អាជ្ញាធររខេត្តស្ទឹងត្រែង ផ្ដល់ទូកសម្រាប់ជួយដឹកប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទៅបោះឆ្នោត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរបានផ្ដល់ទូកចំនួន ១៦ គ្រឿង សម្រាប់ជួយដឹកប្រជាពលរដ្ឋរងគ្រោះដោយសារ ទឹកជំនន់ទៅបោះឆ្នោតនៅថ្ងៃនេះ ខណៈទឹកជំនន់មិនទាន់ស្រកចុះដែលអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតបាន។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរបានផ្ដល់ទូកចំនួន ១៦ គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋដែលអាជ្ញាធរមិនបានជម្លៀស ប៉ុន្តែត្រូវបានទឹកលិចផ្លូវមិនអាចទៅបោះឆ្នោតរួចហើយ។

ជួយសម្រាប់មធ្យោបាយ​នៅទីតាំងកន្លែងណាដែលគាត់លិច ពិបាកធ្វើដំណើរទៅហើយពិបាកធ្វើដំណើរទៅការិយាល័យបោះឆ្នោត​​ ត្រៀមមធ្យោបាយសម្រាប់ជួយដឹកជញ្ជូនប្រជាពលរដ្ឋ

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់

លោកបន្តថា ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ដោយសារ ទឹកជំនន់ជន់លិចផ្ទះមាន ១២៨៩ គ្រួសារនៅក្នុងឃុំចំនួន ៤ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អភិបាលរងស្រុកសៀមប៉ាង លោក យ៉ង់ សុខា មានប្រសាសន៍ថា បើទោះបីជានៅក្នុងស្រុកសៀមប៉ាងកំពុងមានទឹកជំនន់ក៏ដោយតែមិនបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅបោះឆ្នោតដែរ ដោយសារ អាជ្ញាធរបានយកទូកទៅដឹកប្រជាពលរដ្ឋទាំងអស់នោះហើយ។

យើងបានណែនាំឲ្យមេភូមិឃុំត្រៀមរកទូក ដើម្បីឲ្យឃុំនឹងគាត់​​យកទូកទៅដាក់ឲ្យគាត់ឆ្លងមកខ្លួនឯង មានចំនួនច្រើនតើចង់បានពាក់កណ្ដាលហើយឥឡូវហ្នឹង [អ្នកបោះឆ្នោត]

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់

អ្នកស្រី ហា សំណាង  ជាប្រជាពលរដ្ឋម្នាក់រស់នៅឃុំសន្តិភាព ស្រុកសៀមប៉ាងដែលកំពុងមានទឹកជំនន់អះអាងថា ពួកគាត់ត្រូវអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាពទាំងអស់គ្នា ចាប់តាំងពីថ្ងៃទឹកចូលដល់ក្នុងភូមិរបស់ពួកគាត់ ហើយរហូតមកដល់ពេលនេះទឹកទើបស្រកចុះប្រហែលជាកន្លះម៉ែត្រប៉ុណ្ណោះ។  អ្នកស្រីបន្តថា នៅថ្ងៃនេះដែរ អាជ្ញាធរបានយកទូក ២ គ្រឿងដឹកពួកគាត់ពីទីទួលសុវត្ថិភាពនោះទៅបោះឆ្នោតផងដែរ។

បើមិនមានការសម្រួលអញ្ចឹង ក៏គ្មានអ្នកណាទៅរួចដែរ ព្រោះអីអ្នកជនបទយើង អ្នកខាងទួលហ្នឹង គ្នាអត់មានទូកអត់មានក្ដារអីទេ អត់សម្រួលទេ គ្នាទៅអត់កើតហ្នឹង បើអាជ្ញាធរអត់សម្រួល

អ្នកស្រី ហា សំណាង  ប្រជាពលរដ្ឋម្នាក់រស់នៅឃុំសន្តិភាព ស្រុកសៀមប៉ាង

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គ.ជ.ប បានផ្លាស់ប្ដូរការិយាល័យបោះឆ្នោតចំនួន ២០ នៅទូទាំងប្រទេសង ដោយក្នុងនោះខេត្តត្រូវផ្លាស់ប្ដូរច្រើនជាងគេនោះ គឺនៅខេត្តស្ទឹងត្រែង ដោយប្ដូរចំនួន ១២ ការិយាល័យ ទៅទីតាំងផ្សេង។

យោងទៅតាម​​បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយគេបង្អស់របស់​គណកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត ​ឲ្យដឹងថា ប្រជាពល​រដ្ឋដែលមានសិទ្ធបោះឆ្នោតរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦នេះ​ មានចំនួនជាង ៨លាននាក់  ហើយសម្រាប់ការិយាល័យបឆ្នោតចំនួន ២ ១៩៦៧ នៅទូទាំងប្រទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ