អាជ្ញាធរជម្លៀសពលរដ្ឋជាង២០០គ្រួសារទៅទីទួលសុវត្ថិភាពក្រោយបាក់ទំនប់វារីអគ្គីសនីនៅឡាវ

ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)

អាជ្ញាធរខេត្តស្ទឹងត្រែងជាប់ព្រំដែនប្រទេសឡាវនៅថ្ងៃនេះឲ្យដឹងថា  ប្រជាពលរដ្ឋជាង ២០០គ្រួសារ​ត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ហូរធ្លាក់ពីប្រទេសឡាវចូលនៅក្នុងខេត្តនេះបានហក់ឡើងខ្លាំង ។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា  អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង ២០០ គ្រួសារទៅទីទួលសុវត្ថិភាព ហើយគ្រោងនឹងជម្លៀសប្រជាពលរដ្ឋជាង ១៣ ០០០ គ្រួសារដែលរស់នៅតាមដងទន្លេសេកុង បន្តទៀត ប្រសិនបើទឹកនៅតែបន្តហក់ឡើងខ្លាំងនោះ។

លោកបន្តថា  អាជ្ញាធរបានត្រៀមកម្លាំងជាង ៧០០ នាក់ ដាក់នៅតាមឃុំនីមួយៗនៃស្រុកសៀមប៉ាង រួមទាំងត្រៀមស្បៀង និងសម្ភារមួយចំនួនទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ បន្ទាប់ពីទឹកបានហក់ឡើងដល់កម្ពស់ ១៣ ម៉ែត្រ ហើយអាចហក់ឡើងខ្លាំងជាងនេះទៀត ។

ស្ថានភាពនៃកម្ពស់ទឹកកើនឡើងខ្លាំង ហើយ​ល្បឿនទឹកហូរពីផ្នែកខាងលើពីទន្លេសេសានចូលទន្លេសេកុងខ្លាំង ធ្វើឲ្យទឹកអាចឡើងទៅដល់តំបន់ផ្សេងៗទៀត ជាពិសេសវាអាចចូលទៅតាមអូរ ទៅតាមអីវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ បើកាលណាគាត់មិនបានធ្វើការប្រុងប្រយ័ត្នទេ។ អញ្ចឹងយើងបានធ្វើការផ្សព្វផ្សាយទូលំទូលាយ តាមវិទ្យុ តាមឃោសន្ទស័ព្ទ ហើយនឹងជូនដំណឹងតាមអាជ្ញាធរមូលដ្ឋានរួមហើយ ។ វិធានការទី ២​គឺប្រចាំតាមគោលដៅទាំងអស់ គឺចែងឲ្យកម្លាំងទាំងអស់ គ្រប់ទៅតាមគោលដៅដែលរងផលប៉ះពាល់នៅតាមបណ្ដាលឃុំ និងបណ្ដាលភូមិ ចំណុចទីតាំងសំខាន់ៗហ្នឹងឲ្យទៅត្រៀមជួយប្រជាពលរដ្ឋ

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់

លោកបន្តថា ក្រៅពីកម្លាំងជាង ៧០០នាក់ លោកថា  ដែលដាក់ប្រចាំការនៅស្រុកសៀមប៉ាងនេះ  ក៏មានការត្រៀមកម្លាំងនៅតាមក្រុង និងស្រុកមួយចំនួនផ្សេងៗទៀតនៃខេត្តស្ទឹងត្រែងផងដែរ។

កាលពីថ្ងៃទី២៤  ខែកក្កដានេះ  ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ជាពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀងលក្ខណៈ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទំនប់វារីអគ្គិសនី​​សេពានសេណាមណយស្ថិតនៅចំងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ​ បានបាក់ ខណៈដែលទំនប់វារីអគ្គិសនី​​នេះ មានសមត្ថភាពស្តុកទឹកបាន​៥ពាន់លានម៉ែត្រគូប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ