ជប៉ុនខកចិត្តនឹងការ​បោះឆ្នោតនៅកម្ពុជា និង​ជំរុញ​ឲ្យ​ចរចា​ជាមួយ​បក្ស​ប្រឆាំង

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងជំនួប បំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៨មេសា២០១៨ (រូបថត៖ ទំព័រហ្វេសប៊ុក ហ៊ុន សែន)

ជប៉ុន ដែលបាន​ជួយ​ដល់​ការ​បោះឆ្នោតរបស់កម្ពុជា​នោះ បានបង្ហាញ​ការខកចិត្តចំពោះ​ការ​បោះឆ្នោតនៅអាណត្តិទី៦នេះ ព្រមទាំងបានជំរុញទៅរដ្ឋាភិបាលបច្ចុប្បន្ន ឲ្យបើកផ្លូវចរចាជាមួយអតីតគណបក្សប្រឆាំងដើម្បីផ្សះផ្សា­ជាតិ។

សារព័ត៌មានជប៉ុន NHK ឲ្យដឹងថា រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​កិច្ច​ប្រជុំ​នោះ ប្រមុខ​ការទូត​ជប៉ុន​បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​កម្ពុជា​ថា រដ្ឋាភិបាលជប៉ុន​ខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាពេលនេះ ដោយថា មានសន្លឹកឆ្នោតជាច្រើន ត្រូវបាន គ.ជ.ប. ចាត់ទុកថា «មិនបានការ» ឬគ្មានសុពលភាព។

បើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនដដែលនេះ រដ្ឋមន្ដ្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហ​ប្រជាធិបតេយ្យឡើងវិញ និងស្វែងរកការចរចានយោបាយជាមួយអតីតគណបក្សប្រឆាំងដើម្បីផ្សះផ្សាជាតិ។

ប៉ុន្ដែ សារព័ត៌មានជប៉ុនបានដកស្រង់សម្ដីលោក ប្រាក់ សុខុន ចុះផ្សាយថា រដ្ឋាភិបាលកម្ពុជាបានរៀបចំការបោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យហើយ។

ការបង្ហាញនូវការខកចិត្តរបស់រដ្ឋាភិបាលជប៉ុននេះ គឺបន្ទាប់ពីក្រុមប្រទេសប្រជាធិបតេយ្យមួយចំនួន បានបង្ហាញការរិះគន់ និងថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជា​ថា គ្មានភាពសេរី និងយុត្តិធម៌នោះទេ ខណៈគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំង ចូលរួមនោះ។

ក្រុមប្រទេសលោកសេរីដែលបង្ហាញការខកចិត្តទាំងនោះ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណដា ណូវែលសេឡង់ បារាំង អាល្លឺមង់ និងអង់គ្លេសជាដើម ហើយគេឃើញមានតែប្រទេសកាន់របបសង្គមនិយមប៉ុណ្ណោះ ដែល​បង្ហាញ​ការ​សាទរ​ចំពោះ​ការបោះឆ្នោតនៅកម្ពុជា​ថា ត្រឹមត្រូវ និងអាចទទួលយកបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ