អ្នកគាំទ្រអតីត CNRP នៅអាមេរិកនឹងធ្វើមហាបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា​

ប្រជា​ពលរដ្ឋ​ខ្មែរអាមេរិកកាំង​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦(រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង)

ក្រុមអ្នកគាំទ្របក្សប្រឆាំងនៅប្រទេសលោកសេរី អះអាងថា នឹងធ្វើមហាបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា​ ដើម្បី​ជំរុញទៅ​សហគមន៍អន្តរជាតិ កុំឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ​​។

ការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅចុងខែកក្កដា ឆ្នាំ២០១៨នេះ ដោយពុំមានវត្តមានបក្សប្រឆាំងចូលរួមប្រកួតប្រជែងនោះទេ។

សេចក្តីប្រកាស​ព័ត៌មាន​របស់អតីតគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បានចុះផ្សាយកាលពីម្សិលមិញថា ក្រុមអ្នកគាំទ្រអតីតគណបក្សនេះ នឹងសហការជាមួយសហគមន៍ខ្មែរនៅអាមេរិកទាំងអស់ ដើម្បីរៀបចំមហាបាតុ​​កម្ម​នៅ​មុខ​អគារទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក នាថ្ងៃទី២៨ ខែកក្កដា។​

ទោះជាយ៉ាងណា​នៅក្នុង​សេចក្តីប្រកាសព័ត៌មានដដែល មិនបានបញ្ជាក់ពីចំនួនអ្នកចូលរួមនោះទេ។

កញ្ញា កឹម មនោវិទ្យា ដែលត្រូវ​ជាកូនស្រីបង្កើតលោក កឹម សុខា បានអំពាវនាវ​ក្នុងវីដេអូឃ្លីបបង្ហោះលើហ្វេសប៊ុកថ្ងៃនេះ ឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសអាមេរិក ចូលរួមធ្វើបាតុកម្ម​ប្រឆាំងការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដា​ ដើម្បីជំរុញឲ្យ សហគមន៍អន្តរជាតិកុំទទួលស្គាល់លទ្ធផលបោះឆ្នោត​ផង​។

នេះជា​ឱកាស​ចុងក្រោយហើយ សុំបងប្អូនខ្មែរទាំងអស់ភ្ញាក់រលឹកឡើង សូមបងប្អូនខ្មែរដែលរស់នៅប្រទេសសេរី ដែលមានសិទ្ធិសូមមេត្តា​ប្រើប្រាស់សិទ្ធិនេះ នេះជាឱកាសចុងក្រោយ​ សុំកុំឲ្យវិបត្តិ​សេរីកើតមានឡើងចំពោះបងប្អូន​ឲ្យសោះ​

កញ្ញា កឹម មនោវិទ្យា កូនស្រីបង្កើតលោក កឹម សុខា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាមិនចាប់អារម្មណ៍នឹងបាតុកម្មរបស់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនោះទេ ដោយលោកថាបាតុកម្មនោះមិនមានឥទ្ធិពលអ្វីដល់កម្ពុជានោះទេ។

ការធ្វើបាតុកម្ម​នៅខាងក្រៅ​វាឥតប្រយោជន៍ទេ ពីព្រោះប្រជាពលរដ្ឋ​នៅខាងក្រៅមានសិទ្ធិបោះឆ្នោត​ឯណា អត់មានឈ្មោះក្នុងប​ញ្ជីបោះឆ្នោត​ផង មានឥទ្ធិពល​អ្វីដល់ក្នុងស្រុក​អត់ទេ ប្រជាធិបតេយ្យ​នៅកម្ពុជា​ជាសិទ្ធិសម្រេច​របស់ប្រជាជនកម្ពុជា​ មិនមែនជនបរទេសជាអ្នកកំណត់ទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

វីអូឌី មិនអាច​សុំការបំភ្លឺពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា​ និង​លោក ឌឹម សុវណ្ណារ៉ុម បានទេ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មានប្រសាសន៍ថា ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងធ្វើបាតុកម្ម​នៅក្រៅប្រទេសប្រឆាំងលទ្ធផលបោះឆ្នោត នឹងជំរុញឲ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ​ អាចនឹងមានប្រសិទ្ធិភាពក្រោយការបោះឆ្នោត។

ប្រទេសខ្លះគេអត់មានឥទ្ធិពលអ្វីមកលើកម្ពុជាទេ គ្រាន់តែថាមិនទទួលស្គាល់​…ប៉ុន្តែដូចជាសហគមន៍អឺរ៉ុប​ សហរដ្ឋអាមេរិកដែល​ជាប្រទេសម្ចាស់ជំនួយធំកាលណាដែលគេមិនទទួលស្គាល់​ គេអាច​ដាក់ទោស ដាក់ទណ្ឌ​កម្ម​ណាមួយមក​លើកម្ពុជា​

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភានឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០​បក្ស ប៉ុន្តែ ការ​បោះ​ឆ្នោត​នេះ​ ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ឡើយ។

ចំណែក​ សហគមន៍អន្ដរជាតិ និងប្រទេសចំនួន ៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខផងដែរ ប្រសិនបើគ្មានការដោះលែងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំង បានចូលរួមការបោះឆ្នោតឡើងវិញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ