លោក​ ហ៊ុន សែន​ ថ្លែង​​ឌឺ​អតីត​​មេ​បក្ស​​ប្រឆាំង​​ថា​ រំលាយ​សង្គ្រោះជាតិ​ដើម្បី​បញ្ចៀស​​សង្គ្រាម​​

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការ​រំលាយ​គណបក្សសង្គ្រោះជាតិមិនឲ្យប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច​ គឺដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមកើតឡើងនៅ​កម្ពុជា។

នាយករដ្ឋមន្ត្រីមន្ត្រីថ្លែងបែបនេះ បន្ទាប់​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បានសរសេរសារក្នុង​​ហ្វេសប៊ុករបស់លោក​កាលពីម្សិលមិញ ដោយ​ជំរុញទៅប្រជាពលរដ្ឋកុំទៅបោះឆ្នោត​នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ប៉ុន្តែ លោកថា អ្នកដែលទៅបោះឆ្នោត នឹង​ក្លាយជាជនក្បត់ជាតិ ព្រោះ​លោក ហ៊ុន សែន ជាមេក្លោង។

ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករ​-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹក​ថ្ងៃទី៥ កក្កដានេះ លោក ហ៊ុន សែន បានថ្លែង​បែបឌឺដងទៅមេដឹកនាំអតីតបក្សប្រឆាំងថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺ​ដើម្បីកុំឲ្យមាន​សង្គ្រាមកើតឡើង ដោយលោកចាត់ទុកថា អតីត​បក្សប្រឆាំងមួយ​នេះថា ធ្វើនយោបាយលាបពណ៌បក្សកាន់អំណាច។

កម្ពុជាជៀសមិនផុតពីសង្គ្រាមទេ ប្រសិន​បើបក្សចង្រៃនោះ វាមិនទាន់បានផ្តន្ទាទោស​ ដោយមិនរំលាយបក្សនោះ ព្រោះអ្វី អាងអីឡើង អាងតែសងសឹក។ នយោបាយចេញមក​មានអញអត់ឯង មានឯងអត់អញ គេធ្វើនយោបាយ​ គេស្វះស្វែងរកការបង្រួបបង្រួមជាតិ ឯងធ្វើនយោបាយលាបពណ៌គេរហូត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ​តី​ត​​តំណាង​រាស្ត្រ​គណប​ក្សប្រ​ឆាំង ​លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន​ មានប្រសាសន៍ថា បើអតីត​គណបក្សសង្គ្រោះជាតិបានប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច​ កម្ពុជាមិនមានសង្គ្រាមនោះទេ ដោយថា បក្សនេះដឹកនាំក្រោមមាគ៌ាលទ្ធិប្រជាធិបតេយ្យ។

ប្រសិនបើអ្នកនយោបាយមិនបញ្ឈប់សម្តីវាយប្រហារគ្នាដោយចិត្តចងគំនុំ ចងពារគ្នាមិនចេះចប់ទេ វាប៉ះពាល់ធំមែនទែន វាធ្វើឲ្យជាតិ ជាពិសេសប្រជាពលរដ្ឋ​អ្នកដែលគាំទ្របក្សទាំងសងខាងនឹងបែកបាក់គ្នា បើសិនគាត់បែកបាក់គ្នា វាជាការល្អសម្រាប់ជនបរទេសដែលចាំតែឈ្លានពានខ្មែរស្រាប់ ដូចជាយួន សៀមជាដើម

អ​តី​ត​​តំណាង​រាស្ត្រ​គណប​ក្សប្រ​ឆាំង ​លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន

ប្រធានក្រុមអ្នកវិភាគវ័យក្មេង ហង្ស វិទូ បានវិភាគថា បើអ្នកនយោបាយនៅតែបន្តលាបពណ៌គ្នាទៅវិញទៅមក​ នឹងធ្វើឲ្យបរទេសឆ្មក់ឱកាសទាញយកប្រយោជន៍​ពីកម្ពុជា។​

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនជឿទេ ខ្ញុំជឿថា ទោះបីជាសង្គ្រោះជាតិនៅក៏ដោយ ឲ្យតែមានការបោះឆ្នោតត្រឹមត្រូវ​ មានការគោរពសិទ្ធិមនុស្ស​ មានការផ្តល់យុត្តិធម៌នៅក្នុងសង្គម​វាមិនអាចទេ គ្មានអ្នកណាគេ​ទៅធ្វើសង្គ្រាមទេ»។

គណបក្ស​នយោបាយ​ចំនួន ២០ បាន​ចុះ​ឈ្មោះ​រួច​រាល់​ហើយ​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ចុង​ខែ​កក្កដា​នេះ ប៉ុន្តែ គ្មាន​ទេ​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ធំ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន នោះ បន្ទាប់​ពី​អតីត​បក្ស​ប្រឆាំង​ដ៏​​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន និង​ហាម​ឃាត់​ថ្នាក់ដឹកនាំ១១៨រូប មិន​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយរយៈពេល៥ឆ្នាំទៀតផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ