ក្រុមហ៊ុនកាពីតូលទាមទារ​សំណង​ពីអតីតបុគ្គលិក​​២ម៉ឺនដុល្លារក្នុងម្នាក់​

មេធាវីការពារក្តីឲ្យក្រុមហ៊ុនកាពីតូលស្នើទៅតុលាការរំលាយកិច្ចសន្យាក្រុមហ៊ុនជាមួយអតីត​បុគ្គលិក​ជាង៣០នាក់ និង ទាមទារសំណង​ពីពួកគេ​២ម៉ឺនដុល្លារក្នុងម្នាក់ដោយលើកឡើង​ថា​ពួកគេបាន​រំលោភលើកិច្ចសន្យាអំឡុង​ពេលបំពេញការងារឲ្យក្រុមហ៊ុន​។

មេធាវី ខៀវ វ៉ាន តំណាងឲ្យក្រុមហ៊ុនកាពីតូលបានលើកក្នុង​សវនាការនា​ថ្ងៃទី២ខែសីហានេះថា​ ​ អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលបានលួចដឹកភ្ញៀវតាមផ្លូវ កិបកេង​យកប្រាក់ជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុហ៊ុន ព្រមទាំងរំលោភលើកិច្ចសន្យា​ជាដើម។

ឆ្លើយតបនឹងករណីនេះ លោក ជឹម ឃៀន មេធាវីការពារឲ្យជនកម្មករ បានច្រានចោល​ការចោទប្រកាន់របស់មេធាវីការពារឲ្យក្រុមហ៊ុនកាពីតូល ដោយថាដើមចម​ដែល​ក្រុមហ៊ុនបញ្ឈប់កូនក្តីមកពីពួកគេបង្កើត​​សហជីពទាមទារឲ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារស្របតាមច្បាប់។

មេធាវីរូបនោះស្នើទៅចៅក្រមពិចារណាលើអង្គហេតុនិងភស្តុតាង ហើយសម្រេចឲ្យកម្មករ​ទាំង៣៣នាក់ បានទទួលប្រាក់អត្ថប្រយោជន៍ និង​ចូលធ្វើការងារនៅក្រុមហ៊ុនវិញ។

ក្រោយពីបញ្ចប់នីតិវិធីទាញហេតុផលផ្ទាល់មាត់ ចៅក្រមជំនុំជំរះ បានអះអាងថា នឹងជូនដំណឹងទៅមេធាវីទាំងពីរ ជុំវិញការសម្រេច​សេចក្តីនៅពេលក្រោយ។​

កម្មករដែលចូលស្តាប់សវនាការលោក ប៉ិល វឿន បានអះអាងថា លោកមិនមានជំនឿលើប្រព័ន្ធតុលាការនោះទេ ដោយលោកស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍លើករណីនេះ ដើម្បីផ្តល់យុត្តិធម៌ជូនពួក​គេ។

ពេលដែលខ្ញុំមានរឿង ពេលដែលខ្ញុំមានទុកកង្វល់​ ឲ្យតំណាង​រាស្ត្រចុះមក​មើលពួកខ្ញុំ ។តើខ្ញុំមានទុកកង្វល់អ្វីខ្លះ​ មិនមែនតំណាងរាស្ត្រអង្គុយតែក្នុងម៉ាស៊ីនត្រជាក់​ទេ។ ខ្ញុំបោះឆ្នោតឲ្យគាត់ ឲ្យគាត់មក​មើលពួកខ្ញុំ តើក្រុមហ៊ុនកាពីតូលធ្វើទង្វើរបៀបម៉េច​មកលើពួកខ្ញុំ

កម្មករដែលចូលស្តាប់សវនាការលោក ប៉ិល វឿន

អគ្គលេខាធិការសម្ព័ន្ធសហជីពវិស័យដឹកជញ្ជូនកម្ពុជា លោក អៀង គឹមហ៊ុន បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា ដើម្បីផ្តល់យុត្តិធម៌ដល់កម្មករ តុលាការត្រូវ​ធ្វើការសម្រេច​ឈរលើគោលការណ៍ឯករាជ្យ។ លោកព្រមានថា បើមិនមានដំណោះស្រាយ​ កម្មករនឹងបន្តយុទ្ធសាស្ត្រថ្មី ដើម្បីទាមទារឲ្យទទួលបានផលវិជ្ជមាន។

អគ្គលេខាធិការសម្ព័ន្ធសហជីពវិស័យដឹកជញ្ជូនកម្ពុជា លោក អៀង គឹមហ៊ុន
យើងមើលសាច់រឿង​ចុងក្រោយ​សិន ហើយយើងធ្វើបន្តទៀត ព្រោះយើងអត់បោះបង់ចោលទេ ព្រោះរឿង​នេះរយៈពេល៣ឆ្នាំ ៤ឆ្នាំ ទោះ១០ ទៅ២០ឆ្នាំក៏យើងនៅតែបន្ត ដើម្បីរកយុត្តិធម៌ មិនឲ្យក្រុមហ៊ុនកាពីតូលរួច​ខ្លួនទេ

អគ្គលេខាធិការសម្ព័ន្ធសហជីពវិស័យដឹកជញ្ជូនកម្ពុជា លោក អៀង គឹមហ៊ុន

វិវាទការងារនៅក្រុមហ៊ុនកាពីតូលនេះ ធ្លាប់ផ្ទុះហិង្សាររវាងក្រុមអតីតបុគ្គលិកក្រុមហ៊ុននិងក្រុមអ្នករត់រ៉ឺម៉កកង់បីរបស់សមាគមរួបរួមដើម្បីអភិវឌ្ឍន៍កាលពីឆ្នាំ២០១៥​ ដែល​បណ្តាលឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះ រងរបួសធ្ងន់និង​ស្រាល ហើយ​ភាគីខាងក្រុមអ្នករត់រ៉ឺម៉កកង់បីរងរបួសមួយចំនួនផងដែរ៕ 

បុគ្គលិកដែលក្រុមហ៊ុនកាពីកូលប្ដឹងដោយចោទថា រំលោភលើកិច្ចសន្យាក្រុមហ៊ុន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ