ប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មានធំៗជាច្រើនលើពិភពលោក បានចុះផ្សាយយ៉ាងព្រោងព្រាតពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងក្នុងប្រទេសថៃ។ ព័ត៌មានទាំងនោះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីប្រជាជនទូទាំងសាកលលោក ជាពិសេសរឿងវ៉ាវដែលទាក់ទងនឹងក្រុមកីឡាករបាល់ទាត់ក្មេងៗដែលជាប់នៅក្នុងរូងភ្នំមួយនៅខេត្តឈៀងរ៉ៃដែលជាខេត្តភាគខាងជើងបំផុតរបស់ថៃ។
ងាកមកមើលប្រទេសថៃដែលជាតួអង្គសំខាន់នៅក្នុងរឿងនេះវិញ អ្វីដែលជាការកត់សម្គាល់ទាំងរដ្ឋាភិបាល ទាំងប្រជាជនថៃសុទ្ធតែបានបង្ហាញឆន្ទៈខ្ពស់ក្នុងការជួយសង្រ្គោះក្រុមកុមារដែលបាត់ខ្លួនទាំងនោះតាមគ្រប់់រូបភាពទាំងអស់ដែលខ្លួនអាចធ្វើទៅបាន។
ចាប់តាំងពីទទួលបានដំណឹងពីការបាត់ខ្លួនក្រុមកីឡាករបាល់ទាត់ក្មេងៗទាំង១២នាក់និងគ្រូបង្វឹករបស់ពួកគេ ប្រជាជននិងមេដឹកនាំថៃបានផ្ដល់ជាគំនិតគ្រប់យ៉ាងបែបយ៉ាងជួយដល់ពួកគេ។ ព្រះមហាក្សត្រថៃ មេដឹកនាំគ្រប់ជាន់ថ្នាក់ គ្រួបង្រៀន សិស្ស និស្សិត និងប្រជាជនទូទៅបានចូលរួមបួងសូងសុំពរជ័យជាសារណៈដល់ក្រុមកីឡាករក្មេងៗនិងគ្រូបង្វឹករបស់ពួកគេ។
ក្រៅពីការបួងសួងតាមបែបសាសនានេះ រដ្ឋាភិបាលថៃនិងប្រជាជនក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយក្រុមក្មេងៗទាំងនោះ។ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័ននានាបានផ្ដល់ជាអនុសាសន៍ផ្សេងៗដល់រដ្ឋាភិបាលរបស់ពួកគេក្នុងការរុករកកុមារទាំងនោះ។ ចំណែករដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និងគ្រប់ផ្នែកដែលពាក់ព័ន្ធក៏បានជួយគ្នាទៅវិញទៅមកផងដែរ។
បន្ទាប់ពីការរកឃើញក្រុមក្មេងៗទាំង១២នាក់និងគ្រូបង្វឹករបស់ពួកគេ រដ្ឋាបាលភិបាលថៃបានរិះរកមធ្យោបាយសព្វបែបយ៉ាងដើម្បីនាំខ្លូនពួកគេចេញពីរូងថាមហ្លួង។ ដោយសារតែវាជារដូវវស្សា ដូច្នេះអ្វីដែលរដ្ឋាភិបាលថៃត្រូវដោះស្រាយជាមួយនៅ គឺបញ្ហាទឹកជំនន់ដែលបានជន់លិចរូងភ្នំនេះហើយបានរារាំងមិនឲ្យក្រុមកីឡាករបាល់ទាត់វ័យក្មេងទាំងនោះចេញមកក្រៅបាន។ ជាដំណោះស្រាយភ្លាមៗ រដ្ឋាភិបាលថៃបានដាក់ម៉ាស៊ីនបូមទឹកចេញពីរូងភ្នំនោះ។
រឿងបូមទឹកចេញពីរូួងភ្នំជាមធ្យោបាយមួយដែលអាចជួយកាត់បន្ថយកម្រិតទឹកបានខ្លះនៅក្នុងរូងភ្នំ។ ប៉ុន្តែបើក្រឡេកទៅមើលផលប៉ះពាល់ដោយសារតែទឹកដែលបូមចេញពីរូងភ្នំនេះវិញគឺប៉ះពាល់ដល់ដីស្រែជាង២០០ហិចតារបស់ប្រជាជននៅតំបន់នោះ។ ប្រជាកសិករថៃដែលដីស្រែរបស់ពួកគេរងផលប៉ះពាល់ដោយសារទឹកនោះ មិនមានការតវ៉ាជំទាស់អ្វីឡើយទៅលើរឿងនេះ។ កសិករថៃម្នាក់ដែលស្រែរបស់គាត់ក៏ខូចខាតដោយដែលបូមចេញពីរូងភ្នំថាមហ្លួងដែរនោះ បាននិយាយជាមួយអ្នកសារព័ត៌មានស្រ្តេតថាមរបស់សឹង្ហបុរីថាគាត់អាចរកលុយពីការធ្វើកសិកម្មម្ដងទៀតនៅពេលក្រោយ ប៉ុន្តែជីវិតមនុស្សទាំង១៣ គេមិនអាចបង្កើតឡើងវិញបានទេ។ ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលថៃនៅតែផ្ដល់ឲ្យប្រជាកសិករទាំងនោះនូវទឹកប្រាក់ប្រហែលជា២០០ដុល្លាក្នុងមួយហិចតាដែរដើម្បីជាថ្នូរនឹងការខូចខាត។
ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ រដ្ឋាភិបាលថៃក៏បានផ្លាស់ប្តូរវិធីក្នុងការជួយសង្រ្គោះក្រុមមនុស្សទាំង១៣នាក់នោះ។ រដ្ឋាភិបាលថៃបាន ឲ្យក្រុមមុជទឹករបស់ខ្លួនជួយពួកគេទាំងនោះវិញ។ ក្នុងបេសកម្មដែលរដ្ឋាភិបាលថៃកំពុងធ្វើនៅពេលនេះ កងទ័ពថៃម្នាក់បានបាត់បង់ជិវិតរបស់ខ្លួនក្នុងពេលបំពេញការងារទៀតផង។ ទោះបីជាមានការបាត់បង់ជីវិត ក្រុមអ្នកជួយសង្រ្គោះយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលប្រទេសមិនបានរុញរានោះទេក្នុងការបន្តបេសកម្មរបស់ខ្លួនជួយដល់ក្មេងៗទាំងនោះ។
កិច្ចខិតខំប្រឹងប្រែងមួយទៀតដែលរដ្ឋាភិបាលថៃសម្រេចបានគឺការជួយពីអន្តរជាតិ។ ក្រុមអ្នកជំនាញមុជទឹកមកពីសហរដ្ឋអាមេរិក អូស្ត្រាលី ចិន និង អង់គ្លេសជាដើម បានចូលរួមក្នុងប្រតិបត្តិការណ៍ជួយសង្រ្គោះអ្នកទាំង១៣នាក់នោះ។ រហូតដល់កាលពីម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានសរសេរនៅលើបណ្ដាញTwitter របស់លោកថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលថៃដើម្បីជួយគ្នានាំក្មេងទាំងនោះចេញពីរូងភ្នំមកកាន់កន្លែងមានសុវត្ថិភាព។
ដោយឡែកបើក្រឡេកទៅមើលប្រជាជនសាមញ្ញរបស់ថៃវិញ ពួកគេក៏បានជួយយ៉ាងសស្រាក់សស្រាំក្នុងប្រតិបត្តិការណ៍ជួយក្មេងទាំងនោះទោះបីជាការជួយនោះមិនមែនជាការជួយដោយផ្ទាល់ក៏ដោយ។ សារព័ត៌មានBBC របស់អង់គ្លេសបានចុះផ្សាយកាលពីម្សិលមិញថាក្រុមអ្នកបោកអ៊ុតមូយក្រុមដែលក្នុងនោះមានទាំងថៅកែនិងកម្មករបានស្ម័គ្រចិត្តទទួលយកសម្លៀកបំពាក់ក្រុមអ្នកមុជទឹកសង្រ្គោះក្មេងៗទាំងនោះមកបោកអ៊ុតទាំងយប់ដោយមិនគិតកម្រៃអ្វីទាំងអស់ ហើយដឹកជញ្ជូនអោយដល់កន្លែងមុនម៉ោងដែលក្រុមអ្នកជួយសង្រ្គោះទាំងនោះចូលធ្វើការ។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក៏ដូចជាការសហការពីប្រជាជនផងនោះពិតជាទទួលបាននូវលទ្ធផលជាវិជ្ជមាន។ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នកជួយសង្រ្គោះ បាននាំយកក្មេងប្រុស៤នាក់ មកក្រៅដោយសុវត្ថិភាព។
ក្មេងប្រុសទាំង១២នាក់រួមគ្រូបង្វឹករបស់ពួកគេម្នាក់ បានជាប់គាំងក្នុងរូងភ្នំថាមលួងតាំងពីថ្ងៃទី២៣ខែមិថុនាមកម្ល៉េះដោយសារតែទឹកភ្លៀងបានជន់លិចរូងភ្នំជាហេតុធ្វើឲ្យពួកគេមិនអាចចាកចេញពីរូងភ្នំនោះបាន។