សង្គ្រោះជាតិថា នឹងបន្ដចរចាជាមួយបក្សកាន់អំណាចដោយមានអន្ដរជាតិចូលរួម

លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានថ្លែងនៅក្នុងសន្និសីទកាសែតមួយជាមួយកូនស្រីលោក កឹម សុខា នៅហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី 30 ខែកក្កដាឆ្នាំ 2018 (រូបភាព៖ AP Photo/Tatan Syuflana)

អតីត​បក្ស​ប្រឆាំង បាន​អះ​អាង​ថា នឹង​បន្ត​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ដោយថា ចាំបាច់​ត្រូវ​មាន​វត្តមាន​ភាគី​ទី​បី​ចូល​រួម ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​បច្ចុប្បន្ន និង​រៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ។

ក្នុងវេទិកាសំណេះសំណាលមួយជាមួយក្រុមអ្នកគាំទ្រ​នៅទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី កាលពីថ្ងៃម្សិលមិញ មន្ដ្រីជាន់ខ្ពស់អតីត​គណបក្សសង្គ្រោះជាតិ និងជាកូនស្រីបង្កើតរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានថ្លែងថា អតីតគណបក្សប្រឆាំង នឹងបន្ដការចរចាដើម្បីស្វែងរកដំណោះស្រាយជាមួយបក្សកាន់អំណាច ប៉ុន្ដែ កញ្ញាអះអាងថា ការចរចាលើកនេះ ចាំបាច់ត្រូវមានវត្តមានអន្ដរជាតិចូលរួម។

កញ្ញា កឹម មនោវិទ្យា បន្ដថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងទទួលរងឥទ្ធិពលពីប្រទេសកុម្មុយនីស្ដចិន និងប្រាប់ឲ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នចំពោះវត្តមានរបស់ប្រទេសមហាអំណាចមួយនេះមកលើកម្ពុជា។

គាត់បានលើកឡើងថា បើចរចា សុំឲ្យមានអន្ដរជាតិ ការពិត ពិតមែន ដូចរាល់ថ្ងៃហ្នឹងចរចាហើយតើ ដូចអន្ដរជាតិលើកឡើងចំណុចនេះ ចំណុចនោះ អាហ្នឹងហើយគេលើកពាក្យយើងចរចា។ ការពិត ពួកគេយើងសង្គ្រោះជាតិ អត់ដែលមានទំនាក់ទំនងអីជាមួយម្ខាងទៀត ប៉ុន្ដែ គឺអន្ដរជាតិទេ ដែលនិយាយជាមួយម្ខាងទៀត ហើយឥឡូវហ្នឹង អន្ដរជាតិកំពុងតែចរចាឲ្យយើង

កញ្ញា កឹម មនោវិទ្យា កូនស្រីបង្កើតលោក កឹម សុខា

ក្នុងវេទិកានេះដែរ អតីតតំណាងរាស្ដ្រគណបក្សប្រឆាំង លោកស្រី មូ សុខហួរ ថ្លែងថា ក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នឹងបន្ដការតវ៉ានៅក្រៅប្រទេស ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយលោកស្រីរិះគន់ថា ការបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ គឺមិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

ប៉ុន្ដែ ក្នុងពិធីជួបជាមួយកម្មករ កាលពីថ្ងៃទី២ ខែសីហា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងជាថ្មីថា លោកគ្មានថ្ងៃអត់ឱនដល់ក្រុមប្រឆាំង ដែលលោកថា បានចោទកូនប្រុសលោក​ថា ជាកូនបង្កើតរបស់មេដឹកនាំវៀតណាមនោះទេ។ លោក ហ៊ុន សែន ថ្លែងថា ការចោទប្រកាន់បែបបនេះ គឺជាការប្រមាថមាក់ងាយដល់គ្រួសារបស់លោក និងថា បានញុះញង់ឲ្យមានជម្លោះផ្ទៃក្នុង។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៦ ដែល​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ឈ្នះ​សំឡេង​ភាគ​ច្រើន​លើស​លប់​នោះ មិន​ត្រូវ​បាន​បណ្ដា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ទទួល​ស្គាល់​នោះ​ឡើយ ខណៈ​ដែល​មាន​តែ​ក្រុមប្រទេសកាន់របបកុម្មុយនីស្ដប៉ុណ្ណោះ ដែលបានចេញមុខប្រកាសគាំទ្រ មានដូចជា ចិន ឡាវ វៀតណាម និងរុស្ស៊ីជាដើម។

រីឯប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយបោះឆ្នោតដល់កម្ពុជាវិញ ក៏មិនបានបង្ហាញជំហរណាមួយពាក់ព័ន្ធនឹងការបោះឆ្នោតនេះឡើយ បន្ទាប់ពីប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ