មេ​ធា​វី ​លោក​ សម​ រង្ស៊ី​ ប្រ​ឈម​នឹង​បង់​ប្រាក់​ពី៥​ទៅ២០​លាន​រៀល​តាម​បណ្តឹង​បក្ស​កាន់​អំ​​ណាច​

មេធាវី លោក ជួង ជូងី (រូបកាលពីពេលកន្លងទៅ)

មេធាវីលោក សម រង្ស៊ី គឺលោក ជូង ជូងី អាចនឹងត្រូវបង់ប្រាក់​ពិន័យពី៥ទៅ២០​លានរៀល តា​មបណ្តឹងរប​ស់គណបក្ស​ប្រជាជន​ក​ម្ពុ​ជា បើគ.ជ.ប រក​ឃើ​ញថា​មេធាវីរូបនេះ ពិតជាបានប្រព្រឹត្តកំហុស​ដូចការចោទប្រកាន់នោះ ។

លោក ជូង ជូងី នៅថ្ងៃទី១៧ ខែកក្កដា បានធ្វើអត្ថាធិប្បាយលើគេហទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា ទាំងរដ្ឋធម្មនុញ្ញ និង​​ក្រម​ព្រហ្មទណ្ឌរបស់កម្ពុជា គ្មានមាត្រាណា ចែងពីការដាក់ទោសទណ្ឌ ដល់អ្នកអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះទេ លើក​​លែងតែធ្វើសកម្មភាពរារាំង។

ប៉ុន្តែការនិយាយ របស់មេធាវី ការពារក្តីឲ្យលោក សម រង្ស៊ី នេះ ត្រូវបានបក្សកាន់អំណាចប្តឹងទៅ គ.ជ.ប ។តាមពាក្យបណ្តឹង គ​ណ​បក្សកាន់អំណាចបានចោទថា ការនិយាយរបស់មេធាវីរូបនេះ មាន​ចេ​​ត​នាបំផុ​សគំ​និតទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋ មាន​សិ​​ទ្ធិ​បោះឆ្នោត មិនឲ្យ​ទៅ​បោះ​ឆ្នោត រំលោភមាត្រា១៤២ នៃច្បា​ប់ស្ដីពីកា​រ​បោះ​​​ឆ្នោ​ត​​​ជ្រើស​តាំងតំណាងរាស្ដ្រ ។

ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជំពូកទី១០ ស្តីពីទោប្បញ្ញត្តិ ត្រង់មាត្រា​​១៤២  ចែងថា  ជនណា រារាំងប្រជាពលរដ្ឋដែ​ល​មា​ន​សិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និងចុះឈ្មោះបោះឆ្នោត ត្រូវ​ផាក​ពិន័យជា​ប្រាក់ពី​៥ ទៅ​២០លានរៀល ដោយគណៈ​កម្មាធិកា​រជាតិរៀប​ចំការបោះ​ឆ្នោ​ត ដោ​​​យ​ពុំទាន់​គិតដល់​ទោសព្រ​ហ្ម​ទ​​ណ្ឌ​ផ្សេងទៀត ។

សមាជិកនិង ជាអ្នក​​នាំ​ពា​​ក្យគ.ជ.ប ​លោក ហង្ស ពុទ្ធា ឲ្យVODដឹងនៅថ្ងៃនេះថា ក្រុមការងាររបស់លោក​កំពុងពិនិត្យ​ពាក្យបណ្តឹ​ងរបស់គណ​ប​ក្ស​កាន់​អំណាចនេះ ហើយថា​និ​តិ​វិធី​​នឹងត្រូវ​ពន្លឿនឲ្យចប់មុនថ្ងៃបោះឆ្នោតឆ្នោត។

មិនទាន់សម្រេចយ៉ាងនាដែរ ថាជាព្រហ្មទណ្ឌ ឬយ៉ាងណាទេ ប៉ុន្តែឈ្មោះគាត់ [ជូង ជូងី] មាននៅក្នុង​មនុស្ស១​១៨នាក់​ដែ​​ល​ច្បាប់ហាមប្រាម

សមាជិកនិង ជាអ្នក​​នាំ​ពា​​ក្យគ.ជ.ប ​លោក ហង្ស ពុទ្ធា

កាលពីចុងឆ្នាំមុន តុលាការកំពូល បានប្រកាសរំលាយគណបក្សប្រឆាំង ចោទពីបទក្បត់ជាតិ តាមបណ្តឹងរដ្ឋាភិបាល។​សា​លដី​​​កា​តុ​​​លា​ការជាន់ខ្ពស់របស់កម្ពុជានេះ ក៏បានបង្គាប់មិនឲ្យមន្ត្រី អតីតបក្សប្រឆាំង ចំនួន១១៨រូបធ្វើនយោបាយរយៈពេល​៥​ឆ្នាំផ​ង​​ដែរ។

VOD មិនអាចទាក់ទងលោក ជូង ជូងីបានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកអ្នកទទួល។ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ លោក មេធាវី សុក សំអឿន ពន្យល់ថា មាត្រា១៤២នេះ អាចចោទប្រកាន់ ជនណាម្នាក់ បាន លុះ​ណា​តែ​មា​​​ន​សក​ម្មភាពរា​រាំង​នៅ​​ថ្ងៃបោះឆ្នោត។

យើងយកមាត្រា១៤២ និយាយពីសកម្មភាពរារាំង វាអត់ទាន់ត្រូវទេ ក្នុងពេលឥឡូវ បើសិនជាដល់ថ្ងៃបោះឆ្នោតម៉ង អាហ្នឹ​​ង​បានមាត្រា១៤២ហ្នឹងចាប់ផ្តើមមានអនុភាព។ អានេះខ្ញុំ យល់ឃើញអញ្ចឹង ក្នុងនាមយើងជាអ្នក​ច្បាប់។ ប៉ុន្តែ ការ​សម្រេចយ៉ាង​ម៉េ​ចៗ​រ​បស់ គ.ជ.ប ជារឿងមួយផ្សេងទៀត

អ្នកជំនាញផ្នែកច្បាប់ លោក មេធាវី សុក សំអឿន

លោក ជូង ជូងី ជាមេធាវីមួយរូប បានចេញមុខតតាំងក្តីញឹកញាប់នៅតុលាការ ការពារក្តីឲ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។ប៉ុន្តែជាការកត់សម្គាល់ រាល់ការតតាំងក្តី របស់មេធាវីរូបនេះ មិនដែលឈ្នះក្តីម្តងណាឡើយ បើដើម​បណ្តឹ​ងតំ​ណាង​ឲ្យ​ប​​​ក្ស​​​​​​កាន់​អំណា​ច​ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ