លោក ហ៊ុន សែន បន្តវាយបក​បក្ស​ប្រឆាំង​ខណៈ​អន្តរ​ជាតិ​​រំឭក​ឲ្យដោះ​លែង​លោក​ កឹម​ សុ​ខា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងជាថ្មីទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិគឺ​ដើម្បីបញ្ជៀសស​​​​​ង្គ្រា​​ម​​​នៅ​កម្ពុ​ជា ខណៈក្រុមប្រទេសលោក​សេរីបង្ហាញជំហមិនគាំទ្រការបោះឆ្នោត និងរំឭកឲ្យដោះលែ​ង លោក កឹម សុ​ខា។

លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករក្នុងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះថ្លែងរំឭកថា លោកគ្មានថ្ងៃអ​ត់ឱនដ​ល់​​ក្រុម​ ដែ​ល​ចោទកូនប្រុសច្បងរបស់លោកថា ជាកូនបង្កើតរបស់មេដឹកនាំវៀតណាមនោះទេ ។ លោកថាកា​រចោទប្រកា​ន់​​បែបនេះជា​កា​រមើលងាយដល់គ្រួសារត្រកូលហ៊ុន និងថាបានញុះញង់បង្កឲ្យមានជម្លោះផ្ទៃក្នុង ។

លោក ហ៊ុន សែន ថ្លែងទៀតថា ការបោះឆ្នោតឆ្នាំ២០១៣ ក្រុមនេះ បានគ្រប់គ្រងមណ្ឌលបោះឆ្នោតមួយចំនួន ដែល​ពេ​ល​​នោះ ​ស្ទើ​រ​តែបង្ក​ជាសង្គ្រាមផ្ទៃក្នុ្ងងទៅហើយ បើគ្មានរូបលោកទប់ស្ថានការណ៍នោះ ។

​​មេដឹកនាំរូបនេះ អះអាងទៀតថា ការរំលាយក្រុមនេះ ធ្វើឲ្យការបោះឆ្នោត​អាណត្តិថ្មីនេះ ប្រព្រឹត្ត​ទៅដោយសេរី ត្រឹមត្រូវ និង​យុត្ត​ធម៌ ​គ្មានប​ញ្ហា​ដូចអាណត្តិមុនកើតឡើ​ងទៀត​ទេ ។

អ្នកឯងត្រូវចាំឲ្យច្បាស់​។ ពួកអ្នកឯង ដុតរោលគ្រប់បញ្ហាមិនចេះចប់។ ដូច្នេះវាសមមុខហើយ ដែលព្រាត់​ប្រា​ស់​ទៅ​នោះ​។ វាស​មមុខ​ហើ​យ ដែលគេរំលាយចោលនោះ។ ហើយការរំលាយចោលនោះ ជាការបញ្ជៀសសង្គ្រា​មនៅក្នុងប្រទេ​សកម្ពុជាៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ការបោះឆ្នោតឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ ដណ្តើមបានអាសនៈ៥៥ ចំណែកបក្សកាន់អំណាច បានធ្លាក់ចុះពី​៩០​អា​​ស​នៈមក៦៨វិញ ពោលគឺបាត់អស់២២អាសនៈ។

ប៉ុន្តែនៅ​អា​ណត្តិថ្មីនេះ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ អ្នកនាំ​ពា​ក្យ​ប​​ក្ស​​​​​កា​​ន់អំណាចអះអាងថា អាសនៈទាំ​ង​អ​ស់​​ក្នុ​ងស​ភា ​​អាច​នឹ​ង​ត្រូវ​​បាន​មកលើគណបក្សប្រជាជនកម្ពុជា។

បើទោះបីជាការថ្លែងរបស់ លោក ហ៊ុន សែន មិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែសារនយោបាយនេះទំនង​ជាសំ​ដៅ​ទៅ​អ​តីតគណ​ប​ក្ស​ស​​ង្គ្រោះ​​​ជាតិ​ ដែ​​​​​ល​គណ​បក្ស​នេះ ត្រូវតុលា​ការកំពូល ប្រកាសឲ្យរំលាយកាលពីចុងឆ្នាំមុន មុនការបោះឆ្នោតម​ក​​ដ​​ល់តាម​បណ្តឹ​​ងរដ្ឋា​ភិ​បា​ល។ អតីតមេដឹក​នាំ​​​​​បក្សប្រឆាំង លោក កឹម សុខា​ នៅបន្តជាប់ឃុំជិត១ឆ្នាំ គិតត្រឹមថ្ងៃទី២ខែសីហានេះ ក្រោ​មប​​ទចោ​ទ​ថា «ក្ប​​ត់ជា​តិ​»​។

ចំ​ណាត់ការទៅលើគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួនលោក កឹម សុខា ជំរុញឲ្យក្រុមប្រទេសលោកសេរី មានស​ហ​រដ្ឋអា​មេ​​រិក​ ស​ហ​​ភា​​ព​អឺរ៉ុប កាណាដា អូស្ត្រាលី អាលឺម៉ង់ និងអង់គ្លេសជាដើម​ ហៅបរិយាកាស​នយោ​បាយនៅកម្ពុ​ជាថាបានព្យា​យាមបំ​បិទ​​​​សំ​ឡេងប្រឆាំង។

ជាងនេះទៅទៀត នៅប៉ុន្មានថ្ងៃនេះប្រទេសទាំងនោះ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ប​ង្ហា​ញ​​ជំហរ​មិ​ន​​ទទួល​ស្គាល់​ការ​បោះ​​​ឆ្នោតនៅកម្ពុជា ដោយថាបានដំណើការទៅផ្ទុយពីយន្តការប្រជាធិបតេយ្យ និងបានជំរុញឲ្យបក្សកាន់អំណាច ស្វែងរកការស​ម្រ​ប​សម្រួ​លនយោបាយដោះលែងលោក កឹម សុខា ឈានទៅស្តារប្រជាធិបតេយ្យឡើងវិញ។

អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ូ ​​ច័ន្ទរ័ត្ន បានអះអាងថា បក្សប្រឆាំងគ្មានលទ្ធភាពបង្កសង្គ្រាមទេ ហើយថាការប្រ​កួតប្រ​ជែង​​កន្លងទៅ បក្សនេះចង់ផ្លាស់ប្តូររបបដឹកនាំដោយសន្តិវិធីតាមរយៈនៃការបោះឆ្នោត។

អតីតមន្ត្រីបក្សប្រឆាំងរូបនេះ អះអាងទៀតថា បើបក្សកាន់អំណាចនៅតែគិតថាខ្លួនកំពុងបន្តឈ្នះហើយមិនអើពើ​ទៅនឹងកា​រ​ជំរុញរបស់សហគមន៍អន្តរជាតិជាប្រទេ​សម្ចាស់​ជំនួយនោះទេ ​ជ័យជ​ម្នេះ​ដែលបក្សកាន់អំណាច​កំពុងទទួល​បាន​នេះ​​ និង​​ជំ​រុញឲ្យពលរដ្ឋ និងមន្ត្រីរាជការជួបនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយសារតែអន្តរជាតិហ៊ុមព័ទ្ធសេដ្ឋកិច្ច។

បើសិនជាលោកយល់ថា អាហ្នឹងជាជោគជ័យ ហើយមិនបត់បែនតាមអ្វីដែលសហគមន៍អន្តរជាតិស្នើសុំ ខ្ញុំគិតថា​អាហ្នឹ​ង​អត់ជោគជ័យទេសម្រាប់ប្រទេសជាតិគឺអត់ជោគជ័យទេ។​ សម្ពាធអន្តរជាតិនឹងមានបន្ត វាប៉ះពាល់ដល់​ប្រទេសជាតិ​ទាំង​មូល​ ជា​ពិសេ​សជីវភាពប្រជាពលរដ្ឋ

អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ូ ​​ច័ន្ទរ័ត្

របត់នយោបាយនៅកម្ពុជា ជំរុញឲ្យសហភាពអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បើស្ថា​​ន​ការណ៍នយោបាយមិនវិលទៅ ធា​នា​សិទ្ធិ​ធ្វើនយោបាយ របស់គណប​ក្សប្រឆាំង​ឡើងវិញនោះ។

អ្ន​កជំនា​ញសេដ្ឋកិច្ច ដាក់ការព្រួយបារម្ភថា បើអន្តរជាតិដកប្រព័ន្ធអនុគ្រោះពន្ធមែន អ្នករងគ្រោះមុនគេគឺកម្មករជិត ១លាននាក់ ដែ​ល​កំពុងធ្វើការនៅក្នុងវិស័យកាត់ដេរ ដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ បានផ្តល់លទ្ធភា​ពឲ្យអ្នកវិនិ​យោគ រក​ប្រា​​ក់ចំ​ណេញបាន និងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ