ចិន ឡាវ និងវៀតណាម ប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ប្រទេសសង្គមនិយមមួយចំនួនមាន​ដូចជាចិន ឡាវ និងវៀតណាមជាដើមបានប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា ថា      មានសេរី និង ត្រឹមត្រូវអាចទទួលយកបាន។

បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងការបរទេសឡាវ និងសាធារណរដ្ឋប្រជាមានិតចិន បានចេញថ្លែងការណ៍គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា និងជោគជ័យរបស់គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ឆ្នាំមកហើយ។

ភា្លមៗបន្ទាប់ពីការបោះឆ្នោតនៅកម្ពុជាត្រូវបានបញ្ចប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ ​Geng Shuang បានថ្លែងគាំទ្រការបោះឆ្នោតនេះ ថា សម្រេចបានដោយជោគជ័យ និងថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មី ទៅលើកិច្ចព្រមព្រៀងនានាដែលធ្វើឡើងរវាងមេដឹកនាំប្រទេសទាំងពីរ។

លោក​ ​Geng Shuang ថ្លែងទៀតថា សហគមន៍អន្ដរជាតិត្រូវគោរពកិច្ចការផ្ទៃកម្ពុជា និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ និងជួយប្រទេសនេះឆ្ពោះទៅរកការអភិវឌ្ឍជាតិ និងស្ថិរភាពសង្គម។

ដោយឡែក សារព័ត៌មាន​ AKP ឲ្យដឹងថា នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សួន  ហ្វ៊ុក បានផ្ញើលិខិតអបអរសាទរជ័យជំនះរបស់គណបក្សប្រជាជន និងថា នេះក៏ជាជោគជ័យរបស់ប្រទេសទាំងពីរផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន លើកឡើងថា ការវាយតម្លៃដែលសុក្រឹត្យ និងត្រឹមត្រូវ គឺទាល់តែប្រទេសទាំងនោះបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជា។ ប៉ុន្ដែ លោកថា ប្រទេសខ្លះមិនបានបញ្ជូនអ្នកសង្កេតការណ៍ទេ និងបានវាយតម្លៃអាក្រក់អំពីដំណើរការបោះឆ្នោតនៅអាណត្តិនេះ។

ក៏ប៉ុន្ដែ យើងមានការឆ្ងល់ថាប្រទេសមួយចំនួនដូចប្រទេសលោកខាងលិច មិនបានចាត់ប្រតិភូមកត្រួតពិនិត្យសង្កេតការណ៍ការបោះឆ្នោតទេ ក៏ប៉ុន្ដែ គាត់ក៏វាយតម្លៃដែរ។ អញ្ចឹងការវាយតម្លៃនេះ វាមិនអាចផ្សាភ្ជាប់នឹងការពិតជាក់ស្ដែង ព្រោះពួកគាត់អត់មានអ្នកសង្កេតការណ៍មក

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន

នាយក​ប្រតិបត្តិអង្គការណិចហ្វិច លោក​ សំ គន្ធាមី​ យល់ថា គណបក្សដែលឈ្នះឆ្នោតទៅដឹកនាំរដ្ឋាភិបាល គួរធ្វើយ៉ាងណាសម្របសម្រួលឲ្យស្ថានការណ៍នយោបាយបច្ចុប្បន្នត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ដើម្បីឲ្យ​មានទំនាក់ទំនងល្អជាមួយប្រទេសលោកសេរី និងប្រទេសសង្គមនិយម។

គណបក្សឈ្នះឆ្នោតជាពិសេសគណបក្សដែលកាន់រដ្ឋាភិបាលហ្នឹង គួរតែមានការសម្របសម្រួលគ្នាដើម្បីឲ្យដំណើរការល្អឡើងវិញ ហើយសហគមន៍អន្តរជាតិជាពិសេសប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យគេទទួលយកបានទាំងអស់គ្នា! ហើយមានប្រយោជន៍សម្រាប់ការទូតយើងធ្វើទំនាក់ទំនងគ្នាក្នុងពេលខាងមុខទៀត កុំឲ្យវាដាច់ទំនាក់ទំនងប្រទេសខាងលោកសេរី។ មិនអញ្ចឹងទេយើងនៅសល់តែប្រទេសប្លុកសង្គមនិយមអីទេ

នាយក​ប្រតិបត្តិអង្គការណិចហ្វិច លោក​ សំ គន្ធាមី​

ខុសគ្នាពីក្រុមប្រទេសកុម្មុយនីស្ដ ក្រុមប្រទេសលោកសេរីមួយចំនួន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណដា ញូវសែឡែន បារាំង អាល្លឺមង់ និងអង់គ្លេសជាដើម បានវាយតម្លៃការបោះឆ្នោតនៅកម្ពុជា ថា គ្មានភាពសេរី និងយុត្តិធម៌ ខណៈ គ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំចូលរួម។ រីឯប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយបោះឆ្នោតដល់កម្ពុជា ក៏មិនបានបង្ហាញជំហរណាមួយពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាឡើយ បន្ទាប់ពីប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ