កម្ពុជា​ពុំ​ទាន់ចេញ​វិធាន​ការ​ទេ ក្រោយ​របាយការណ៍​​ថា ចារកម្មចិនលួចព័ត៌មានបោះឆ្នោត

ការបារម្ភពីការលួចទិន្នន័យបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច ពុំ​ទាន់​មាន​ចំណាត់ការណាមួយនៅ​ឡើយ​ទេ បន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថា ភ្នាក់ងារចារកម្មចិនកំពុងឃ្លាំមើល និងលួចយកទិន្នន័យពីស្ថាប័នបោះឆ្នោតនៅកម្ពុជា។

កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុនសន្ដិសុខតាមប្រព័ន្ធអ៊ិនធឹណិត Fire Eye ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួន ដោយរកឃើញថា ក្រុមលួចព័ត៌មានបច្ចេកវិទ្យាចិនឈ្មោះ «TEMP PERISCOPE» កំពុងតែលុកលុយ និងលួចយកទិន្នន័យ​ពីស្ថាប័ន គ.ជ.ប និងស្ថាប័នដទៃទៀត ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេសកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័ន​ព្រឹទ្ធ​សភា និងស្ថាប័នសារព័ត៌មានផ្សេងទៀត។

ក្រុមហ៊ុនសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណែតអាមេរិក រកឃើញទៀតថា ក្រុមចារកម្មចិនកំពុងឃ្លាំមើលយ៉ាងដិតដល់លើការបោះឆ្នោតនៅកម្ពុជា​ និងថែមទាំងបានព្យាយាមលួចទិន្នន័យពីកូនស្រីអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា​ គឺកញ្ញា កឹម មនោវិទ្យា ទៀតផង។

អ្នកនាំពាក្យ គ.ជ.ប. លោក ឌឹម សុវណ្ណារុំ ប្រាប់ថា លោកកំពុងសិក្សាពីបញ្ហានេះនៅឡើយ។

យើងកំពុងពិនិត្យមើល យើងអត់មានទាន់មានព័ត៌មានអីទេ ជារួមរហូតដល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានព័ត៌មានអីទេ

អ្នកនាំពាក្យ គ.ជ.ប. លោក ឌឹម សុវណ្ណារុំ

ចំណក​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុករបាយការណ៍នេះ​ថា អាចជាព័ត៌មានមិនពិត និងមានហេតុផលនយោបាយ និងថា អាជ្ញាធរកម្ពុជាត្រូវសិក្សាឲ្យបានដិតដល់ មុននឹងមានវិធានការណាមួយ។

យើងយល់ថា ប្រភពព័ត៌មាននេះ ចេញពីប្រភពលោកសេរី។ អញ្ចឹងទេ វាអាចជាព័ត៌មានមិនពិត អាចជាការចោទប្រកាន់ដោយមជ្ឈដ្ឋានណាមួយ ដែលចង់រារាំង និងបំផ្លាញការបោះឆ្នោតនៅកម្ពុជាក៏អាចថាបានដែរ។ ខ្ញុំមិនអាចចោទប្រកាន់ទៅខាងណាមួយទេ គ្រាន់តែទាញអារម្មណ៍ឲ្យយើងចាប់អារម្មណ៍ទាំងអស់គ្នា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

វីអូឌីបានទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប៉ុន្ដែ ទូរសព្ទចូលគ្មានអ្នកទទួល។

ក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុង​ប៉េកាំង​កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានថ្លែងថា ចិន​មិន​លូក​លាន់​កិច្ច​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ឡើយ។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ ក្រើនរំលឹកថា រដ្ឋាភិបាលកម្ពុជាគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ដោយថា អាចនាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ និងការបោះឆ្នោតនាពេលខាងមុខនេះ។

បើសិនបើមានបញ្ហាហ្នឹងកើតឡើងមែន ដែលគ្រោះថ្នាក់មែនទែនសម្រាប់ទិន្នន័យនៃការបោះឆ្នោត ព្រោះអី នៅពេលមាន hacker ណាមួយ អាចចូលកែទិន្នន័យបាន អាចធ្វើឲ្យប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាល និង គ.ជ.ប. អាចមានបញ្ហា។ ខ្ញុំគិតថា គ.ជ.ប. និងក្រសួងពាក់ព័ន្ធធ្វើការស្រាវជ្រាវ ធ្វើការទប់ស្កាត់​អាហ្នឹង។ បើកើតឡើងមែន វានឹងធ្វើឲ្យមានបញ្ហា

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ

បើតាមរបាយការណ៍នេះ ក្រុមចារកម្មចិន TEMP PERISCOPE កំពុងធ្វើការនេះឲ្យរដ្ឋាភិបាលចិន និងធ្លាប់លួចយកព័ត៌មានពីបណ្ដាក្រុមហ៊ុន និងស្ថាប័នផ្សេងទៀត នៅសហរដ្ឋអាមេរិក អឺរ៉ុប តៃវ៉ាន់ និងហុងកុងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ