គ.ជ.ប ថាយុទ្ធ​នា​ការរកសំឡេង​ឆ្នោត ​​៥​​ថ្ងៃ​មក​នេះ ​គណ​បក្ស ១៣ បាន​ហែរ​​ក្បួន​

កិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប (រូបភាព៖ គ.ជ.ប)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោត ៥ថ្ងៃមកនេះ មានតែ ១៣គណបក្ស​ប៉ុ​ណ្ណោះ​ បានធ្វើពិធីហែរក្បួន ស្វែងរកការទាក់ទាញពីមហាជន ក្នុងចំណោម ២០គណបក្ស ដែលបា​នចុះ​ឈ្មោះ​ប្រកួតប្រជែង។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ គណបក្សនយោបាយនីមួយៗ មានពេល ២១ថ្ងៃ​សម្រាប់ធ្វើ​យុទ្ធនាកា​រ​ឃោសនា​រក​សំឡេង​ឆ្នោត​ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា។

ប៉ុន្តែ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ លោក ហង្ស ពុទ្ធា ប្រាប់VODថា គិតត្រឹមថ្ងៃពុធម្សិលមិញ ដែលជាថ្ងៃ​ទី៥ នៃយុ​ទ្ធនា​កា​​​រ​រ​កសំ​ឡេងឆ្នោតនោះ លោកថា មានតែគណបក្សចំនួន ១៣ប៉ុណ្ណោះបានធ្វើពិធីហែរក្បួន។

អ្នកនាំពាក្យរូបនេះ អះអាងទៀតថា គណបក្សចំនួន ៧ទៀត ដែលមិនទាន់ចេញហែរក្បួន ក៏មិនបានប្រាប់ពីមូលហេតុមក គ.ជ.ប​. ដែរ។

នៅពេលដែលគាត់មិនទាន់មានលទ្ធភាពរៀបចំបាន គាត់អត់ជូនដំណឹងមកទេ គាត់ជូនដំណឹងតែអ្នកហែរទេ

សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ លោក ហង្ស ពុទ្ធា

ប្រធាន​គណបក្សពន្លឺថ្មី លោក នួន សុខាវី លោកថាគណបក្សលោកមិនជ្រើសរើសយកការហែរក្បួនសម្រាប់ស្វែងរកសម្លេងឆ្នោតទេ ដោយថាជម្រើសនេះជាការចំណាយលុយឥតប្រយោជន៍។

លោក នួន សុខាវី បញ្ជាក់ថាគណបក្សលោកចុះពន្យល់ពលរដ្ឋនៅតាមមូលដ្ឋានអោយយល់ពីគោលនយោបាយរបស់លោកប្រសើរជាង។

ទុកលុយហែក្បូននេះ បោះពុម្ភសៀវភៅ ចែកពលរដ្ឋទៅទាំងនគរ វាចំណេញជាង រៀបចំពិធីហែក្បួននេះ

ប្រធាន​គណបក្សពន្លឺថ្មី លោក នួន សុខាវី

ទោះជាយ៉ាងណា មេដឹកនាំគណបក្សថ្មីរូបនេះ អះអាងថា ជម្រើសបែបនេះ នឹងមិនអាចយកឈ្នះគណបក្សកាន់អំណាចទេ តែ​ថា​​​​​អា​​​​​ចបានអាសនៈខ្លះក្នុងសភា បើពលរដ្ឋយល់ពីគោលនយោបាយរបស់បក្សលោកនោះ។

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន អះអាងថា ការមិនទាន់ចេញហែរក្បួនតាមដងផ្លូវ​រយៈពេល ​៦ថ្ងៃ​មក​នេះ ដោយសារតែមិនចង់ឃើញការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ព្រោះថា គណបក្សជា​ច្រើនបាន និង​​កំពុងហែ​រក្បួន​ដែរ។

​លោក​បង្ហាញក្តីសង្ឃឹមថា គណ​បក្ស​​រប​ស់លោកអាចនឹងដណ្តើម​បាន​អាសនៈខ្លះ តាមរយៈគោលនយោ​បា​​​យ​​សំខា​ន់ៗ ដែលបានដាក់ចេញ។

យើងទាមទារកោះត្រល់ត្រឡប់មកវិញ ទាមទារអធិបតេយ្យភាពដែលបាត់បង់ បណ្តេញជនអន្តោ​ប្រវេសចេញពី​ប្រទេស​យើង យ៉ាងយូរ ៧២ម៉ោង។ អញ្ចឹង ខ្ញុំជឿថា​ គោលនយោបាយ​ដែ​លពួកយើងបានដាក់ឡើងហ្នឹង គឺជាមូ​​លដ្ឋា​ន​ដែ​​​ល​​អាច​ដោះ​​ស្រាយបញ្ហាប្រទេសជាតិបាន។ អញ្ចឹង ប្រជាជនភាគច្រើ​នគាត់​នឹង​ជ្រើ​​សរើសយក

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន

យុទ្ធនាការឃោសនារកសំឡេងឆ្នោត​របស់គណបក្សនយោបាយរយៈពេល ៥ថ្ងៃមកនេះ គណបក្សខ្លះ​មា​ន​ល​ទ្ធ​​​ភា​ពប្រើរថយន្តទំនើប​ៗ​ដើម្បីឃោសនា គណបក្ស​ខ្លះថែមទាំងយករថយន្តរបស់​រដ្ឋ​ចេញទៅឃោសនាផ្ទុយពីបំរាមនាយករដ្ឋមន្ត្រី។ ចំណែ​ក​គ​​ណ​ប​ក្ស​ខ្លះ​ទៀត បានត្រឹមដាក់ឧបករណ៍បំពងសំឡេងលើម៉ូតូកង់ ៣ ចាក់តាមស្តុប ខ្លះចាក់មេក្រូនៅតាមផ្ទះ និងខ្លះទៀ​តដើរចែកខិ​ត​ប័​ណ្ណ​​ជាដើម។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា ដើម្បីឲ្យការប្រកួតប្រជែងស្មើភាពគ្នា ធានា​ដល់​ភាពត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនោះ រដ្ឋត្រូវធ្វើច្បាប់កំណត់កញ្ចប់ថវិ​កាជាតិ​ឲ្យ​គណ​ប​ក្ស​នយោបាយនី​​មួយ​ៗ ស​​ម្រា​​ប់​ពេលឃោសនា ត្រូវធានាថា ការប្រកួតប្រជែងនោះ គ្មានការគំរាមកំហែងផ្នែកនយោបាយ និងមានការចូ​លរួម​សង្កេតកា​រពី​​​អ​​ង្គកា​រសង្គមស៊ីវិលជាតិ និងអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ