អាជ្ញាធរនឹងជម្លៀសប្រជាពលរដ្ឋខេត្តស្ទឹងត្រែង​ជាង៥០០០គ្រួសារ បើទឹកជំនន់នៅតែហក់ឡើង

អាជ្ញាធរជម្លៀសប្រជាជនទៅរកទីទួលសុវត្ថិភាព (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តស្ទឹងត្រែង)

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា អាជ្ញាធរនឹងជម្លៀសប្រជាពលរដ្ឋជាង ៥០០០ គ្រួសារនៅក្នុងស្រុកសៀមប៉ាងចេញទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ហូរធ្លាក់ពីប្រទេសឡាវចូលក្នុងស្រុកនេះបានហក់ឡើងជាបន្តបន្ទាប់នោះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរខេត្តស្ទឹងត្រែង​បានជម្លៀសប្រជាពលរដ្ឋចំនួន ១២៨៩ គ្រួសារចេញទៅទីទួលសុវត្ថិភាពរួចហើយ។​​ លោកបន្ត​ថា​អាជ្ញាធរនឹងជម្លៀសប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាងជាង ៥០០០ គ្រួសារបន្តទៀត ប្រសិនបើទឹកជំនន់នៅតែហក់ឡើង។

លោកបន្តទៀត​ថា ក្រៅពីការជម្លៀសប្រជាពលរដ្ឋ អាជ្ញាធរបានក៏ត្រៀមស្បៀង កម្លាំង និងសម្ភារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។

យើងត្រៀមលក្ខណៈអស់ហើយក្នុងការជម្លៀសប្រជាពលរដ្ឋ​ ។​ ដូច្នេះការងារនេះ យើងធ្វើជាប្រចាំប្រជាពលរដ្ឋកាលណាវាឡើងលិចដល់កម្រិតមួយ។ វាឡើងលិចដល់លើ​រនាបផ្ទះហើយ គាត់ត្រូវចេញហើយ ព្រោះកន្លងមកយើងបានដឹងជញ្ជូន មិនមែនថាដឹកជញ្ជូនតែគាត់​ទេ គឺដឹកជញ្ជូនទាំងសម្ភារ មានសត្វពាហនៈរបស់គាត់អញ្ចឹង​ ទៅទីទួលសុវត្ថិភាព

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី

លោកបន្តថា អាជ្ញាធរជូនដំណឹងទៅប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់រួមទាំងអាជ្ញាធរស្រុក-ខេត្តស្ទឹងត្រែងត្រៀមក្នុងជួយប្រជាពលរដ្ឋ បើទោះបីជាទឹកជំនន់មិនទាន់បង្កផលប៉ះពាល់ដល់ស្រុកដទៃក៏ដោយ។

អ្នកពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់  មានប្រសាសន៍ថា អាជ្ញាធរបានសហការជាមួយសង្គមស៊ីវិលនិងស្ថាប័នពាក់ព័ន្ធតៀមស្បៀងទុកសម្រាប់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

បានរៀបចំអស់ហើយកាលពីម្សិលមិញពេលព្រឹក បានប្រជុំជាមួយអ្នកពាក់ព័ន្ធដៃគូរអភិវឌ្ឍន៍ ឬក៏ដូចជាសប្បុរសជនទាំងអស់គឺបានអំពាវនាវហើយក៏មានចូលរួមបណ្ដើរៗហើយ ។ ទន្ទឹមនឹងនោះ ខាងខេត្តយើងខ្ញុំមានការឧបត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជា​ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏មានការផ្ដល់ស្បៀងអាហារមួយចំនួនជាធនធានថវិកា ដើម្បីឲ្យមានការដោះស្រាយស្បៀងអាហារជូនប្រជាពលរដ្ឋផងដែរ

អ្នកពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ 

លោកបន្តថា អាជ្ញាធរក៏បានជម្លៀសប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកសេសានទៅទីទួលសុវត្ថិភាពខ្លះៗហើយ ដោយសារ ទឹកជំនន់បានហូរធ្លាក់ចូល បន្ទាប់ពីស្រុកសៀមប៉ាងនោះ។  បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តស្ទឹងត្រែងឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី២៦ ខែកក្កដានេះ  ទឹកទន្លេសេកុង បានបន្តហក់ឡើងកម្ពស់ ១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។

វិធានការរបស់អាជ្ញាធរក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅស្ថានទៅទីទួលសុវត្ថិភាពនេះ​ ធ្វើឡើងបន្ទាប់ពីទំនប់វារីអគ្គិសនី​​សេពានសេណាមណយស្ថិតនៅចំងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ​ បានបាក់ ខណៈដែលទំនប់វារីអគ្គិសនី​​នេះ មានសមត្ថភាពស្តុកទឹកបាន​៥ពាន់លានម៉ែត្រគូប។

កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ខេត្តដែលរងផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង មានចំនួន ៩ ខេត្ត  ក្នុងនោះមាន ខេត្តកោះកុង កំពត កែប   ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ   តាកែវ កណ្ដាល  និងរាជធានីភ្នំពេញ  ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន  ៨៩៧០ គ្រួសារ  និងប៉ះពាល់ដំណាំស្រូវចំនួន ៩៥៨២ ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវដែលខូចខាតទាំងស្រុងចំនួន ៥២ ហិកតា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ