គ.ជ.ប ហៅការខកចិត្តរបស់ជប៉ុនចំពោះ​បោះឆ្នោតនៅកម្ពុជាថា​មាន​ចរិត​នយោបា​យ​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ហៅក្ដីព្រួយបារម្ភរបស់ជប៉ុនថា មានលក្ខណៈនយោបាយ បន្ទាប់ពីប្រទេសមួយនេះ បានបង្ហាញការខកចិត្តចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលថា មានសន្លឹកឆ្នោតជាច្រើន ត្រូវបានចាត់ទុកថា «មិនបានការ»។

ក្នុងជំនួបមួយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅឯប្រទេសសិង្ហបុរី ប្រមុខការទូតជប៉ុន លោក តារ៉ូ កូណូ បានប្រាប់ទៅរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថា ជប៉ុនមានខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា និងទទូចឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បើកលំហូរប្រជាធិបតេយ្យឡើងវិញ និងស្វែងរកការចរចាជាមួយអតីតគណបក្សប្រឆាំង ដើម្បីផ្សះផ្សាជាតិ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងលោក តាណូ កូរ៉ូ (Taro Kono) រដ្ឋមន្រ្ដីការបរទេសជប៉ុន ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសឹង្ហបុរី កាលពីថ្ងៃទី ០៤ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស)

ប៉ុន្ដែ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ចាត់ទុកអ្វីដែលរដ្ឋមន្ដ្រីក្រសួងការបរទេសជប៉ុនបានលើកឡើងនេះ ថា មិនឆ្លុះបញ្ចាំងទិដ្ឋភាពបច្ចេកទេស និងមានចរិត​នយោបាយ។

អគ្គលេខាធិការង គ.ជ.ប ​លោក សោម សូរីដា (រូបភាពពីគេហទំព័រ NEC)
ចំណុចនេះ គឺជាសិទ្ធិបញ្ចេញមតិរបស់រដ្ឋមន្ដ្រីការបរទេសជប៉ុន ប៉ុន្ដែ សិទ្ធិបញ្ចេញមតិរបស់គាត់ មិនឆ្លុះបញ្ចាំងអំពីទិដ្ឋភាពបច្ចេកទេសទេ ការលើកឡើងរបស់គាត់នេះ គឺមានចរិកនយោបាយ ជាជាងបច្ចេកទេស

អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា យល់ថា នេះគ្រាន់តែជាក្ដីព្រួយបារម្ភមួយរបស់ជប៉ុនតែប៉ុណ្ណោះ។ ប៉ុន្ដែ លោកថា វាមិនប៉ះពាល់អ្វីដល់ភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលកើតក្រោយការបោះឆ្នោតនោះទេ។

លោកបន្ដថា៖ «ជាការយល់ឃើញរបស់ប្រទេសមួយ ហើយខកចិត្ត ព្រោះគាត់យល់ទៅលើតម្លៃរបស់គាត់មួយតើ។ ប៉ុន្ដែអ្វីដែលយើងធ្វើ មិនមែនសំដៅថា គេមិនទទួលការបោះឆ្នោតឯណា ដូចជា មិនមានអីយើងត្រូវបារម្ភទេ។ […] ៥២ប្រទេសបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា តំណាងឲ្យមនុស្ស៤ពាន់លាននាក់នៅលើដែនដីទាំងមូលនៃ៦ពាន់លាននាក់។ អ្វីៗ សំខាន់បំ    ផុតៗ អធិបតេយ្យភាព និងការទទួលស្គាល់លទ្ធផលការបោះឆ្នោតពីប្រជាជនកម្ពុជា»។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា រដ្ឋាភិបាលកម្ពុជាគួរតែពិចារណក្ដីកង្វល់នានារបស់ជប៉ុន ដែលជាម្ចាស់ជំនួយបោះឆ្នោតរបស់កម្ពុជា។ លោកលើកឡើងថា រដ្ឋាភិបាលថ្មី ដែលទទួលរងតែការរិះគន់ និងថ្កោលទោសបែបនេះ នឹងធ្វើឲ្យខូចដល់ទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសផ្សេងទៀតនៅលើឆាកអន្ដរជាតិ។

លោកសំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក
សម្រាប់រដ្ឋាភិបាល យើងគួរពិចារណាយកតាមអនុសាសន៍គេទៅ ពិនិត្យទៅ។​ យើងអាងឡើងថា សេចក្ដីថ្លែងការណ៍នោះ មានលក្ខណៈនយោបាយនោះ វាអត់ត្រឹមត្រូវទេ បានន័យថា យើងអត់ទទួលស្គាល់ការពិត។ ជាទូទៅ ច្បាប់អន្ដរជាតិតែកាលណា រដ្ឋាភិបាលគេអត់ទទួលស្គាល់ បានន័យថា គេមិនមានទំនាក់ទំនងអន្ដរជាតិទេ បានន័យថា រដ្ឋាភិបាលមួយហ្នឹងអត់ស្របច្បាប់ ចង់និយាយឲ្យខ្លី ហើយវាប៉ះពាល់ដល់ទំនងអន្ដរជាតិ ប៉ះពាល់ដល់ជំនួយផង

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី

ការបង្ហាញនូវការខកចិត្តរបស់រដ្ឋាភិបាលជប៉ុននេះ គឺបន្ទាប់ពីក្រុមប្រទេសកាន់របបប្រជាធិបតេយ្យមួយចំនួន បានសំដែងការរិះគន់ និងថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជា ថា គ្មានភាពសេរី និងយុត្តិធម៌នោះទេ ខណៈគ្មានវត្តមានអតីតគណបក្ស សង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងចូលរួមនោះ។

ក្រុមប្រទេសលោកសេរីដែលបង្ហាញការខកចិត្តទាំងនោះ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណដា ញូវសែឡែន បារាំង អាល្លឺមង់ និងអង់គ្លេសជាដើម។ ទោះយ៉ាងណាក៏ដោយ ក៏ប្រទេសមួយចំនួន​ចេញមុខកោតសរសើរការបោះឆ្នោតនៅកម្ពុជា ថា ត្រឹមត្រូវ និងអាចទទួលយកបាន ដូចជា ចិន ឡាវ វៀតណាម និងហ្វីលីពីនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ