បក្ស​កាន់​អំណាច​ឃោសនា​ថា​ ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកតួនាទីជាអនុប្រធានអ្នកប្រជាធិបតេយ្យនិយមកណ្ដាលដែលខ្លួនទើបទទួលបាន មកប្រកាសថា រដ្ឋាភិបាលសព្វថ្ងៃ បានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារសន្ដិភាព និងបញ្ចៀសសង្គ្រាម។

ក្នុងសន្និសីទសារព័ត៌មានមួយនៅល្ងាចថ្ងៃសុក្រនេះ នៅទីស្នាក់កណ្ដាលគណបក្ស អ្នកនាំពាក្យបក្សកាន់អំណាចលោក សួស យ៉ារ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តួនាទីជា «អនុប្រធានអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សម្រាប់កិច្ចការអាស៊ីប៉ាស៊ីហ្វិក» គឺថា គណបក្សដឹកនាំរដ្ឋាភិបាលមួយនេះ មិនមែនឯកោនោះទេ និងថា បានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ៩៤ មកពីតំបន់អាហ្វ្រិក អាមេរិកឡាទីន និងតំបន់អាស៊ី ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ និងសន្ដិភាព។

លោកបន្ដថា៖ «ការបញ្ចៀសនូវអំពើហិង្សា ទប់ស្កាត់បាននូវអំពើជ្រុលនិយម ដើម្បីផ្ដល់សុខុដុមរមណីយកម្មជូនប្រជាជនកម្ពុជា។ ថ្ងៃស្អែកគឺជាថ្ងៃចាប់ផ្ដើមក្នុងការឃោនាបោះឆ្នោត ថ្ងៃនេះគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបញ្ជាក់ជូនជនរួមជាតិទាំងអស់ថា កម្ពុជា និងគណបក្សប្រជាជនកម្ពុជាមិនឯកោទេ ហើយយើងមានមិត្តអន្ដរជាតិមកពីគ្រប់ទិសទី ដើម្បីគាំទ្រនូវនយោបាយរបស់យើង»។

យ៉ាងណាក៏ដោយ ការលើកឡើងនៅមុនការឃោសនាបោះឆ្នោតនេះ គឺស្របពេលដែលសហគមន៍អន្ដរជាតិ នាំមុខដោយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្ដរជាតិ វាយតម្លៃថា កម្ពុជាកំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ ក្រោយការរំលាយអតីតបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ