ទឹកជំនន់នៅតែបន្តកើនឡើងដែលធ្វើឲ្យប៉ះពាល់ស្ទើរទូទាំងខេត្តស្ទឹងត្រែង ខណៈខេត្តមួយចំនួនកំពុងប្រឈមនឹងទឹកជំនន់ ដោយសារទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង។
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា មានប្រសាសន៍ថា ទឹកជំនន់ទន្លេមេគង្គលើដែលកំពុងហក់ឡើងនេះ នឹងបង្កផលប៉ះពាល់ដល់ ៤ ខេត្ត ក្នុងនោះមាន ខេត្តកំពង់ចាម ត្បួងឃ្មុំ ក្រចេះ និងស្ទឹងត្រែង។ លោកបន្តថា ក្នុងចំណោមខេត្តទាំង ៤ ខាងលើនេះ គឺខេត្តស្ទឹងត្រែងប្រឈមខ្លាំងជាងគេ ដោយសារ ទឹកជំនន់បន្តហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន។
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ទឹកជំនន់នៅតែបន្តជន់លិចក្នុងខេត្តស្ទឹងត្រែង ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរបានត្រៀមជួយសង្គ្រោះ និងបានជម្លៀសប្រជាពលរដ្ឋ ៧៧ គ្រួសារនៅក្រុងស្ទឹងត្រែង និងស្រុកសៀមបូកចំនួន១៦ គ្រួសាទៅទីទួលសុវត្ថិភាពរួចហើយ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់
លោកបន្តថា ក្រៅពីជម្លៀសប្រជាពលរដ្ឋ អាជ្ញាធរក៏បានដាក់កម្លាំងប្រចាំនៅគ្រប់ទីតាំងនៃខេត្តស្ទឹងត្រែង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។
អភិបាលរងខេត្តក្រចេះលោក ប៉ែន លីណាត លើកឡើងថា ទឹកជំនន់បានជន់លិចក្រុង និងស្រុកចំនួន ៤ នៃខេត្តនេះ ហើយធ្វើឲ្យប៉ះពាល់ដល់ផ្ទះជាង ២០០០ខ្នង ក្នុងនោះមានការជម្លៀសប្រជាពលរដ្ឋ២០៤គ្រួសារដែលភាគច្រើនរស់នៅតាមដងទន្លេមេគង្គ។
អភិបាលរងខេត្តក្រចេះលោក ប៉ែន លីណាត
ដោយឡែកអភិបាលខេត្តកំពង់ចាមលោក គួច ចំរើន លើកឡើងថា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ ស្រុក ដោយក្នុងនោះក៏មានការជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅទីទួលសុវត្ថិភាពខ្លះដែរដោយសារ ទឹកជំនន់បានជន់លិចផ្ទះ។ លោកអំពាវនាវទៅប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ដោយសារ ទឹកជំនន់នៅតែបន្តហក់ឡើង ហើយអាចនឹងប៉ះពាល់ដល់ស្រុកផ្សេងៗបន្ថែមទៀតផងដែរ។
អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន
លោកបន្តថា អាជ្ញាធរនៅក្នុងខេត្តនេះ បានត្រៀមកម្លាំងក្នុងជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងកំពុងជួបប្រទះទឹកជំនន់ និងស្រុកដែលប្រឈមទឹកជំនន់។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីការហក់ឡើងខ្លាំងនៃការទឹកជំនន់ទន្លេមេគង្គលើ ចេញេផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងទៅ ឲ្យដឹងថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា ទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់នៅប្រទេសថៃនិងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជាអាចបន្ដកើនឡើងដល់កម្រិតប្រកាសអាសន្ន ចាប់ពីថ្ងៃទី០២ ខែសីហានេះ ។ ក្រសួងបញ្ជាក់ថា ការប្រុងប្រយ័ត្ននេះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕