លោក ខឹម វាសនា៖ បើបានអាសនៈក្នុងសភានឹងកាត់បន្ថយអំណាចប្រមូលផ្តុំ​

មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ក្នុងថ្ងៃឃោសនាបក្ស ថ្ងៃទី ២៧ កក្កដា ២០១៨

មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​អះអាងថា លោកនឹង​ជួយប្រជា​ពលរដ្ឋម្ចាស់ឆ្នោត​ទទួលបានសិទ្ធិសេរីភាពពេញលេញ​ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ​ តាមរយៈកាត់បន្ថយ​អំណាច​ប្រមូលផ្តុំរបស់រដ្ឋាភិបាល បើគណបក្សលោកបានអាសនៈនៅក្នុងសភា។

ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ គ.ជ.ប ​ចេញផ្សាយលទ្ធផល​បោះឆ្នោតបឋមនៅតាមរាជធានី និងបណ្តាខេត្តមួយចំនួន តាមទូរទស្សន៍ ទ.ទ.ក ថា គណបក្សកាន់អំណាច​មាន​សំឡេង​គាំទ្រច្រើនជាង​ ​គណ​​បក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ។

មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ប្រាប់ VOD នៅថ្ងៃនេះថា បើអាណត្តិនេះគណបក្សរបស់លោកទទួលបានអាសនៈក្នុងសភា លោកថានឹងប្រើសិទ្ធិរបស់ម្ចាស់ឆ្នោតជួយកាត់បន្ថយ​អំណាច​ប្រមូលផ្តុំរបស់រដ្ឋាភិបាល ដោយថាដើម្បីធ្វើឲ្យប្រទេស​ជាតិរីកចំរើន​។

យន្តការ៨ចំណុច គឺជា​វិធានការកាត់បន្ថយអំណាច​របស់អ្នកដឹកនាំប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋគាត់មានអំណាច​ក្នុងការគ្រប់គ្រងអ្នកតំណាង​របស់គាត់​ កាលណាប្រជាពលរដ្ឋបានក្លាយ​ជា​ម្ចាស់របស់អ្នកតំណាង​ហើយ អ្នកតំណាង​ខ្លាចប្រជាពលរដ្ឋ​ហើយ អ្នកតំណាងខ្លាច​ប្រជាពលរដ្ឋ​ គឺប្រជាពលរដ្ឋគាត់ហ៊ានឲ្យអ្នកតំណាង​ធ្វើអ្វីជាប្រយោជន៍គាត់ គាត់អាច​ធ្វើបាន​​

មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើង​របស់មេដឹកនាំបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលថារដ្ឋាភិបាលប្រើអំណាច​ប្រមូលផ្តុំ ប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យ​។ លោកបញ្ជាក់ថា បើអាណត្តិនេះបក្សកាន់អំណាច​ឈ្នះឆ្នោត​នឹងដឹកនាំប្រទេសឲ្យកាន់តែរីកចំរើនជាងពេលបច្ចុប្បន្ននេះ​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
ពេលដែលយើងជាប់ឆ្នោតកាន់អំណាច​គឺយើងបន្តអនុវត្ត​កម្មវិធីនយោបាយ​ ហើយ​​យើងខិតខំកាត់បន្ថយ​ នូវ​រាល់បាតុភាពអសកម្មទាំងឡាយ​ ឬចំណុច​ខ្សោយទាំងឡាយ​ របស់ការអនុវត្តកម្មវិធីនយោបាយ​នេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាពនៃសេវាសាធារណៈជូនប្រជាពលរដ្ឋយើង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម លោក មាស នី វិភាគថា ទោះបីជាគណបក្សសម្ព័ន្ធមានសំឡេងគាំទ្រច្រើនយ៉ាងណាក៏ដោយ​ នៅថ្ងៃអនាគតអាចនឹងមានវាសនាដូចអតីតបក្សសង្គ្រោះជាតិ​។

គួរបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦នេះ មានគណបក្សនយោបាយ​ចំនួន២០ចូលរួមប្រកួតប្រជែង។ ប៉ុន្តែក្រោយពីបោះឆ្នោតភ្លាម គ.ជ.ប បានចេញផ្សាយ​លទ្ធផលបោះឆ្នោតបឋមលើទូរទស្សន៍ ទ.ទ.ក ថា ចំនួនអ្នកទៅបោះឆ្នោតមាន​ ៦លានជាង៨សែននាក់ ស្មើ៨២,១៧%  នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប ៨ ៣៨០ ២១៧ នាក់។

លទ្ធផលមិនផ្លូវការបង្ហាញថា គណបក្សដែលទទួលបានអាសនៈក្នុងសភារួមមាន​ ​គណបក្សប្រជាជនកម្ពុជា​ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ