ចិនអបអរ​ដែល​​ការបោះឆ្នោត​នៅកម្ពុជាធ្វើឡើងដោយជោគជ័យ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ ​កឹង សុ័ង Geng Shuang (រូបភាព៖ thelocal.se)

ប្រទេសចិន​​ អបអរកម្ពុជា​ដែលបាន​រៀបចំការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិ​ទី៦ បាន​ដោយជោគជ័យ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ ​Geng Shuang បានថ្លែងក្នុងសន្និសីទការសែត​ប្រចាំថ្ងៃដែលរៀបចំដោយក្រសួងការបរទេសប្រទេសនេះកាលថ្ងៃទី៣០ខែកក្កដាម្សិលមិញនេះថា​ ចិនសូមសម្តែងនូវការអបអរសាទរដោយស្មោះដែល​កម្ពុជាបាន​រៀបចំការបោះឆ្នោតអាណត្តិទី៦នេះប្រកបដោយភាពជោគជ័យ ហើយចិនក៏អបអរផងដែរដល់ជ័យជម្នះរបស់​គណបក្ស​ប្រជាជនកម្ពុជា។

លោកបន្តថា​ចិន​បានត្រៀមខ្លួនរួចជាស្រេច​ដើម្បីធ្វើការជាមួយកម្ពុជា​លើកិច្ចព្រមព្រៀងនានាដែលធ្វើឡើងដោយមេដឹកនាំប្រទេសទាំងពីរ​ និងកសាងសហគមន៍ជាយុទ្ធសាស្រ្តដ៏សំខាន់​ដើម្បី​អនាគតរួមគ្នារវាងទាំងពីរ ក៏ដូចជា​ជម្រុញទំនាក់ទំនងកម្ពុជា-ចិន​ ឲ្យដល់​កម្រិតមួយខ្ពស់ជាងនេះទៀត។​

ស្របពេល​ដែល​សហគមន៍អន្តរជាតិនានាបាន​ចោទជាសំណួរ​ពីភាពត្រឹមត្រូវនៃការ​បោះឆ្នោត​កាលពីថ្ងៃអាទិត្យក្រោ​យពីការរំលាយអតីតគណបក្សសង្រ្គោះជាតិ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ លើកឡើងថា​រឿងនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា​ ហើយចិនសង្ឃឹម​ថា​  កម្ពុជានឹងរក្សាបាននូវ​ស្ថិរភាពនិង​បង្កើតសមិទ្ធិផលធំៗនានាបន្តទៀតក្នុងការអភិវឌ្ឍន៍ជាតិ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅត្រូវបានប្រទេសប្រជាធិបតេយ្យនានាមានដូចជាអាមេរិក អូស្រ្តាលី កាណដា បារាំង និង សហគមន៍អឺរ៉ុបជាដើមថាមិនមាន​ភាពសេរីនិងយុត្តិធម៌នោះទេដោយសារតែអតីតបក្សប្រឆាំងត្រូវបានរំលាយ​ ការធ្វើទុក្ខ​បុកម្នេញ​លើ​អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និង ការ​ឃុំបន្តឃុំខ្លួនលោកកឹម សុខា​ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ