មេបក្សសម្ព័ន្ធថាចំណាយជាង​១លានដុល្លារក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ ​

មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ក្នុងថ្ងៃឃោសនាបក្ស ថ្ងៃទី ២៧ កក្កដា ២០១៨

មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា​ (LDP) បានអះអាងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃចុងក្រោយនេះ គណបក្សលោក​ចំណាយលុយប្រហែល១លានដុល្លារ ដោយថាលុយនេះមិនមែនជាលុយរបស់បក្សនោះទេ។

យុទ្ធនាការឃោសនារកសំឡេង​ឆ្នោតនៃគណបក្សនយោបាយ​ទាំងអស់នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២៧ ខែកក្កដានេះ។

មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអំឡុងយុទ្ធ​នាការ​​ឃោសនារក​សំឡេងឆ្នោតនាព្រឹកថ្ងៃនេះថា ក្រោយពីរំលាយ​គណបក្សសង្គ្រោះជាតិ នៅអាណត្តិនេះ​ គណបក្សរបស់លោកមានសន្ទុះគាំទ្រកាន់តែខ្លាំងជាងមុន ដោយថាការគំាទ្រកើតចេញពីទឹកចិត្ត ការលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនាថ្ងៃចុង​ក្រោយនេះ។

ថ្ងៃនេះចំណាយ​អស់ជាង១លានដុល្លារ​ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ​អត់ធ្វើកើតទេ កិច្ចការធំៗដែលចំណាយលុបប៉ុណ្ណា ក៏សម្ព័ន្ធធ្វើកើតដែរ ដោយសារការចូលរួមពីពលរដ្ឋ

មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា

ទោះជាយ៉ាងណាលោក វាសនា អះអាងថា នៅអាណត្តិនេះគណបក្សរបស់លោកមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលទេ ប៉ុន្តែលោកបញ្ជាក់ថា នៅអាណត្តិនេះបក្សរបស់លោកត្រូវ​ការតែទីសំរាប់ឈរសិន​ពោលត្រូវកៀគរអ្នកគាំទ្រ​​ឲ្យបាន​ច្រើនជាងមុន ដើម្បីត្រៀមប្រកួតយកឈ្នះជាមួយបក្សផ្សេងទៀតនៅអាណត្តិក្រោយទៅវិញ។

យុវជន អ៊ី​ ប៊ុនធៀង ដែលអះអាងថា ជា​សកម្មជនគាំទ្របក្ស (LDP) បានរៀបរាប់ថា នៅអំឡុងពេល យុទ្ធនាការឃោសនារកសំឡេងឆ្នោតចំនួន២០ថ្ងៃកន្លងទៅនេះ លោកចំណាយ​ថវិកាផ្ទាល់ខ្លួនមិនតិចជាង២០ដុល្លារនោះ​ទេ ប៉ុន្តែលោកថា ការចំណាយ​នេះធ្វើឡើងដោយមិនបង្ខិតបង្ខំពីបុគ្គលណាមូយ ឡើយ។

យើងមានលទ្ធភាពប៉ុណ្ណា យើងធ្វើប៉ុណ្ណឹង​។ យើងលះបង់ដោយ​ចិត្តយើង​ចង់ធ្វើ​ ការចំណាយ​របស់ខ្ញុំ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំធ្វើ​វា​អាច​ជួយឲ្យ​ប្រជាពលរដ្ឋគាត់អាច​យល់​ពីចលនាខាងគណបក្ស​LDP​

យុវជន អ៊ី​ ប៊ុនធៀង ដែលអះអាងថា ជា​សកម្មជនគាំទ្របក្ស (LDP)

យុវតី ហៀង ស៊ីនួន​ ដែលចូលរួមហែគណបក្ស (LDP) នាព្រឹកនេះ និយាយថា កញ្ញាលះបង់ពេលវេលា និងថវិកាផ្ទាល់ដើម្បីចូលរួមហែបក្សនេះ ដើម្បីចង់ឃើញមានការផ្លាស់ប្តូរមេដឹកនាំប្រទេសស្របតាមលទ្ធិប្រជាធិប​​​តេយ្យ។

ជាក់ស្តែងយើងឃើញសង្គមយើងសព្វថ្ងៃ មានការរំលោភបំពាន​ពីអ្នកមាន ទៅលើអ្នកដែលក្រីក្រជាង ដូចជា ការបំពានដីធ្លីជាដើម ទើបខ្ញុំចង់ឲ្យពួកគាត់​ចូលរួម​ផ្លាស់ប្តូរដើម្បី​ឲ្យសង្គមយើងរីកចំរើនទៅបាន​

យុវតី ហៀង ស៊ីនួន​ ដែលចូលរួមហែគណបក្ស (LDP)

អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យរាប់​ម៉ឺន​នាក់ បាន​​ជួបជុំគ្នា​​ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរាជធានីភ្នំពេញក្នុងថ្ងៃចុងក្រោយនេះ។​

ការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយមាន២០គណបក្សចូលរួមប្រកួតប្រជែង ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ