីនោះផ្តល់ព័ត៌មានឲ្យឡើយ។
ប្រធានសហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក សុខ គីន
ប្រធានសហព័ន្ឋសហជីពរូបនេះ បន្តថា បើប្រៀបធៀបជាកម្មករក្នុងវិស័យនានា កម្មករសំណង់ជួបបញ្ហាលំបាក និងអត្រាគ្រោះថ្នាក់ខ្ពស់ជាងគេ ហើយលោកថា កម្មករសំណង់ក៏មិនត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ឋផ្សេងៗនោះទេ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានឆ្លើយប្រាប់វីអូឌីតាមបណ្ដាញទំនាក់ទំនងសង្គមថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចរួមទាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ និងក្រសួង កំពុងធ្វើករដោះស្រាយហើយ។
របាយការណ៍របស់សហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ដែលបានស្ទង់មតិលើកម្មករសំណង់ជាង ១ពាក់នៅតាម ៤៨គោលដៅក្នុងរាជធានីភ្នំពេញកាលឆ្នាំ២០១៧ បានរងឃើញថា អត្រាគ្រោះថ្នាក់របស់កម្មករសំណង់បានកើនឡើងខ្ពស់រហូតទៅដល់ ១៩% ឬមានន័យថា កម្មករ ១៩នាក់ក្នុងចំណោម ១០០នាក់ បានរងគ្រោះថ្នាក់ការងារ ខណៈដែលរកឃើញផងដែរថា កម្មករទទួលបានការព្យាបាលត្រឹមតែ ៩%ប៉ុណ្ណោះ ក្រោយរងគ្រោះថ្នាក់ការងារ។
របាយការណ៍ដដែលនោះ បានរកឃើញទៀតថា កម្មករសំណង់រហូតទៅដល់ទៅ ៨៧ភាគរយ ពុំដែលទទួលបានការបណ្ដុះបណ្ដាលបចេ្ចកទេសវិជ្ជាជីវៈនោះទេ ខណៈកម្មករ ៨៩ភាគរយទៀត ត្រូវបានជួលឲ្យធ្វើការតាមរយៈកិច្ចសន្យាផ្ទាល់មាត់៕