ប្រតិកម្មផ្សេងៗគ្នារបស់គណបក្សចូលរួមបោះឆ្នោត​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណបក្សមួយចំនួនដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតបង្ហាញប្រតិកម្មពីរផ្សេងគ្នាមួយក្រុមថា ការបោះឆ្នោតដំណើរការល្អអាចទទួលយកបាន និងមួយក្រុមទៀតថា​​​ ដំណើរបោះឆ្នោតនេះមិនទាន់អាចទទួលយកបានទេ។​

គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយដោយសម្ដែងសេចក្ដីរីករាយ ចំពោះលទ្ធផលបណ្ដោះអាសន្នរបស់ គ.ជ.ប ដោយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ មានប្រជាពលរដ្ឋ ៨២,១៧ ភាគរយបានទៅចូលរួមបោះឆ្នោត ដោយចំនួននេះមានការកើនឡើង បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណ្តត្តិទី៥ កន្លងទៅ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ ការបោះឆ្នោតលើកនេះថា មានលក្ខណៈល្អប្រសើរ ដោយសារ ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតច្រើនដោយគ្មានការគំរាមកំហែងខុសពីលើកឡើងរបស់មតិមួយចំនួនផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន មើលឃើញថា ទោះបីជាមុនការបោះឆ្នោតមានការការរំលាយគណបក្សប្រឆាំង ការគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងរឹតត្បិតសិទ្ធិសេរីភាពក្នុងបញ្ចេញមតិក៏ដោយ  ប៉ុន្តែលោកថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ នេះ គឺមានដំណើរការល្អ ធ្វើឡើងទៅតាមគោលការណ៍ប្រជាធិបតេយ្យ ដោយប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។

អញ្ចឹងប្រជាពលរដ្ឋគាត់បានធ្វើការសម្រេចចិត្តផ្ដល់ការគាំទ្របន្តឲ្យទៅគណបក្សប្រជាជន ទោះបីជាយើងមិនយល់ស្របជាមួយការសម្រេចរបស់ប្រជាពលរដ្ឋ ប៉ុន្តែយើងគោរពការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ព្រោះនេះជាគោលការណ៍ប្រជាធិបតេយ្យ មានន័យថា ប្រជាពលរដ្ឋបញ្ចេញសំឡេងជារឿងមួយយើងត្រូវតែទទួលយក ដើរតាមគោលការណ៍ប្រជាធិបតេយ្យសំឡេងប្រជាពលរដ្ឋគឺជាសំឡេងចុងក្រោយ

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន

អ្នកនាំពាក្យគណបក្សហ៊ុន ស៊ិកប៉ិច លោក ញេប ប៊ុនជិន សុំមិនធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាន។

អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិលោក សង្ហឹ គិរី សុំមិនធ្វើអត្ថាធិប្បាយ ដោយសារ  គណបក្សរបស់លោកមិនបានប្រជុំជាមួយសមាជិក ដើម្បីវាយតម្លៃពីទិដ្ឋភាពទូទៅ និងលទ្ធផលនៃការបោះឆ្នោតកាលពីម្សិលមិញនៅឡើយ។

មេដឹកនាំគណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា យល់ថា ការបោះឆ្នោតកាលពីម្សិលមិញនេះ ធ្វើឡើងមិនទាន់មានតម្លាភាពនៅឡើយ ដោយសារសមាជិកគណបក្សលោកមួយចំនួនត្រូវបានគណៈកម្មាការបោះឆ្នោតដេញចេញមិនឲ្យចូលទៅក្នុងការិយាល័យបោះឆ្នោត និងអ្នកបោះឆ្នោតមួយចំនួនត្រូវបានគេគំរាមកំហែងផង។

គេដេញសមាជិកពីការិយាល័យ​ ការទិញដូរ ការគូរអ្វីក៏ចេះតែយក គូសសញ្ញាសម្គាល់ដែលបញ្ជាក់ថាអ្នកបោះឆ្នោតបោះឲ្យគណបក្សណា តាមការគំរាមកំហែងក៏យក រឿងសព្វយ៉ាងតែម្ដង ជាការបោះឆ្នោត​មួយដែលមិនយុត្តិធម៌ មិនត្រឹមត្រូវអញ្ចឹង

មេដឹកនាំគណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា

កាលពីម្សិលមិញនេះ ប្រជាពលរដ្ឋខ្មែរ និងក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង​នៅក្រៅប្រទេស បានប្រមូលផ្ដុំ​គ្នារាប់​ពាន់នាក់ ​នៅ​តាម​បណ្ដា​ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ​ធំៗ​លើពិភពលោក ដូចជា កូរ៉េ បារាំង ស្វីស ជប៉ុន អូស្ដ្រាលី កាណាដា និង​សហ​រដ្ឋ​អាមេរិក តវ៉ាទៅ​នឹង​ការ​ការបោះឆ្នោតនេះ​ដោយ​ថា​​​ផ្ទុយ​ពីគោល​ការណ៍​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស។

ទោះយ៉ាងណា គ ជ ប អះអាងថា ការបោះឆ្នោតកាលពីម្សិលមិញនេះ ដំណើរការល្អ អនុវត្តតាមច្បាប់ គណបក្សចូលរួមប្រកួតប្រជែងមានភាពចាស់ទុំ កាត់បន្ថយជម្លោះផ្សេងៗ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ