អង្គការអន្ដរជាតិមួយជំរុញឲ្យគណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតជជែកពីបញ្ហាសិទ្ធិមនុស្ស   

អង្គការអន្ដរជាតិមួយជំរុញទៅបក្សកាន់អំណាច និងគណបក្សនយោបាយចំនួន​១៩ផ្សេងទៀតដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦នេះ ឲ្យលើកយកបញ្ហាសិទ្ធិមនុស្សជាអាទិភាពជជែកដេញដោល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជំរុញយន្ដការប្រជាធិបតេយ្យ។​

ក្នុងលិខិតចំហមួយនៅថ្ងៃនេះ អង្គការលើកលែងទោសអន្ដរជាតិ “Amnesty International” បានជំរុញទៅបណ្ដាគណបក្សនយោបាយទាំងអស់ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅចុងខែកក្កដានេះ ឲ្យជជែកដេញដោលអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងដើម្បីជំរុញឲ្យអាជ្ញាធរកម្ពុជា គោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។

បញ្ហាសិទ្ធិមនុស្សមួយចំនួន ដែលអង្គការលើកលែងទោសអន្ដរជាតិស្នើឲ្យគណបក្សនយោបាយលើកយកមកជជែកដេញដោលនោះ រួមមាន ការបង្ក្រាបរបស់រដ្ឋាភិបាលលើអ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង ព្រមទាំងស្ថាប័នតុលាការមិនឯករាជ្យ និងសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌។

អង្គការអន្ដរជាតិមួយនេះក៏រិះគន់ការអនុវត្តច្បាប់មួយចំនួនដែលគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិ និងការជួបជុំគ្នាដោយសេរី ដូចជា ច្បាប់បង្ក្រាបបាតុកម្មឆ្នាំ២០០៩ ច្បាប់ស្ដីពីអង្គការ សមាគម ការធ្វើវិសោធន៍កម្មច្បាប់គណបក្សនយោបាយដែលឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ និងការបិទសិទ្ធិធ្វើនយោបាយរបស់អតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ​សាម អ៊ិន អះអាងថា គណបក្សរបស់លោកមានគោលនយោបាយជំរុញការគោរពសិទ្ធិមនុស្ស តាមរយៈការកែទម្រង់ប្រព័ន្ធអភិបាលកិច្ច ធានាស្ថាប័នតុលាការមានឯករាជ្យពេញលេញ និងបើកឲ្យសង្គមស៊ីវិលចូលរួមដោយសេរី និងគ្មានការបំភិតបំភ័យ។​

លោកបន្ដថា គណបក្សនេះក៏នឹងទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ដែលកំពុងជាប់ឃុំ និងបើកលំហូរប្រជាធិបតេយ្យឡើងវិញ នៅពេលឈ្នះឆ្នោត។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺយើងមានគោលនយោបាយដោះលែងអ្នកទោសនយោបាយ រួមទាំងលោកប្រធាន កឹម សុខា រួមទាំងអ្នកទោសនយោបាយផ្សេងទៀត។ នៅពេលយើងឈ្នះឆ្នោត ឬមានអាសនៈក្នុងរដ្ឋសភា យើងអាចនឹងយករឿងហ្នឹង ទៅជជែកជាមួយរដ្ឋាភិបាលដើម្បីជួយសម្រួលស្ថានការណ៍ និងផ្ដល់សិទ្ធិឲ្យអ្នក១១៨នាក់ មានសិទ្ធិចូលរួមក្នុងវិស័យនយោបាយឡើងវិញ

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ​សាម អ៊ិន

អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក​ អ៊ុំ សុមន្ថា មានប្រសាសន៍ថា គណបក្សលោកក៏មានក្ដីបារម្ភ និងមានគោលនយោបាយកែលម្អការធ្លាក់ចុះបញ្ហាសិទ្ធិមនុស្សនេះផងដែរ។

មានការបារម្ភអំពីបញ្ហាសិទ្ធិមនុស្សជាទូទៅកន្លងមកនេះ រដ្ឋាភិបាលលោកបានធ្វើហ្នឹង ក៏ប៉ុន្ដែ អ្វីដែលយើងបារម្ភគឺខុសពីការគ្រោងទុក ដោយសារអត់មានគណបក្សប្រឆាំង អញ្ចឹងការងារកន្លងមកនេះ បញ្ហាសិទ្ធិមនុស្ស បញ្ហាស្អីៗហ្នឹង គឺជាស្ថានភាពមួយដែលមិនល្អប៉ុន្មានទេសព្វថ្ងៃនេះ

អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក​ អ៊ុំ សុមន្ថា

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន យល់ថា ការជំរុញរបស់អង្គការអន្ដរជាតិមួយនេះ គឺចង់ធ្វើឲ្យសភាពការណ៍ល្អក់កករនៅមុនការបោះឆ្នោត ខណៈ លោកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានអនុវត្តទៅតាមច្បាប់ និងស្របតាមយន្ដការប្រជាធិបតេយ្យ។

ការលើកឡើងរបស់គាត់ គឺចំពេលដែលដំណើរការបោះឆ្នោតកាន់តែជិតមកដល់ហើយ វាគ្រាន់តែជាចេតនាទុច្ចរិតមួយដើម្បីបង្កបរិយាកាសល្អក់កករនៅក្នុងការឆ្ពោះទៅរកការបោះឆ្នោត

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន

ក្រោយការបោះឆ្នោតឃុំ-សង្កាត់ រដ្ឋាភិបាលដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានរងការចោទថា បានធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង ដែលឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ដោយចោទថា អតីតបក្សប្រឆាំងបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់។ ករណីនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសច្រានចោល។​

ក្នុងរបាយការណ៍ក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិបានបង្ហាញថា ដើម្បីបន្ដឈ្នះឆ្នោត លោក ហ៊ុន សែន បានប្រើប្រព័ន្ធច្បាប់ និងស្ថាប័នតុលាការ ជាឧបករណ៍ដើម្បីបំបិទសំឡេងរិះគន់ និងបំបាត់គណបក្សប្រឆាំងដ៏ធំមួយចេញពីការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ