អង្គការ​នៅក្រៅប្រទេស​ជំរុញទៅរដ្ឋាភិបាល​ឲ្យ​ពន្យារពេលបោះឆ្នោត

ការបោះឆ្នោត កន្លងទៅ

អង្គការសង្គមពលរដ្ឋ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានចេញ​លិខិតចំហរមួយ អំពាវនាវទៅរដ្ឋាភិបាលពន្យារពេលបោះឆ្នោត និង​បង្កើតឧត្តម​ក្រុមប្រឹក្សាឯករាជ្យមួយ ​ដើម្បីរកដំណោះស្រាយ​វិបត្តិនយោបាយនៅកម្ពុជា​ ដោយថា ដើម្បី​ទប់ស្កាត់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងស្តារ​មុខ​មាត់ត្រកូល ហ៊ុន។

ក្នុង​លិខិតចំហរបស់​គាត់ លោក តាកែវ ឬទ្ធិពល ដែលអះអាងថា ជាខ្មែរអ្នកដឹកនាំអង្គការសង្គមពលរដ្ឋនៅសហរដ្ឋអាមេរិក​ ចុះផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា​នោះ បានអំពាវនាវទៅរដ្ឋាភិបាល ឲ្យ​បង្កើតឧត្តម​ក្រុមប្រឹក្សាព្រះរាជាណា​ចក្រ និងអាជ្ញាធរអន្តរកាលឯកភាពជាតិខ្មែរ ក្នុងបរិយាកាសអន្តរកាលមួយ ១ឆ្នាំ ឬ ១ឆ្នាំកន្លះ (២០១៨-២០១៩) ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិបច្ចុប្បន្ន និងរៀប​ចំការបោះឆ្នោតថ្នាក់ជាតិដោយសេរី និងត្រឹមត្រូវ​នៅចុង​ឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ដើម្បីរក្សាកិត្តិយសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងវង្សត្រកូល​ ហ៊ុន​ កុំឲ្យគេចោទថា ជាជនផ្តាច់ការ គ្រួសារនិយម និងកុម្មុយនីស្តជាដើម​។

លិខិតចំហរនោះ​ ស្នើ​ឡើង​ថា អាជ្ញាធរអន្តរកាលឯកភាពជាតិខ្មែរ ត្រូវ​ស្ថិតនៅក្រោមអំណាចឧត្តម​ក្រុមប្រឹក្សាព្រះរាជាណា​ចក្រ ហើយអាច​មានសមាសភាពចូលរួម ដូចជា ព្រះមហាក្សត្រ ជាព្រះប្រមុខ​ ថ្នាក់ដឹកនាំបក្សកាន់អំណាច គណបក្សហ៊្វុនស៊ិនប៉ិច អតីតបក្សសង្គ្រោះជាតិ និងក្រុមតំណាង​សង្គមស៊ីវិល​ជាដើម​។

តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រនឹងការលើកឡើងរបស់លិខិតចំហរ​នោះ ដោយលោកថា គណ​បក្សប្រឆាំងនៅតែប្រកាន់ជំហរ​ស្វែងរកការចចារពីបក្សកាន់អំណាច ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា មានភាព​សេរី និងយុត្តិធម៌ ហើយត្រូវ​បាន​អន្តរជាតិទទួលស្គាល់។

សម្រួលឡើងវិញទៅ ឲ្យអ្នកនយោបាយ​ចូលរួម[ប្រកួត]ឡើងវិញទៅ ឲ្យឃុំ​សង្កាត់រស់មក​វិញមក ដោះលែងអ្នកជាប់ទោស​ទៅ ចូលរួមបោះឆ្នោតឡើងវិញ​ស្រប​តាមការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ​។ ដូច្នេះ វាដូចជាមិនមានរឿង​អ្វីពិបាកពេកទេ

តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន  ច្រានចោលការអំពាវនាវរបស់លិខិតចំហរ និងមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងដែលចង់ឲ្យមានការពន្យារពេលបោះឆ្នោត និងដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដោយថា កម្ពុជានៅតែបោះឆ្នោតតាមការកំណត់របស់រដ្ឋាភិបាល និងគ្មានវិបត្តិនយោបាយណាមួយកើតឡើងនោះទេ។

គ្រាន់តែស្រមើស្រម៉ៃ ដោយមាននិន្នាការចរឹតនយោបាយកាន់ជើងបក្សប្រឆាំងដែលល្មើសច្បាប់ធ្ងន់ធ្ងរតែប៉ុណ្ណោះ​ ព្រោះអត់មានវិបត្តិនយោបាយអ្វីទេ ដែលត្រូវ​លើក ឬមួយក៏ផ្លាស់ប្តូរ​កាលបរិច្ឆេទនៃការបោះឆ្នោត​នោះទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកវិភាគ​វិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា  វិភាគថា បើរដ្ឋាភិបាលមិនដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា​​មុនការបោះឆ្នោតទេ គឺ​នៅក្រោយការបោះឆ្នោត កម្ពុជា​នឹងរងសម្ពាធពីសហគមន៍អន្តរជាតិ។

កម្ពុជា​នឹងបាត់បង់កំណើនសេដ្ឋកិច្ច​ វាប្រហែលជា ៧ពាន់លានដុល្លារជាង។ ប្រសិនបើករណីនេះ កម្ពុជាលែងទទួលបាន ខ្ញុំគិតថា កម្ពុជា​អាចប្រឈមបញ្ហា​មួយចំនួន បានន័យថា អត្រាការងារធ្វើ​របស់ពលករនៅក្នុងវិស័យរោង​ចក្រកាត់ដេរ​យើងប្រហែលបាត់ ៧០ម៉ឺននាក់អត់ការងារធ្វើ​

អ្នកវិភាគ​វិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភានឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០​បក្ស ប៉ុន្តែ ការ​បោះ​ឆ្នោត​នេះ​ ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ