លោក ​ហ៊ុន​ សែន​ ព្រមានថា​អ្នក​ប្រ​ឆាំង​នឹង​ការ​បោះឆ្នោត​ជា​អ្នក​បំ​ផ្លាញ​ជាតិ​មិន​អាច​អត់​ឱន​ឲ្យ​បាន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

មេដឹកនាំបក្សកាន់អំណាចអំពាវជាថ្មីទៀត ដល់ពលរដ្ឋមានសិទ្ធិបោះឆ្នោត ឲ្យចេញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃ​អា​ទិត្យចុង​ស​ប្តា​ហ៍នេះ ដោយព្រមានថា ​អ្នក​ដែល​ប្រ​ឆាំ​ង​​ការបោះឆ្នោត ជាក្រុមបំផ្លាញជាតិ មិនអាចអត់ឱនឲ្យបាន។

លោក ហ៊ុន សែន ក្នុងពិធីធ្វើយុទ្ធនាការរកសំឡេងឆ្នោតនាថ្ងៃចុងក្រោយនេះ បានរំឭកថា អ្នកចេញទៅបោះឆ្នោត ជាអ្នកគាំ​ទ្រល​​ទ្ធិ​ប្រ​​​​ជាធិបតេយ្យ ។​

ចំនួនភាគច្រើននឹងទៅធ្វើការបោះឆ្នោត។ ឯចំពោះយើងមិនទៅបោះឆ្នោត តើយើងអាចរស់នៅជា​មួយពលរដ្ឋនៅ​ក្នុងមូ​ល​ដ្ឋា​នយ៉ាងម៉េចទៅ ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

មេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់បន្ថែម​ទៀតថា៖

ត្រូវចងចាំថា មានតែអ្នកបោះឆ្នោតប៉ុ​ណ្ណោះដែល​ជាអ្នកគាំទ្រ​ល​ទ្ធិ​ប្រ​ជា​​​ធិបតេយ្យ ។អ្នកប្រឆាំងនឹងការបោះឆ្នោតគឺជាអ្នកបំផ្លាញជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលមិន​ត្រូវអត់ឱ​នឲ្យបា​ន​​នោះ​​​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អតីតតំណាងរាស្ត្រអតីតបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន ហៅសារនយោបាយនេះថា ជាការគំរាមកំ​ហែ​ង​​ដ​​ល់​​​​​​កា​រស​​ម្រេ​ច​ចិ​​​ត្ត​​រ​​បស់   ​ព​លរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងថាជាសារប្រាប់ទៅ​សាធារណជនថា ​បក្សកាន់អំ​ណាចនៅតែ​យក​ខ្មែ​រ​​​គ្នា​ឯ​ង​​​ធ្វើ​​ជា​ស​ត្រូ​​វ​ លើយន្តការប្រកួតប្រជែងអំណាច។

ទាំងខ្ញុំទាំងគេ កាលណាឮបែបនេះ មានការព្រួយបារម្ភ ព្រោះជារឿងមួយដែលយើងគិតថា នៅតែទុកខ្មែរ​គ្នាឯង​ជា ​ស​ត្រូវ ។គួ​រតែពិចារ​ណារកដំ​ណោះ​ស្រាយផ្សេងក្រៅ​ពីការមិ​នលើក​លែងឲ្យ​គ្នាឯង​ហ្នឹង ប្រ​ហែលជាប្រើសើរជាង

អតីតតំណាងរាស្ត្រអតីតបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី និយាយថា ការដែលគណបក្សមួយអំនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត និង​ម្ខា​ង  ​ទៀ​​​ត​​អំពាវនាវកុំឲ្យទៅបោះឆ្នោត លោកថា ជាការកេងចំណេញផ្នែកនយោបាយតែរៀងៗខ្លួន។

ប៉ុន្តែអ្នកវិភាគនយោបាយរូបនេះ យល់ថា សារគំរាមចាត់វិធានការនានាពេលនេះក៏ដូចកន្លងទៅឆ្លុះបញ្ចាំងថាអ្នកន​យោ​​​បា​យខ្មែរ មិនទាន់ចេះ​ដោះ​​ស្រា​​យបញ្ហា ឈរលើការពង្រឹងផ្ទៃក្នុងជាតិនៅឡើយទេ។

ជាសារមួយដណ្តើមគ្នាដេកកណ្តាល។ បើយើងមើលឲ្យមែនទែនទៅ សង្គ្រោះជាតិមិនបានចូលរួម​ជា​ផ្លូវ​​​​ការ​ណ៍ក្នុ​ង​ការ​​​បោះ​​ឆ្នោតទេ ប៉ុន្តែព្រលឹងរបស់សង្គ្រោះជាតិ វាហាក់នៅតែមកប្រឡែងលេង ជាមួយការបោះឆ្នោត នេះនិយាយ​ដោ​យ​ខ្លី

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត  កា​ល​ពីសប្តាហ៍មុន បាន​សរសេរលើគេហទំព័រអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា លោកស្រីព្រួយបារម្ភពីការ​ ព្រ​មា​​​ន​ផ្លូវ​​​​​ច្បាប់​របស់​មន្រ្តីរដ្ឋាភិបាល ទៅលើប្រជាពលរដ្ឋ​ជុំវិញការសម្ដែងមតិ ធ្វើពហិការមិនទៅបោះឆ្នោត និង  បា​ន​អំ​​​ពា​វ​នា​វ​ឲ្យ​​រដ្ឋាភិបាល ថ្កោលទោស​ ​ចំពោះ​ការបំភិត​បំភ័យ​ អ្នកមិ​ន​​​ទៅ​បោះ​​ឆ្នោត ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន តែងតែអះអាងថា កម្ពុជាកំពុងអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេ​​រីពហុបក្ស ដោ​យរៀ​ប​ចំការបោះឆ្នោត​ទៀ​ងទាត់​៥ឆ្នាំម្តងក៏ដោយ ប៉ុន្តែក្រុមប្រទេសលោកសេរី បានវាយតម្លៃថា    ​ក​ម្ពុ​ជាកំពុងដើរចេ​ញ​ពី​​គន្ល​​ង​ប្រជាធិបតេយ្យ ​ដោ​យសារតែអតីត​គ​ណ​ប​ក្សប្រឆាំងដ៏ធំ​ ត្រូវគេផាត់ចេញ​ពីឆាក​នយោ​​បាយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ