សង្គ្រោះជាតិស្នើសហប្រធានសន្និសីទក្រុងប៉ារីសបើកកិច្ចប្រជុំបន្ទាន់ក្រោយការបោះឆ្នោតនៅកម្ពុជា

លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានថ្លែងនៅក្នុងសន្និសីទកាសែតមួយជាមួយកូនស្រីលោក កឹម សុខា នៅហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី 30 ខែកក្កដាឆ្នាំ 2018 (រូបភាព៖ AP Photo/Tatan Syuflana)

អតីតគណបក្សសង្គ្រោះជាតិអំពាវនាវទៅសហប្រធាននៃសន្និសីទទីក្រុងប៉ារីសឲ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដោយអះអាងថា ការបោះឆ្នោតនៅពេលនេះ បាននាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន ថា មិនអាចទៅរួចនោះទេ។

យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយតែមួយថ្ងៃប៉ុណ្ណោះ ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ អតីតគណបក្សសង្គ្រោះជាតិ បាន​ទទូចទៅសហប្រធាននៃសន្និសីទសន្ដិភាពទីក្រុងប៉ារីស រួមមាន ឥណ្ឌូណេស៊ី និងបារាំង ឲ្យបើកកិច្ចប្រជុំបន្ទាន់មួយស្ដីពីបញ្ហានយោបាយនៅកម្ពុជា។

អតីតបបក្សប្រឆាំងមួយនេះក៏​បានថ្កោលទោសការបោះឆ្នោតនេះ ថា បានបំផ្លាញដល់ឬសគល់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយ​ រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតបែបនេះ គឺមិនគួរត្រូវបានទទួលស្គាល់ដោយសហគមន៍អន្ដរជាតិឡើយ។

អតីតគណបក្សប្រឆាំងអះអាងថា រដ្ឋាភិបាលថ្មីនេះ ក៏មិនអាចចុះកិច្ចព្រមព្រៀងជាមួយបណ្ដារដ្ឋាភិបាល ឬក្រុមហ៊ុនណាមួយនោះទេ ដោយថា រដ្ឋាភិបាលនេះ មិនអាចតំណាងឲ្យកម្ពុជានៅលើឆាកអន្ដរជាតិ និងគ្មានសុពលភាពផ្លូវច្បាប់។ មួយវិញទៀត អតីតបក្សប្រឆាំងព្រមានថា កម្ពុជានឹងទទួលរងទណ្ឌកម្ម និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈការបោះឆ្នោតនៅអាណត្តិនេះទទួលរងការរិះគន់ថា ដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការអំពាវនាវរបស់អតីតគណបក្សប្រឆាំងនេះ គ្រាន់តែជាការបញ្ចេញទស្សនៈមួយ និងមិនអាចទៅរួចនោះទេ។ លោកក៏ច្រានចោលក្ដីព្រួយបារម្ភរបស់ប្រទេសលោកសេរីមួយចំនួន ដែលចេញសេចក្ដីថ្លែងការណ៏ជាបន្ដបន្ទាប់ ដោយបង្ហាញការខកចិត្តពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ។

ខ្ញុំថា វាគ្រាន់តែជាមតិយោបល់ដ៏ឆ្កួតលីលារបស់គាត់ប៉ុណ្ណោះ។ វាគ្មានផ្លូវទេ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ា  រីស នៅពេលប្រទេសកម្ពុជា ទទួលរងនូវការឈ្លានពានណាមួយ ដែលនាំឲ្យប៉ះពាល់ដល់ឯករាជ្យ។ […] គាត់ខកចិត្ត អាហ្នឹងគាត់មិនចាត់តំណាងមកផង។ គាត់វាយតម្លៃអញ្ចឹង សួរថា វាត្រឹមត្រូវដែរអត់។ វាផ្សាភ្ជាប់នឹងការពិតជាក់ស្ដែងនៅកម្ពុជាទេ។ អត់មានតំណាងសង្កេតការណ៍មក អញ្ចឹងគាត់អង្គុយក្នុងបារ៉ូ មាស៊ីនត្រជាក់ វាយតម្លៃ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា ការអំពាវនាវរបស់អតីតបក្សប្រឆាំង នឹងមានប្រសិទ្ធិភាព ប្រសិនបើរដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្ដដើរលើគន្លងចាស់ ដោយមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ក្រោយការបោះឆ្នោតដែលត្រូវបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យមួយចំនួន​ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសអូស្ដ្រាលី កាណាដា និង បារាំង ជាដើម បានបង្ហាញការខកចិត្ត​ និងថ្កោលទោសការបោះឆ្នោតនៅកម្ពុជា ថា គ្មានភាពសេរី​ និងយុត្តិធម៌ទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ