រដ្ឋមន្រ្តីក្រសួងការពារជាតិចិននិងប្រមុខកងទ័ពនេប៉ាល់ បានជួបគ្នាកាលពីសប្ដាហ៍មុនដើម្បីពង្រឹងទំនាក់ទំនងយោធាប្រទេសទាំងពីរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសាព័ត៌មានស៊ិនហួរក្នុងជំនួបកាលពីថ្ងៃពុធសប្ដាហ៏មុខនាទីក្រុងប៉េកាំង រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei Fenghe និងប្រមុខកងទ័ពនេប៉ាល់ លោក Rajendra Chhetri ថ្លែងថាយោធានៃប្រទេសទាំងពីនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយគ្នាឲ្យរឹតតែប្រសើរឡើងថែមទៀត។
ប្រមុខកងទ័ពនេប៉ាល់ លោក Rajendra Chhetri ក៏មិនភ្លេចទេក្នុងការថ្លែងអំណរគុណដល់សមភាគីចិន ហើយលោកក៏ថានេប៉ាល់នៅតែគាំទ្រជានិច្ចនូវគោលនយោបាយចិនតែមួយ ហើយនឹងមិនអនុញ្ញាតឲ្យកម្លាំងប្រឆាំងចិនណាមួយកើតមានៅលើទឹកដី នេប៉ាល់នោះដែរ។ ប្រមុខកងទ័ពនេប៉ាល់រូបនេះ ក៏បាននិយាយផងដែរថានេប៉ាល់មានស្វាគមន៍ជានិច្ចក្នុងកិច្ចសហប្រតិបត្តការណ៍លើគ្រប់ផ្នែកទាំងអស់ជាមួយចិន។
នរណាក៏ដឹងដែរថា ឥណ្ឌាតែងតែចង់អោបក្រសោបប្រទេសនេប៉ាល់មិនអោយធ្លាក់ចូលក្នុងដៃប្រទេសណាមួយឡើយ ពោលគឺប្រទេសចិនតែម្តង។ ដូច្នេះភាពល្អូកល្អឺនដែលនេប៉ាល់ មានជាមួយចិននៅពេលនេះប្រហែលជាឥណ្ឌាមិនសប្បាយចិត្តប៉ុន្មានទេ។
ប៉ុន្តែសំណួរដែលអាចត្រូវចោទសួរបាននៅពេលនេះ តើមូលហេតុអ្វីខ្លះបានជានេប៉ាល់របូតចេញពីដៃឥណ្ឌាបន្តិចម្ដងៗទៅចិន?
ហេតុផលមួយដែលធ្វើអោយឥណ្ឌាមិនអាចទប់នេប៉ាល់មិនឲ្យចេញពីខ្លួននោះ គឺតាំងពីពេលដែលបក្សកុម្មយនីស្តនេប៉ាល់ដែលគេដឹងថាជាគណបក្សមួយដែលស្និទ្ធនឹងចិនឈ្នះឆ្នោតកាលពីចុងឆ្នាំ២០១៧មកម្ល៉េះ។ គណបក្សនេះគឺជាក្រុមសម្ព័នភាពឆ្វេងនិយមដែលជាបក្សកើតឡើងពីការចងសម្ព័ន្ធរវាងគណបក្សកុម្មុយនីស្តពីរគឺគណបក្សបង្រួបបង្រួមម៉ាកនិងលេនីន និង គណបក្សម៉ៅនិយមកណ្ដាល។
ក្រុមទាំងនេះមិនសូវជាចូលចិត្តឥណ្ឌាប៉ុន្មានទេ ហើយពួកគេក៏ជាអ្នកដែលស្នើសុំឲ្យមានការសើររើសន្ធិសញ្ញាព្រំដែនដែលនេប៉ាល់ចុះជាមួយឥណ្ឌាកាលពីមុខផងដែរ។ មិនតែប៉ុណ្ណោះក្រុមនេះ ជាពិសេសនាយករដ្ឋមន្រ្តីនេប៉ាល់សព្វថ្ងៃគឺលោក Khadga Prasad Oli ក៏ធ្លាប់ទទូចស្នើរសុំឲ្យឥណ្ឌាគោរពនូវអធិបតេយ្យនេប៉ាល់ ហើយបញ្ឈប់រាល់ការជ្រែកជ្រៀកកិច្ចការនយោបាយខ្លួន។
ក្រៅពីនេះ រឿងមួយទៀតដែលធ្វើអោយនេប៉ាល់ចេញពីខ្លួនគឺវាអាចកើតចេញពីភាពព្រងើយកន្ដើយនិងធ្វេសប្រហែសរបស់ឥណ្ឌាខ្លួនឯងតែម្ដង។ ក្រោយការបោះឆ្នោត មេដឹកនាំនេប៉ាល់យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ មេដឹកនាំនេប៉ាល់ Khadga Prasad Oli ក្នុងពេលបំពេញទសន្សកិច្ចនៅប្រទេសឥណ្ឌាកាលពីខែមេសាកន្លងទៅបានចោទជាសំណួរសួរទៅឥណ្ឌាថាហេតុអ្វីបានជាមិនទៅរកស៊ីនៅនេប៉ាល់ដែលជាប្រទេសភូមិផងរបងជាមួយគ្នាទៅ ហេតុអីបានជាដើរទៅរកស៊ីឆ្ងាយម៉្លេះ។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មានThe Diplomat ។
តាមការចុះផ្សាយរបស់សារព័ត៌មានSouth China Morning Post របស់ហុងកុងកាលពីឆ្នាំ២០១៧កន្លងទៅ អ្នកវិនិយោគបរទេសដែលធ្វើការវិនិយោគដោយផ្ទាល់គឺចិនឈរនៅលំដាប់ទី១ ខណៈដែលឥណ្ឌាឈរនៅលំដាប់ទី២។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលនេប៉ាល់តែងតែអះអាងថាទាំងចិននិងឥណ្ឌាសុទ្ធតែជាអ្នកជិតខាងល្អរបស់ខ្លួន ហើយនេប៉ាល់ត្រួវការប្រទេសទាំងពីរនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន។ មេដឹកនាំនេប៉ាល់លោក Khadga Prasad Oli ក៏ធ្លាប់ប្រាប់ទៅមេដឹកនាំឥណ្ឌាដែរថាកុំមានការព្រួយបារម្ភអ្វីពេកចំពោះទំនាក់ទំនងរវាងនេប៉ាល់ និងចិនក្នុងពេលនេះ។