កម្មករជាង២០០នាក់ទាមទារប្រាក់ឈ្នួលក្រោយថៅកែទទួលមរណៈភាព

កម្មករ-កម្មការិនី តវ៉ារឿងប្រាក់ឈ្នួល នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹក សង្កាត់កាកាប

កម្មករជាង២០០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាក្រោយថៅកែរបស់ខ្លួនស្លាប់​ ហើយ​អ្នកគ្រប់គ្រងក្រុមហ៊ុនរត់ចោលដោយមិនបើកប្រាក់ឈ្នួលជូនពួកគេ។

ក្រុមកម្មករបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹក សង្កាត់កាកាប បានតវ៉ាចំនួន២ថ្ងៃហើយ ដើម្បីទាមទារទៅភាគីពាក់ព័ន្ធជួយដោះស្រាយសំណងជូនពួកគេក្រោយចប់ការបោះ ឆ្នោត។

កម្មករម្នាក់អ្នកស្រី សៅ សាវន ប្រាប់វីអូឌីកន្លែងតវ៉ាថា កាលមុនបោះឆ្នោតថៅកែរោងចក្រនេះបើកប្រាក់ឈ្នួលឲ្យតែ២០ដុល្លារប៉ុណ្ណោះសម្រាប់កម្មករម្នាក់ ដោយសន្យាបើកឲ្យទាំងអស់ពេលត្រឡប់ពីបោះឆ្នោតវិញ។ អ្នកស្រីបន្តថា​ក្រោយបោះឆ្នោតរួចថៅកែរោងចក្រនោះបានចង់កសម្លាប់ខ្លួន ហើយអ្នកគ្រប់ទូទៅក្នុងរោងចក្រដែលជាជនជាតិកូរ៉េខាងត្បូងក៏រត់ចោលដោយមិនបានទូទាត់ប្រាក់ ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឡើយ។

សូមឲ្យខាងក្រសួងការងារជួយដោះស្រាយ។ កាលបោះឆ្នោតខាងរោងចក្រឲ្យកម្មករខ្ចីម្នាក់២០ដុល្លា អ្នកខ្លះបាន អ្នកខ្លះអត់បានទៀត

កម្មករម្នាក់អ្នកស្រី សៅ សាវន

ស្រ្តីម្នាក់ដែលអះអាងថា ជារដ្ឋបាលរោងចក្រអ្នកស្រី ឈឹម សុភាព និយាយថា ក្រោយថៅកែស្លាប់ និងដឹងថាអ្នកគ្រប់គ្រងរត់ចោលពួកគាត់ ក្រុមរដ្ឋបាលបានសម្រេចប្រគល់ការងារនេះទៅក្រសួងការងារជាអ្នកដោះស្រាយ ប៉ុន្តែពេលសួរថា ហេតុអ្វីក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឲ្យកម្មករមុនបោះឆ្នោតតាមសេចក្តីប្រកាសរបស់ក្រសួងនោះ គឺស្រ្តីរូបនេះសុំមិនឆ្លើយ។

កំពុងអង្គុយឃ្លាំមើលការប្រមូលផ្តុំគ្នារបស់ក្រុមកម្មករនៅមុខរោងចក្រ បុរសម្នាក់ដែលអះអាងថា ជាអាជ្ញាធរមូលដ្ឋានដោយសុំមិនប្រាប់ឈ្មោះ និយាយថា អាជ្ញាធរមិនអាចជួយដោះស្រាយអ្វីបាននោះទេ ក្រៅពីជួយការពារទ្រព្យ​សម្បត្តិដែលនៅសេសសល់ខ្លះៗក្នុងរោចក្រទុកសម្រាប់លក់ទូរទាត់ជូនកម្មករ។

បុរសស្លៀកពាក់ជានគរបាលរូបនេះបន្តថា ការតវ៉ារបស់ក្រុមកម្មកររយៈពេល២ថ្ងៃនេះ គឺមានមន្រ្តីក្រសួងការងារ និងបណ្តុះ       បណ្តាលវិជ្ជាជីវៈបានចុះមកសម្របសម្រួលរកដំណោះស្រាយហើយ។

បើខាងសមត្ថកិច្ចមូលដ្ឋានជាអ្នកកាន់សោរឃ្លាំង ពេលបាត់របស់​របរអីក្នុងនោះ អាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវ ប៉ុន្តែបើពួកគាត់ជាអ្នកកាន់ពេលបាត់បង់អីឲ្យសមត្ថកិច្ចមូលដ្ឋានទទួលខុសត្រូវដែរ គឺមិនអាចទទួលយកបានទេ

អាជ្ញាធរមូលដ្ឋានម្នាក់ (សុំមិនបញ្ចេញឈ្មោះ)

វីអូឌីមិនអាចសុំការឆ្លើយតបពីមន្រ្តីក្រសួងការងារបានទេជុំវិញបញ្ហាវិវាទការងារនេះ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ក្នុងរណីនេះអ្នកដែលទទួលខុសត្រូវ ជាថៅកែដែលបានចុះ បញ្ជីរកស៊ីជាឯកកម្មសិទ្ធិ និង សហកម្មសិទ្ធិ ហើយប្រសិនបើថៅកែស្លាប់គ្មានអ្នកទទួលខុសត្រូវ គឺកម្មករមានសិទ្ធលក់សំ​ភារៈរបស់ក្រុមហ៊ុនដើម្បីទូទាត់សំណង់បាន។

បើតាមច្បាប់កាលណាថៅកែចុះបញ្ចីនៅក្រសួងពាណិជ្ជកម្មជាសហកម្មសិទ្ធ ទទួលខុសត្រូវមានកំរិត អញ្ចឹង ក្នុងក្របខណ្ឌថវិកាដែលគេបានផ្តល់ដំបូង ឬក៏ដើមទុនធ្វើវិនិយោគហ្នឹងយ៉ាងម៉េច? គេចំនេញភាគហ៊ុនភាគលាភដូចម៉េចហ្នឹង? គឺគេដោះដូរវាដើម្បីទូទាត់សងកម្មករអញ្ចឹងទៅ។ បើអត់ទេសំភារៈទ្រព្យសម្បត្តិអាចលក់ទូទាត់សំណងជូនកម្មករបាន

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់

កាលខែមុនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ បានជូនដំណឹងទៅម្ចាស់សហគ្រាសទាំងអស់ត្រូវបើកប្រាក់ឈ្នួលទាំង អស់ ឬពាក់កណ្តាលឲ្យកម្មករ និងត្រូវអនុញ្ញាតឲ្យពួកគេឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីបានចូលរួមការបោះឆ្នោត។

កម្មករឲ្យដឹងថា រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មានកម្មករសរុប២៧០នាក់ មានថៅកែជាជនជាតិកូរ៉េខាងត្បូង ហើយថា រោងចក្រនេះទើបតែបើកបានជិត១ឆ្នាំប៉ុណ្ណោះដោយជំពាក់ប្រាក់ឈ្នួលកម្មករចន្លោះពី២៥០ដុល្លាទៅ៣០០ដុល្លារ ក្នុងមួយម្នាក់ និងមិនទាន់មានប័ណ្ណ ប.ស.ស.នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ